យោងតាមការបញ្ជាក់របស់លោក កាន់ លក្ខណ៍ អគ្គនាយកក្រុមហ៊ុន ខ្មែរសែលហ្វី បានអះអាងថា មកទល់ពេលនេះ ក្រុមហ៊ុនខ្មែរសែលហ្វី បានពង្រីកអាជីវកម្មបាន៣ប្រភេទផ្សេងគ្នាហើយគិតត្រឹមចុងឆ្នាំ២០២១នេះ។ បុត្រសម្ព័ន្ធទាំង៣ របស់ក្រុមហ៊ុនខ្មែរសែលហ្វីនោះរួម ក្រុមហ៊ុនខ្មែរសែលហ្វី ទេសចរណ៍ ដែលជោគជ័យច្រើនឆ្នាំមកហើយក្នុងសេវាកម្មដើរកម្សាន្ត ក្រុមហ៊ុនខ្មែរសែលហ្វីជួលរថយន្តទេសចរណ៍ និង រថយន្តគ្រប់ប្រភេទ និង ក្រុមហ៊ុនដែលទើបតែបង្កើតឡើងថ្មីនេះ គឺក្រុមហ៊ុនខ្មែរសែលហ្វី Express ដែលទទួលបញ្ញើនៅទូទាំងប្រទេស និង ទទួលបញ្ញើទៅក្រៅប្រទេស។ ក្រុមហ៊ុនទាំង៣ របស់ខ្មែរ សែលហ្វីនេះ កំពុងទទួលបានជោគជ័យព្រមគ្នា ដោយសារតែគ្រប់សេវាកម្មដែលលោកបង្កើតឡើងគឺសុទ្ធតែមានការទទួលស្គាល់ និង ការគាំទ្រ។ លោក កាន់ លក្ខណ៍ បញ្ជាក់ថា លោកគ្រាន់តែជាក្មេងវត្តរស់នៅធំធាត់ដោយអសស្រ័យទីអារ៉ាម ក្នុងពេលសិក្សារៀនសូត្រតែប៉ុណ្ណោះ តែដោយសារការតស៊ូ ទើបលោកប្រែក្លាយខ្លួនពីក្មេងដែលរស់ដោយសារបាយវត្ត ហើយក្លាយជាថៅកែដូចបច្ចុប្បន្ន។ លោកកាន់តែមានមោទនភាព ដែលក្រុមហ៊ុនរបស់លោកសុទ្ធតែឆ្លងកាត់វិបត្តិកូវីតដ៏ធ្ងន់ធ្ងរដូចគេឯងដែរ តែលោកនៅអាចដំណើរការក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធយ៉ាងរលូន ដោយនៅតែផ្ដល់ការងារជូនដល់កូនខ្មែរ និង អ្នកជំនាញ ដែលជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន។ ជាមួយនឹងឱកាសជោគជ័យលើក្រុមហ៊ុនខ្មែរសែលហ្វីទេសចរណ៍ និងជួលរថយន្ត ទើបលោកឈានទៅដំណើរការក្រុមហ៊ុនទទួលបញ្ញើរមួយផ្សេងទៀត ស្របពេលដែលក្រុមហ៊ុនទេសចរណ៍ក៏បង្កើនទីតាំងកាន់តែច្រើននៅទូទាំងភ្នំពេញ និង ច្រើនៗកន្លែងស្ទើរគ្រប់ខេត្ត។ សេវាកម្មថ្មីនេះ បានទទួលជោគជ័យ ទាំងមិនទាន់បើកសម្ពោធ ដោយសារតែទំនុកចិត្តដែលក្រុមហ៊ុនខ្មែរសែលហ្វីទេសចរណ៍ ដែលទទួលបានការគាំទ្ររួចមកហើយ។ លោកថាអតិថិជន ដែលដាក់បញ្ញើឥវ៉ាន់ នៅគ្រប់សាខារបស់ ខ្មែរសែលហ្វី Express មិនត្រឹមតែមានទំនុកចិត្តពីសុវត្ថិភាព និង ទៅដល់គោលដៅបានឆាប់រហ័សតែម្យ៉ាងទេ តែក៏មានតម្លៃទាបជាងក្រុមហ៊ុនទទួលបញ្ញើភាគច្រើន និងមានការទទួលខុសត្រូវខ្ពស់ ប្រសិនបើមានការខូចខាត ឬ បាត់បង់។ លោកថា សេវាបញ្ញើនៅក្រុមហ៊ុនខ្មែរសែលហ្វី ទទួលបានការគាំទ្រលើសពីការស្មាន ដោយមានទំនិញតូចធំយកមកដាក់ផ្ញើស្ទើរតែដឹកមិនទាន់។ យ៉ាងណាមិញ លោកកំពុងស្វែងរកដៃគូចូលហ៊ុនក្នុងជំនួញទទួលបញ្ញើ ដោយសារតែលោកចង់ពង្រឹងសេវាកម្មនេះអោយកាន់តែធំ និង ចង់អោយមានអ្នកទទួលខុសត្រូវមួយជំនួសដៃជើង ដើម្បីអោយលោកមានពេលគ្រប់គ្រាន់មើលខុសត្រូវតែលើអាជីវកម្មទេសចរណ៍ និង ជួលរថយន្ត។ លោកថាក្រុមហ៊ុនខ្មែរសែលហ្វី កំពុងពង្រីកមហិច្ឆតាប្រកួតប្រជែង ដូច្នេះលោកមិនអាចគ្រប់គ្រងតែឯង និង ធ្វើជំនួញតែឯងដូចមុនទៀត ស្របពេលបន្ទុកក៏ច្រើន ដែលតម្រូវអោយលោកត្រូវតែស្វែងរកដៃគូមកជួយវិនិយោគ និង ជួយមើលការខុសត្រូវក្នុងនាមជាម្ចាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here