បន្ទាប់ពីលេចវត្តមានវាយលុកទីផ្សារចម្រៀង គេកត់សម្គាល់ថា ផលិតកម្មថ្មី Davitra Media ប្រមែប្រមូលបានតារាចម្រៀងដែលមានសំលេងជាច្រើនអោយក្លាយជាសមាជិកក្រុមចម្រៀង។ ក្នុងនោះតារាចម្រៀងម្នាក់ៗ ក៏ត្រូវបានផលិតកម្មសម្រុកចេញបទអោយច្រើនៗផងដែរ។ យ៉ាងណាមិញ គេមើលឃើញថា ក្នុងចំណោមតារាចម្រៀងទាំងអស់ កញ្ញា វឿន ជីវ៉ា ហាក់មានយីអ៊ុនឆាបឆក់បានការគាំទ្រជាងគេ ដោយបទភាគច្រើនរបស់នាងគឺមានអ្នកស្ដាប់ច្រើន ហើយរុញអោយនាងចាប់ផ្ដើមល្បី។ ជាក់ស្ដែងចម្រៀងមួយបទរបស់នាង ដែលទើបតែចេញ MV គឺបទ “ថែខ្លួនផង ពេលគ្មានខ្ញុំនៅក្បែរ” ចាក់វ៉ាក់សាំងមនុស្សក្បត់ គឺកំពុងល្បីងំ នៅលើបណ្ដាញសង្គម ដោយនៅក្នុងបណ្ដាញអ្នកលេង Tik Tok បានយកបទនេះ មកសម្ដែងត្រាប់តាម និង ដាក់នៅក្នុងវីដេអូរបស់ខ្លួនយ៉ាងផុលផុស ទាំងអ្នកខ្លះមិនស្គាល់ថាបទនេះ ជាទឹកដមសំលេងរបស់កញ្ញា វឿន ជីវ៉ា និង ជាបទដែលផលិតដោយផលិតកម្ម Davitra នោះផង។ អ្នកគាំទ្រមិនតិចទេ មើលឃើញថា វឿន ជីវ៉ា កំពុងក្ដោបឱកាសក្លាយជាតួឯកស្រី ដូចគ្នានឹង តន់ ច័ន្ទសីម៉ា ដែលត្រូវគេលើកអោយក្លាយជារាជិនី នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីផងដែរ។ នៅលើបណ្ដាញសង្គមគេឃើញបទរបស់នាងច្រើនណាស់ ទទួលបានការគាំទ្រ ដោយសារតែនាងបានច្រៀងបទល្អ ហើយអាចថាបណ្ដាលមកពីបទដែលខាងផលិតកម្មទម្លាក់អោយនាងទទួលបានការគាំទ្រក្នុងភាគច្រើនស្ទើរគ្រប់បទ ទើបធ្វើអោយផលិតកម្មនេះ សម្រាំងតែបទល្អៗ ដើម្បីបំបុកអោយនាងក្លាយជាតួស្នូលក្នុងក្រុម។ អ្នកស្ថិតក្នុងជំនាន់ជាមួយនាង កំពុងសរសើរថា នាងមានសំណាង ព្រោះក្រោយពីធ្លាក់ពីកម្មវិធី Xfaxtor ហើយស្ងាត់មួយរយះស្រាប់តែត្រូវផលិតកម្មធំថ្មី យកកុងត្រាច្រៀង និងកំពុងស្មើមុខស្មើមាត់ជាមួយតារាចម្រៀងល្បីៗផ្សេងទៀតនៅក្នុងសិល្បៈពេលនេះ។ ប្រភពពីផលិតកម្ម Davitra ទម្លាយថា តារាទាំងអស់ផលិតកម្មគិតគូស្មើគ្នា ប៉ុន្តែផលិតកម្មក៏ដៅផងដែរ ថាបើតារាចម្រៀងណាគាត់មានប្រជាប្រិយភាពជាងគេ គឺពិតសម្រុកចេញបទមេៗអោយតារាចម្រៀងនោះ ដើម្បីអោយគេឆាប់ស្គាល់ស្នាដៃរបស់ផលិតកម្ម ដោយមិនមែនលើកតារាណាម្នាក់ព្រោះតែភាពលម្អៀងនោះឡើយ។