អត្ថបទ ៖ Neath

យុទ្ធនាការមនុស្សធម៌របស់ក្រុមហ៊ុន Chamatharn Co., Ltd កាន់តែមានសន្ទុះស្វាហាប់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការដឹកនាំយកនូវអំណោយជាប្រភេទថ្នាំពេទ្យសម្រាប់ព្យាបាលបឋម ជូនតាមបណ្ដារខណ្ឌនីមួយៗទាំង14 ក្នុងរាជធានីភ្នំពេញ។ កិច្ចទទួលស្វាគមន៍នេះត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី 17ខែមិថុនា ឆ្នាំ 2021 នេះ ក្រោមអធិបតីភាព ឯក ឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ រួមទាំងបុគ្គលិកថ្នាក់ខ្ពស់មួយចំនួន ផ្ដល់កិត្តិយសចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ TV5 និង លោក Apichart តំណាងក្រុមហ៊ុន Chamatharn Premium Ice។

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌជ្រោយឬស្សីកែវ បានមានប្រសាន៍ថា ពិតជាមានមោទនភាពចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ក៏ដូចជាលោកអគ្គនាយកក្រុមហ៊ុន Chamatharn ដែលមានទឹកចិត្តចែករំលែកនូវសកម្មភាពមនុស្សធម៌មកដល់ខណ្ឌដែលមានលោកជាអ្នកគ្រប់គ្រង រួមទាំងខណ្ឌផ្សេងៗទៀតក្នុងរាជធានី។ ឯកឧត្តមបានលើកឡើងថា ថ្វីត្បិតបុគ្គលិកនៅក្នុងអង្គភាពចំនួន3 នាក់បានរងនូវផលប៉ះពាល់នៃជម្ងឺកូវីដ តែត្រូវបានទទួលការព្យាបាលសះស្បើយ និង 30 នាក់ផ្សេងទៀតក៏រួចផុតពីការធ្វើចត្តាឡីស័ក្ក ក៏ខាងសាលាខណ្ឌយើងនៅតែរឹតបណ្តឹងនូវការអនុវត្តិតាមគោលការណ៍ 3កុំ3ការពាររប់រាជរដ្ឋាភិបាលកាន់តែខ្លាំងដើម្បីសុវត្ថិភាព និង សុខសុវត្តិភាព។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ ស្ថាប័នទាំង2ខាងលើដែលបានយកចិត្តទុក្ខដាក់ចុះមកសួរសុខទុក្ខក៏ដូចជាដឹកនាំជាអំណោយថ្នាំសង្កូវដ៏មានគុណតម្លៃនិងអត្ថប្រយោជន៍ជូនដល់ខណ្ឌរបស់លោក ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងជួបប្រទះនូវបញ្ហាជម្ងឺកូវីដ19។ មិនតែប៉ុណ្ណោះ ការផ្ដល់ជាអំណោយនេះពិតជាមានសារៈសំខាន់ និងជាជំនួយមួយផ្នែកដែលអាចជួយសម្រួលដល់រដ្ឋបាលខណ្ឌយើងឱ្យមានលទ្ធភាព និងប្រើប្រាស់ក្នុងតម្រូវការចាំបាច់សម្រាប់បុគ្គលិកក្នុងអង្គភាព។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះការយោគយល់របស់ក្រុមការងារទាំងអស់ដែលបានសហការណ៍ក្នុងការរៀបចំធ្វើពិធីនេះឡើងយ៉ាងស្ងប់ឋ្ងាត់ ដោយគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល 3កុំ3ការពារ ដើម្បីជៀសផុតពីជម្ងឺឆ្លងកូវីដ19។

លោក Apichart Duane-Art បានលើកឡើងថា អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) គម្រោងនឹងប្រគល់ជូនសរុបរួមមាន 12000ឈុត និងធ្វើការប្រគល់ជូនឱ្យបានគ្រប់14ខណ្ឌក្នុងរាជធានីភ្នំពេញ និងបន្តដឹកនាំជូនដល់ខណ្ឌមួយចំនួននៅក្នុងក្រុងតាខ្មៅផងដែរ។ ក្នុងនោះមួយខណ្ឌៗគឺទទួលបបានចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។ នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here