ការរិះគន់យ៉ាងកញ្ជ្រោលនៅក្នុងបណ្ដាញសង្គមហាក់ក្លាយជាបទពិសោធន៍ជាប្រវត្តិសាស្ត្រចំពោះ លោកគ្រូបណ្ដុះបណ្ដាលពីជំនាញជោគជ័យ លោក សៀវ សុផល ខណៈដែលមានការប៉ាន់ស្មានថា រឿងរ៉ាវដែលលោកបានជួប ទំនងជាធ្វើអោយលោកបាក់ទឹកចិត្ត និង លែងចង់បន្តជួយអ្នកទាល់ច្រកដូចករណីអ្នកនាងខ្ញុងបន្តទៀត។ យ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍មួយតាមសារអេឡិចត្រូនិច លោកគ្រូបានអះអាងថា លោកមិនបាក់ទឹកចិត្តចំពោះរឿងរ៉ាវដែលកើតឡើងទេ ពោលគឺអោយតែមានករណីត្រូវសង្គ្រោះ គឺលោកនឹងនៅតែបន្ត។
លោកគ្រូ សៀវ សុផល បានឆ្លើយយ៉ាងខ្លីថា លោកមិនបានរួមគំនិតឆបោកមងាជនដើម្បីអោយអ្នកនាង ខ្ញុង បានលុយដោះបំណុលនោះទេ ពោលគឺករណីអ្នកនាង ខ្ញុង ជាករណីទ័លច្រកពិតប្រាកដ ហើយដោយសារតែឃើញធ្លាក់ទឹកក៏លោកផ្ដល់យោបល់ដើម្បីអោយអ្នកនាងមានជម្រើសសម្រាប់ដោះស្រាយប៉ុណ្ណោះ។ លោកថាមហាជនយល់ច្រលំថា លោកជាអ្នករៀបគម្រោងអោយអ្នកនាង ខ្ញុង សម្ដែងបោកមហាជន ហើយគាប់ជួនជាមានអ្នកលេងបណ្ដាញសង្គម ក៏យកការអត្ថាធិប្បាយរបស់លោកទៅចែកចាយបំប៉ោង ទើបធ្វើអោយអ្នកខ្លះរិះគន់។ នេះជាករណីលើកដំបូង ដែលលោកបានជួយផ្ដល់យោបល់សង្គ្រោះមនុស្សម្នាក់ដែលទ័លច្រកខ្លាំង អោយមានមធ្យោបាយ តែបែរជាទទួលបានមកវិញនូវការជេប្រមាថ។ លោកទទួលស្គាល់ថា សេវាដោះស្រាយបញ្ហាគឺពិតជាមានជាក់លាក់ណាមួយ ប៉ុន្តែសម្រាប់អ្នកនាងខ្ញុង គឺលោកពេញចិត្តជួយដោយស្ម័គ្រចិត្ត ហើយថវិកាមួយចំនួនដែលអ្នកនាង ខ្ញុង បានជូននោះ គឺអោយទៅកូនសិស្សរបស់លោកដើម្បីអោយកូនសិស្សលោកជួយរៀបឯកសារ និង កាលវិភាគដើម្បីបានជួបលោកប៉ុណ្ណោះ ហើយលោកក៏បានប្រគល់ជូនវិញដែរ ក្រោយពីដឹងថាអ្នកនាងបានអោយមុនជួប។ លោកថាករណី ខ្ញុង ធ្វើអោយលោករងការអាម៉ាស់ តែលោកមិនបាក់ទឹកចិត្តសម្រាប់ការជួយអ្នកទាល់ច្រកក្រោយៗនោះទេ ដោយមិនមែនប្រកាន់ជំហរថាទាល់តែអ្នកមានថវិកាបង់ថ្លៃសេវា ទើបទទួលជួយឡើយ។ លោកក៏នៅតែរក្សាជំហរ ដាក់បណ្ដឹងចំពោះអ្នកបញ្ចេញយោបល់ធ្ងន់ធ្ងរ ដែលមានខ្លឹមសារញុះញង់ និង បង្កអោយមានការរើសអើងចំពោះលោកដដែល ដើម្បីបង្ហាញសាធារណៈជនថា ការបញ្ចេញយោបល់ដែលលើសពីការទទួលបានគឺត្រូវតែមានការទទួលខុសត្រូវ៕