បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងពិធីចែកអំណោយទ្រង់ទ្រាយធំមួយនៅសាលាដូងគីរីរម្យ កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១ លោកស្រី សុង ស្រីនាង ម្ចាស់ហាងគ្រឿងសង្ហារឹមដ៏ល្បី យីហោ ព្រះខ័នប្ញទ្ធិគ្រឿងសង្ហារឹម ក៏បង្ហាញនូវការឈឺឆ្អាលផងដែរ ដោយលោកស្រីបានបញ្ជាក់ក្រោយបញ្ចប់ពិធីដូចគ្នានឹងដៃគូសប្បុរសធម៌នាថ្ងៃនោះថា លោកស្រីសប្បាយចិត្តដែលបានឃើញស្នាមញញឹមរបស់អ្នកទទួលជំនួយ។ ប៉ុន្តែកង្វះខាតរប់សាលាដូង នៅលើភ្នំនោះ ក៏ធ្វើអោយលោកស្រីតាំងចិត្តថានឹងបន្តជួយ និង ចំណាយពេលអំពាវនាវអោយមានការយកចិត្តទុកដាក់ដល់សាលាដែលបង្រៀនក្មេងដោយមិនគិតថ្លៃនោះផងដែរ ដើម្បីរួមចំណែកផ្ដល់ឱកាសដល់ក្មេងៗ អោយកាន់តែមានលទ្ធភាពសិក្សា។

លោកស្រី សុង ស្រីនាង ដែលត្រូវបានគេស្គាល់ថាកំពុងជោគជ័យក្នុងជំនួញលក់គ្រឿងសង្ហារឹមយីហោព្រះខ័នប្ញទ្ធិរហូតដល់៣សាខាធំៗ បានថ្លែងបញ្ជាក់ថា បើទោះជាមានជំនួយសប្បរសធម៌ជាហូរហែរជួយដល់សាលាដូង ប៉ុន្តែលោកស្រីនៅតែមើលឃើញពីកង្វះខាតរបស់សាលានោះ ដោយសារតែត្រូវផ្គត់ផ្គង់លើប្រាក់ខែបុគ្គលិកផង លើការស្ថាបនាអគារផង និង លើការផ្គត់ផ្គង់ដល់ក្មេងៗស្នាក់នៅ ដែលត្រូវស្នាក់នៅផង។ លោកស្រីថា សាលានេះកំពុងដើរតួជាកន្លែងអប់រំទាំងផ្នែកភាសាខ្មែរ និង បរទេស ដល់ក្មេងៗដោយមិនគិតថ្លៃ ហើយក៏ជាទីតាំងមួយដែលបានបំលែងសំណល់សំរាមដូចជាសំបកកង់ សំបកដប គំរបដប និង កំប៉ុងជាដើម ជាគ្រឿងលម្អរ ដើម្បីជួយដល់បរិស្ថាននៅគីរីរម្យ។ ដូច្នេះដើម្បីអោយសាលាមួយនេះ នៅតែអាចបន្តនិរន្តរភាព គឺលុះត្រាតែមានការយកចិត្តទុកដាក់ពីសប្បុរសជនអោយបានច្រើន។ លោកស្រីថា សប្បាយចិត្តដែលបានដៃគូសហការ គឺលោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន និង ម៉ូលីរីស៊ត និង លោកស្រី ស្រ៊ុន សុភ័ត្រា អគ្គនាយិកាចូលម្លប់ ស្ប៉ា និង សាឡន ផ្ដល់ឱកាសអោយលោកស្រី និង ស្វាមីបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌នាថ្ងៃនោះ ដែលធ្វើអោយលោកស្រីកាន់តែដឹងពីការលំបាករបស់សាលាដូង និង របស់ពលរដ្ឋនៅក្នុងសហគម ដែលក្នុងពេលនេះ គឺនៅតែលំបាក ដោយសារពួកគាត់ពឹងលើការលក់ដូរអោយភ្ញៀវទេសចរណ៍ និង ពឹងលើការងារសំណង់ តែជាក់ស្ដែងគឺវិស័យទាំងនេះ នៅតែមិនទាន់ដើរ។ លោកស្រីអំពាវនាវ ស្រដៀងគ្នានឹងលោកស្រី ថេ ដាឡែន អោយមានការទៅទស្សនានៅគីរីរម្យអោយបានច្រើន ក្រោយពេលបើកប្រទេស និង ស្នើអោយសប្បុរសជន ដែលមានទឹកចិត្តបន្តជួយ និង ជួយដល់សាលាដូងអោយកាន់តែខ្លាំង ដើម្បីជាប្រយោជន៍ដល់កុមារៗ ដែលកំពុងតែស្នាក់នៅរៀនសូត្រនៅទីនោះ។

គួរបញ្ជាក់ផងដែរថា ជំនួយជាច្រើនដែលលោកស្រី ថេ ដាឡែន លោកស្រី សុង ស្រីនាង និង លោកស្រី ស្រ៊ុន សុភ័ត្រា ព្រមទាំងដៃគូអាជីវកម្ម បានដឹកនាំទៅនាពេលនោះ រួមមានអង្ករ និង គ្រឿងឧបភោជបរិភោគ គិតជាថវិការហូតដល់ជាង៧ពាន់ដុល្លារ ដោយបានយកទៅប្រគល់ជូន ដល់សាលាដូងនៅគីរីរម្យ ហើយអោយសាលាគៀងគរពលរដ្ឋប្រចាំសហគម រហូតដល់២៥០គ្រួសារអោយមកទទួល។ ក្នុងមួយគ្រួសារទទួលបានអង្ករមួយមួយបេ មីមួយកេស ត្រីខមួយយួរ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈបន្ថែមមួយកញ្ចប់ អមដោយថវិកា។ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគីរីរម្យ បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះក្រុមសប្បុរសធម៌របស់លោកស្រី ដែលស្រាក់ដៃគ្នាជួយដល់សាលានៅក្នុងថ្ងៃនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here