មានការភ្ញាក់ផ្អើលមិនតិចឡើយ បន្ទាប់ពីពិធីករ Vj តាប៊ុយ ដែលគេសង្ស័យថាស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្តទៅបុកជាមួយរថយន្តតូយ៉ូតាព្រូសដែលកំពុងឈប់រង់ចាំភ្លើងស្តុបពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហើយមិនព្រមឈប់ដោះស្រាយ បែរជាបន្ថែមល្បឿនបើករត់គេច ក៏ត្រូវម្ចាស់រថយន្តរងគ្រោះ រួមនឹងប្រជាពលរដ្ឋជួយដេញឃាត់ បង្កការភ្ញាក់ផ្អើលពេញដងផ្លូវ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខផ្សារទំនើបបាយ័ន ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។យោងតាមការចុះផ្សាយរបស់កាសែតកោះសន្តិភាព រថយន្តបង្ករបស់ តាប៊ុយ ជាប្រភេទរថយន្តម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-8809 រងការខូចខាតខ្ទេចមួយកំណាត់ខាងឆ្វេង និងបែកធុងទឹក ដែលបើកបរដោយអតីតពិធីករ និងជាអ្នករៀបចំកម្មវិធីនៅស្ថានីយទូរទស្សន៍ CNC មានឈ្មោះថា Vj តាប៊ុយ ។
បើតាមប្រភពពីម្ចាស់រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារី៣នាក់ទៀត បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុចំណុចភ្លើងស្តុបលោតពណ៌ក្រហម គាត់ក៏ឈប់រថយន្ដរង់ចាំភ្លើងស្តុប។
ម្ចាស់រថយន្តរងគ្រោះខាងលើបន្តថា ភ្លាមៗនោះ ក៏មានរថយន្តបង្កខាងលើ ធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿន ក៏មកបុករថយន្តរបស់គាត់ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបែកស្តុប និងក្រពិតរួញស្រុញមួយកំណាត់ក្រោយ ចំណែករថយន្តបង្កវិញ បែកស្តុបខាងឆ្វេង ក្រពិតកាង និងបែកធុងទឹក រងការខូចខាតដូចគ្នា ។ បន្ទាប់ពីបង្កហេតុរួច រថយន្ដបង្កមិនព្រមឈប់ដោះស្រាយនោះទេ និងបន្ថែមល្បឿនបើករត់គេចខ្លួនទៀត លុះមកដល់មុខផ្សារទំនើបបាយ័ន ក៏ត្រូវម្ចាស់រថយន្តតូយ៉ូតាព្រូស តាមមកឃាត់ជាប់ បង្កការភ្ញាក់ផ្អើលពេញដងផ្លូវតែម្តង។ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កគ្រប់គ្រងស្មារតីខ្លួនឯងលែងបាន ក៏ដើរចាប់ទាញទូរស័ព្ទគេពេញដងផ្លូវ ហើយក៏ត្រូវសមត្ថកិច្ចឃាត់នាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក រួចទាក់ទងហៅសាច់ញាតិ ដើម្បីមកដោះស្រាយជំនួស ដោយខាងរថយន្តបង្កសងការខូចខាតទៅកាន់រថយន្តតូយ៉ូតាព្រូសចំនួន500ដុល្លារ ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលស្រះចកតែម្តង ៕
ខ្លឹមសារទាំងស្រុង ដកស្រង់ពីកោះសន្តិភាព