មានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីកូនស្រីពៅរបស់ម្ចាស់ហាងបូរ៉ានិច្ច គឺកុមារី ពៅ សារ៉ានីតា ស្រាប់តែមានឱកាសក្លាយខ្លួនជាទូតសុឆន្ទៈពេញសិទ្ធិរបស់ក្រុមហ៊ុនបុរីធំមួយនៅរាជធានីភ្នំពេញ ដោយត្រូវបានក្រុមហ៊ុនកុងត្រា៣ខែហើយផ្ដល់តម្លៃខ្លួនអោយខ្ពស់គួរសម ដែលអាចអោយនាងតូចរូបនេះយកលុយទៅបង់ថ្លៃសិក្សាបានមួយផ្នែក នៅសាលាអន្តរជាតិ ដែលត្រូវបានគេដឹងថាមានតម្លៃជាង៥ពាន់ក្នុងមួយឆ្នាំ។ តំណែងដែលនាងតូចទទួលបាន ក៏ត្រឹមតែប៉ុន្មានថ្ងៃក្រោយពីនាងត្រូវបានផលិតករជនជាតិបារាំងមួយក្រុម ជ្រើសអោយសម្ដែងជាតួក្មេងស្រី នៅក្នុងភាពយន្តមួយ បន្ទាប់ពីអញ្ជើញអោយទៅធ្វើតេសសម្ដែង។
អ្នកស្រី បូរ៉ានិច ម្ចាស់ហាងបូរ៉ានិច្ចកាត់ដេរ អគ្គនាយិកាក្រុមហ៊ុន BN Event និងជាម្ដាយបានថ្លែងបញ្ជាក់ថា សារ៉ានីតា ទើបតែបានកុងត្រាអោយក្លាយជាតារាសម្ដែងក្រោមការដឹកនាំរបស់ផលិតករបារាំងក្ដៅៗសោះ ស្រាប់តែត្រូវក្រុមហ៊ុនបុរី រចនា ដែលមានទីតាំងនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ជ្រើសអោយក្លាយជាទូតសុឆន្ទៈរហូតដល់ពេញរយៈពេល៣ខែ។ តួនាទីជា Brand Ambassader ក្នុងរយៈពេល៣ខែនេះ កូនស្រីរបស់អ្នកស្រី ត្រូវបានក្រុមហ៊ុនតម្រូវអោយថតផ្សាយពីបុរី ដោយខាងក្រុមហ៊ុននឹងរូបថត និងរូបវីដេអូរបស់កូនស្រី បង្ហោះលើផេក ពេញរយៈពេល៣ខែ។
គួរបញ្ជាក់ផងដែរថា កុមារី ពៅ សារ៉ានីតា គឺជាក្មេងស្រីវ័យ៨ឆ្នាំ និង ជាកូនស្រីពៅតែម្នាក់របស់ម្ចាស់ហាងកាត់ដេរបូរ៉ានិច ដោយនាងមានដុងផ្នែកសិល្បៈតាំងពីវ័យក្មេងតែម្ដង។ នាងចូលចិត្តច្រៀង ចូលចិត្តរបាំ និង សម្ដែង ដោយមុនក្លាយជាតួសម្ដែងក្នុងរឿងរបស់ផលិតករបារាំង និង ជាទូតសុឆន្ទៈនៅក្នុងពេលនេះ នាងតូចក៏ជាតារាម៉ូដែលមួយរូប ដែលតែងតែបង្ហាញសកម្មភាពក្នុងកម្មវិធី រាត្រីកម្សាន្ត របស់ CTN នាពេលកន្លងមក។