មកទល់ពេលនេះគេចាប់អារម្មណ៍ថា អតីតកីឡាករប្រដាល់ និងជាអតីតកីឡាតេក្វាន់ដូកម្ពុជាលោក ស៊ន អេលីត កាន់តែជោគជ័យក្នុងអាជីពជាគរូបង្វឹកចាប់តាំងបើកក្លិបប្រដាល់។ លោកក៏សកម្មនឹងការងាររៀបចំការប្រដាល់ ធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងវិស័យប្រដាល់កាន់តែមានការឈានឡើងផងដែរ រហូតធ្វើអោយអ្នកខ្លះស្មានថាលោកបោះបង់តួនាទីជាកងអង្គរក្សទៅហើយ ដោយសារតែការងារនោះក៏ទទួលខុសត្រូវខ្លាំងផង។
មកទល់ពេលនេះ លោក ស៊ន អេលីត ត្រូវគេមើលឃើញជោគជ័យកាន់តែខ្លាំង ទាំងការងារលើកស្ទួយការប្រដាល់ និង ការងារជាអង្គរក្សការពារឥស្សរជនជាន់ខ្ពស់ ដែលជាមេដឹកនាំពិភពលោកកំពូលៗ និងបុគ្គលល្បីៗ ដែលមកទស្សនកិច្ចនៅកម្ពុជា។ ការងារមួយនេះ មិនស្រួលនោះទេ ជាពិសេសនៅពេលបើភ្លាត់អោយមានរឿងអ្វីកើតឡើងលើឥស្សរជនណាម្នាក់។ លោកនៅតែបញ្ជាក់ថា ការងារនោះពិបាក តែលោកមិនបោះបង់ទេ បើទោះជាលោកកាន់តែជោគជ័យខ្លាំងនៅក្នងវិស័យប្រដាល់ ដោយមានសប្បុរសជនទ្រទ្រង់សកម្មភាពកាន់តែច្រើននោះ។
ស៊ន អេលីត បញ្ជាក់ថា បច្ចុប្បន្នលោកគឺជាគ្រូបង្ហាត់ប្រដាល់ផង និង នៅតែបន្តការងារជាអង្គរក្សដដែលទេ។ លោកបានធ្វើជាអង្គរក្សការពារថ្នាក់ដឹកនាំកំពូល ឥស្សរជនល្បីៗបែបនេះ ប្រមាណជា៧ឆ្នាំហើយ។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកបានការពារថ្នាក់ដឹកនាំកំពូល ឥស្សរជនល្បីៗជាច្រើននាក់ដូចជាលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao, រាជបុត្រីស្តេចថៃ Mah Chakri Sirindhorn, លោកនាយករដ្ឋមន្ត្រីថៃ ចាន់អ៊ូចា លោកប្រធានាធិបតីចិន Xi Jinping លោកនាយករដ្ឋមន្ត្រីចិន Li Keqiang, លោកប្រធានាធិបតីសិង្ហបុរី Tony Tan នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីរុស្ស៊ី ប្រធានាធិបតីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីកូរ៉េខាងត្បូងជាដើម ពោលគឺរៀបរាប់មិនអស់។ លោកនិយាយថា អត់ឈប់ទេព្រោះស្រលាញ់ ហើយបើទោះជាភារកិច្ចនេះពិបាក តែនោះគឺជាការងារដែលលោកស្រលាញ់។ លោកថា ក្នុងនាមជាអង្គរក្សគឺពិបាកនិយាយថា ស្រួល ឬពិបាកណាស់សម្រាប់ការងារនេះ ប៉ុន្តែជាតួនាទីដែលទទួលខុសត្រូវខ្ពស់ចំពោះមុខមាត់ប្រទេសជាតិសម្រាប់ភ្ញៀវបរទេស ពេលលោកត្រូវការពារម្ដងៗ។ តួនាទីនេះគឺត្រូវតែដឹងកាលវិភាគនៃកម្មវិធីគ្រប់ទាំងអស់ ហើយរៀមចំខ្លួនឲ្យរួចរាល់គ្រប់ពេលវេលាទាំងយប់-ថ្ងៃ ដើម្បីឈរចាំគ្រប់ពេលវេលា មុនពេលភ្ញៀវចាប់ផ្ដើមកម្មវិធី។ អ្វីដែលសំខាន់គឺតួនាទីត្រូវការពារ ប៉ុន្តែមិនត្រូវសួរនាំអ្វីទាំងអស់ដល់ភ្ញៀវ។ លោកថា វាជាមុខមាត់ប្រទេសជាតិដែលថ្នាក់ដឹកនំា និងរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តដល់ក្រុមការពារភ្ញៀវ ដែលមានលោកនៅក្នងនោះ។ គ្រប់វិនាទី គ្រប់គ្រងពេលវេលាត្រូវប្រុងប្រយ័ត្នជានិច្ច ហើយមិនមែនគ្រាន់តែដើរអមតែម្យ៉ាងទេ គឺត្រូវរវាស និងបត់បែនអោយលឿនបំផុត។ កត្តាដែលធ្វើឲ្យលោកទទួលបានការងារជាអង្គរក្សនេះគឺដោយសារលោកមានកាយសម្បទាមាំមួន មាឌធំខ្ពស់ និងជាអតីតកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាតេក្វាន់ដូ ព្រមទាំងធ្លាប់ជាអ្នកប្រដាល់ថែមទៀត។ ជាពិសេសទៀតនោះ លោកបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញអង្គរក្សត្រឹមត្រូវ ដូច្នេះហើយទើបបានជាថ្នាក់លើផ្តល់ឱកាសដល់លោករហូតសព្វថ្ងៃ។ តែលោកក៏បារម្ភផងដែរ ព្រោះការងារនេះ ត្រូវការភាពមាំមួនណាស់ គឺវ័យ និង សុខភាពជារឿងសំខាន់បំផុត។