អត្ថបទ ៖ Neath
យុទ្ធនាការមនុស្សធម៌របស់ក្រុមហ៊ុន Chamatharn Co., Ltd កាន់តែមានសន្ទុះស្វាហាប់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការដឹកនាំយកនូវអំណោយជាប្រភេទថ្នាំពេទ្យសម្រាប់ព្យាបាលបឋម ជូនតាមបណ្ដារខណ្ឌនីមួយៗទាំង14 ក្នុងរាជធានីភ្នំពេញ។ កិច្ចទទួលស្វាគមន៍នេះត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2021 នេះ ក្រោមអធិបតីភាព ឯក ឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌ, លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សា, លោក សែម ដារិន្ទ រដ្ឋបាលខណ្ឌ និង លោក កេត រតនា នាយករងផ្នែករដ្ឋបាល ផ្ដល់កិត្តិយសចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ TV5 និង លោក Apichart តំណាងក្រុមហ៊ុន Chamathart Premium Ice។
ឯកឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានមានប្រសាន៍ថា ពិតជារំភើបនិងសប្បាយរីករាយដែលបានថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ក៏ដូចជាលោកអគ្គនាយកក្រុមហ៊ុន Chamatharn ដែលមានទឹកចិត្តចែករំលែកនូវសកម្មភាពមនុស្សធម៌មកដល់ខណ្ឌដែលមានលោកជាអ្នកគ្រប់គ្រង រួមទាំងខណ្ឌផ្សេងៗទៀតក្នុងរាជធានី។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ ស្ថាប័នទាំង2ខាងលើដែលបានយកចិត្តទុក្ខដាក់ចុះមកសួរសុខទុក្ខក៏ដូចជាដឹកនាំជាអំណោយថ្នាំសង្កូវដ៏មានគុណតម្លៃនិងអត្ថប្រយោជន៍ជូនដល់ខណ្ឌរបស់លោក ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងជួបប្រទះនូវបញ្ហាជម្ងឺកូវីដ19។ មិនតែប៉ុណ្ណោះ ការផ្ដល់ជាអំណោយនេះពិតជាមានសារៈសំខាន់ និងជាជំនួយមួយផ្នែកដែលអាចជួយសម្រួលដល់រដ្ឋបាលខណ្ឌយើងឱ្យមានលទ្ធភាព និងប្រើប្រាស់ក្នុងតម្រូវការចាំបាច់សម្រាប់បុគ្គលិកក្នុងអង្គភាព។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះការយោគយល់របស់ក្រុមការងារទាំងអស់ដែលបានសហការណ៍ក្នុងការរៀបចំធ្វើពិធីនេះឡើងយ៉ាងស្ងប់ឋ្ងាត់ ដោយគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល 3កុំ3ការពារ ដើម្បីជៀសផុតពីជម្ងឺឆ្លងកូវីដ19។
លោក Apichart Duane-Art បានលើកឡើងថា អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) គម្រោងនឹងប្រគល់ជូនសរុបរួមមាន 12000ឈុត និងធ្វើការប្រគល់ជូនឱ្យបានគ្រប់14ខណ្ឌក្នុងរាជធានីភ្នំពេញ និងបន្តដឹកនាំជូនដល់ខណ្ឌមួយចំនួននៅក្នុងក្រុងតាខ្មៅផងដែរ។ ក្នុងនោះមួយខណ្ឌៗគឺទទួលបបានចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។ នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។