បាត់មុខពីក្នុងវិស័យចម្រៀងនៅក្នុងស្រុក អតីតម្ចាស់ពានផ្នែកចម្រៀងប្រចាំទូរទស្សន៍បាយ័ន លោក ខែម សារិទ្ធ បានបង្ហាញខ្លួនយ៉ាងគ្រឡើមនៅក្នុងប្រទេសជប៉ុន ដោយគេឃើញលោកជួយដល់សមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន របស់លោកស្រី ឆោម ស្រស់។ ក្រៅពីច្រៀង លោកត្រូវគេដឹងថាបានជួយរៀបចំទម្រង់សិល្បៈ និង បង្ហាត់ច្រៀង ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅលើទឹកដីជប៉ុន។
លោកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន ដែលមានសកម្មភាពខ្លាំងនៅក្រុងហ្វូគូអូកា ប្រទេសជប៉ុន បានថ្លែងបញ្ជាក់ថា លោកស្រី និង ពលករខ្មែរ បើទោះជាមានផលប៉ះពាល់ដោយកូវីត១៩ ក៏នៅតែបន្តរៀបចំកម្មវិធីសិល្បៈ រួមមានផលិតចម្រៀង និង បង្កើតការសម្ដែងផ្សេងៗ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ អោយបរទេស និងជនជាតិជប៉ុនកាន់តែទទួលស្គាល់ផងដែរ។ លោកស្រីថា សមាគមកាន់តែមានមោទនភាព ដែល លោក ខែម សារិទ្ធ អតីតម្ចាស់ពានលេខ១ កម្មវិធីមរតកវប្បធម៌ខ្មែរពានរង្វាន់សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នឹងលោកជំទាវកត្តិព្រឹត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កាលពីឆ្នាំ២០១៦ ដែលបានទៅបំពេញបេសកកម្មនៅក្នុងទឹកដីជប៉ុន ហើយបានស្ម័គ្រចិត្តជួយដល់សមាគម។ លោកកំពុងដើរតួជាគ្រូបង្ហាត់ច្រៀង ជាអ្នករៀបចំទម្រង់សិល្បៈ និង អ្វីដែលពិសេសគឺធ្វើជាតារាចម្រៀងប្រចាំសមាគម ដែលទើបតែបានបញ្ចប់សកម្មភាពថតច្រៀងមួយចំនួន ដើម្បីអោយសមាគមមានសកម្មភាពសិល្បៈកាន់តែរស់រវើក។ ដោយឡែកស្ទើរគ្រប់សកម្មភាពច្រៀងសម្ដែងរបស់សមាគមនាពេលចុងក្រោយ ក៏អតីតម្ចាស់ពានរូបនេះ បានរួមចំណែកជួយយ៉ាងសកម្មផងដែរ។ លោកស្រី ឆោម ស្រស់ បញ្ជាក់ថា កាលពីមុនសមាគមមិនសូវមានអ្នកមានជំនាញសិល្បៈច្បាស់លាស់ជួយជាប់លាប់នោះទេ ដោយសកម្មភាពសិល្បៈក៏ជួបឧបសគ្គ ដោយសារលោកស្រី និង ក្រុមការងារដែលមានតែគំនិត ពេលខ្លះក៏ខ្វះគំនិត តែនៅពេលបានអ្នកច្បាស់ផ្នែកសិល្បៈណាមួយ ដូចជាលោក ខែម សារិទ្ធ មកជួយបែបនេះ គឺធ្វើអោយលោកស្រី និង ក្រុមការងារសប្បាយចិត្ត និង កាន់តែមានគំនិតបង្កើតគម្រោងសិល្បៈនៅលើទឹកដីជប៉ុន ជាពិសេសគឺកម្មវិធីប្រលងចម្រៀងនាពេលខាងមុខ៕