ភ្នំពេញ៖ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គម ពិសេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសក្នុងការផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវសាប៊ូលីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបានប្រើប្រាស់។

ការប្រកាសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះគ្រាដែល ក្រុមហ៊ុនសាប៊ូលីប៉ាយ បានរៀបចំកម្មវិធីសប្បុរសធម៌ក្នុងបរិវេណវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ក្រោមវត្តមានតំណាងមន្ត្រីសាលាខណ្ឌច្បារអំពៅ តំណាងក្រុមហ៊ុន គណនាយក និងលោកគ្រូអ្នកគ្រូ។

លោក ម៉ាន់ ពន្លឺពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាមវិធានការនៃការចូលរួមការបង្ការ ទប់ស្កាត់ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលលើវិធានការ “៣កុំ ៣ការពារ” និងការគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មី។ ដោយមើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់នៃការប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតដៃ និងសាប៊ូសម្អាតអនាម័យក្នុងបន្ទប់ទឹក ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូទាំងនេះទៅកាន់គ្រឹះស្ថានសិក្សាទាំងអស់អាចប្រើប្រាស់បានតាមតម្រូវការភ្លាមៗផងដែរ។ លោកបានគូសបញ្ជាក់ដែរថា គម្រោងផ្តល់ជូននេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃប្រកាសនេះតទៅ។

លោកតំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ រំពឹងដែរថា ការផ្តល់ជូននេះនឹងបានចូលរួមចំណែកយ៉ាងសំខាន់ និងចូលរួមគាំទ្រការពារធានាសុខមាលភាពរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយសាប៊ូទាំងនេះអាចប្រើប្រាស់បានក្នុងកន្លែងលាងដៃ និងកន្លែងដែលមានមនុស្សចេញចូលញឹកញាប់ដូចជាបន្ទប់ទឹក ដែលសាលាបានរៀបចំសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូ។

លោកម៉ាន់ ពន្លឺពេជ្រ បានរំពឹងផងដែរថា ការផ្តល់ជូនដល់គ្រឹះស្ថានសិក្សានានានូវសាប៊ូនេះនឹងចូលរួមចំណែកជួយសម្រួល និងបង្កើនអនាម័យតាមគ្រឹះស្ថានឲ្យកាន់តែល្អប្រសើរឡើងផងដែរ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុនអាចចូលរួមចំណែកជួយដល់សង្គមវិញផងដែរ។

ក្នុងពិធីប្រគល់ទទួលសាប៊ូលីប៉ាយនៅវិទ្យាល័យច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ខែកញ្ញា នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់ទុកថា ការផ្តល់ក្រុមហ៊ុន សាប៊ូលីប៉ាយនេះជាការចូលរួមចំណែករបស់ផ្នែកឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាតត្បាតមេរោគកូវីត១៩ ។ លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានថ្លែងកោតសរសើរ ដល់គុណបំណាច់របស់សម្តេចតេជោ មិនត្រឹមតែជួយរំដោះជីវិតប្រជាពលរដ្ឋកម្ពុជាពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ថែមទាំងបានការពារអាយុប្រជាពលរដ្ឋកម្ពុជា តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ដែលមកដល់ពេលនេះ ស្ទើរតែគ្រប់១០០ភាគរយ នៅទូទាំងប្រទេស។
បើតាមលោកចេង មុនីរ៉ា បានឲ្យដឹងថា ក្នុងខណ្ឌច្បារអំពៅ មានវិទ្យាល័យចំនួន៤ និងអនុវិទ្យាល័យចំនួន៤ នឹងបើកដំណើរជាលើកដំបូងនៅថ្ងៃទី១៥ ខែកញ្ញា។ ជាមួយនេះដែរ លោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូបង្កើតការអនុវត្តវិធានការណ៍ “៣កុំ ៣ការពារ” និងជំរុញសិស្សានុសិស្ស ឲ្យធ្វើការលាងដៃជាប្រចាំជាមួយសាប៊ូដែលក្រុមហ៊ុនលីប៉ាយបានចែកជូន។
គួរបញ្ជាក់ផងដែរថា សាប៊ូ លីប៉ាយ កំពុងចរាចរយ៉ាងជោគជ័យនៅលើទីផ្សារ។ ទំនាក់ទំនងព័ត៌មាន 096 678 5551

LEAVE A REPLY

Please enter your comment!
Please enter your name here