បណ្តា តារាលេចធ្លោមួយចំនួន ដែលគេបានស្គាល់ហើយ ជាតារាសម្តែងអាជីពបាន រួមដៃសហការគ្នាបំពេញការងារថតបទចម្រៀងជាខ្សែរឿង«ស្នេហាឆ្លងជាតិវគ្គ២»គួរអោយភ្ញាក់ផ្អើល។ នេះជាការខិតខំ របស់ស្ថាបនិកគ្រួសារតារាកម្ពុជា និង ផ្ទះតារា ជាមួយនឹងដៃគូ ដោយមានការសហការជាមួយនឹងតារាចាស់ថ្មីដើម្បីអោយស្នាដៃថ្មីនេះ លេចធ្លោនិងទទួលបានការគាំទ្រពីទស្សនិកជន។
ទស្សនិកជនដែលបានតាមដាន សកម្មភាពថតនេះ កំពុងតែទន្ទឹងរង់ចាំមើលថាតើ សាច់រឿងទាំងមូលនៃផ្ទៃរឿងនេះ មានខ្លឹមសារ សុីជម្រៅបែបណាក្នុងឈុតឆាកនីមួយៗ។ ម្ល៉ោះហើយទើបចង់ អោយមានការចាក់ផ្សាយឆាប់ៗលើផេកផ្ទះតារា ដើម្បីមើលពីសមត្ថភាពតួអង្គសម្តែងថាខ្លាំងដល់កម្រិតណា។ តារាដែលពួតដៃគ្នាសម្តែងសុទ្ឋតែគេស្គាល់ចម្រុះនាពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមាន អ្នកនាង ស្វែង សុជាតា, អ្នកនាង ឆ័យលី ដាឡែន, លោកជំទាវរីយ៉ា ត្រាណេ, អ្នកនាង សុខ លីន, អ្នកនាង យិន ស្រីពៅ , លោក MC សុខ វិសាល, លោក ឃីម រតនៈ, លោក រុន ណាកូ, លោក ផាត់តាភូ, កញ្ញា ណានណាន កូនស្រីបង្កើត អ្នកនាង អ៊ីត, ប្អូនស្រី សូហ្វីរ៉ា ហៅលូស៊ី កូនខ្មែរកាត់រុស្ស៊ី, លោក MC វុទ្ធី, លោក មាស សៀវប៉ាយ, អ្នកនាង សច័ន្ទ ដានី និងតារាមួយចំនួនទៀត។
គួរបញ្ជាក់ថា ខ្សែរឿង”ស្នេហាឆ្លងជាតិ វគ្គ២” គឺជារឿងដែលផលិតដោយលោក ផាត់ តារាស្ថាបនិកគ្រួសារតារាកម្ពុជា បន្ទាប់ពីវគ្គ១ កំពុងដំណើរការផ្សាយលើផេកផ្ទះតារា។ ខ្សែរឿងវគ្គ២នេះ គឺប្លែកពីវគ្គ១ ត្រង់តារាសម្ដែងសុទ្ធសឹងតែអ្នកល្បីៗ ហើយជារឿង ដែលចូលរួមថត និង ដឹកនាំសម្ដែង ដោតក្រុមអ្នកជំនាញពីផលិតកម្មអាជីព។ លោក ផាត់ តារារដ្ឋ បញ្ជាក់ថា ខ្សែរឿង គឺជាការពួតដៃគ្នា រវាងផ្ទះតារា, គ្រួសារតារាកម្ពុជា, BN Production, ស្រីនីនសម្អាងការ និង ភូមិផ្កាត្រកួន ដែលបានផ្ដល់ទីតាំង។ នេះក៏ជាសមិទ្ធិផលធំមួយ ក្នុងការចូលរួមលើកស្ទួយក្នុងវិស័យភាពយន្តខ្មែរផងដែរ។





































