គឺអាចនិយាយបានថាជាការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំប្រចាំតែម្ដង កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២១ ដោយសារតែកម្មវិធីនោះ ក្រៅពីមានគណអភិបាលខេត្តកំពង់ស្ពឺ និង មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ចូលរួម គឺមានអ្នកសិល្បៈល្បីៗចូលរួមយ៉ាងកុះករ ដែលធ្វើអោយកក្រើកអ្នកខេត្តកំពង់ស្ពឺ។ នោះគឺជាការរៀបចំអាហារសាមគ្គីដ៏ធំរវាងថ្នាក់ដឹកនាំខេត្ត អ្នកសិល្បៈ និង ក្រុមការងារសប្បុរសធម៌ ដែលជាការចំណាយរបស់ លោក ប៊ុត ចន្ថា និង លោកស្រី ឆិល លក្ខិណា ជាស្វាមី ដែលជាម្ចាស់ជំនួយ និង ជាអ្នកបរិច្ចាគដ៏ធំប្រចាំខេត្តកំពង់ស្ពឺ នាពេលកន្លងមក ក្នុងការងារសប្បុរសធម៌។
លោក ប៊ុត ចន្ថា បានថ្លែងបញ្ជាក់ថា ដោយសារតែពេលកន្លងមក លោក និង អ្នកសិល្បៈ រមែងមានសកម្មភាពចុះចែកអំណោយមិនសូវលោះពេល ហើយក៏មានការចូលរួមពីអាជ្ញាធរ និង ថ្នាក់ដឹកនាំខេត្តផង ទើបលោកសម្រេចចិត្តរៀបចំអាហារសាមគ្គី ដែលមានអ្នកចូលរួមរាប់រយនាក់នេះឡើង ដើម្បីជាការអរគុណ និង ដើម្បីបានសប្បាយជុំគ្នា។ លោកថាពិធីនេះ គឺដើម្បីអោយក្រុមការងារសប្បុរសធម៌កន្លងមកបានជួបជុំគ្នា ហើយដើម្បីជាការអរគុណផង ទើបឈានដល់ការអញ្ជើញថ្នាក់ដឹកនាំខេត្ត មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសកងសន្តិសុខខេត្ត និង អ្នកសិល្បៈជាច្រើនកុះករ អោយចូលរួមសប្បាយចិត្ត។ ពិធីនេះ ក៏ចាត់ទុកថាគឺជាជួបជុំក្រុមគ្រួសារសប្បុរសធម៌ធំរបស់លោក ដើម្បីអបអរឆ្នាំសាកល និង អបអរថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ពលរដ្ឋកម្ពុជាផងដែរ។ លោកកាន់តែសប្បាយចិត្ត ដែលកម្មវិធីនេះ រៀបចំបានធំដុំ ហើយអ្វីដែលសំខាន់គឺគណអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ហើយនៅសប្បាយៗជាមួយអ្នកសិល្បៈ ផ្ដល់ភាពកក់ក្ដៅ។
តារាសិល្បៈដែលចូលរួមក្នុងកម្មវិធីនេះ គឺមានចំនួនកុះករ ស្ទើរអស់មួយចំហៀងអ្នកសិល្បៈតែម្ដង ខណៈដែលតារាទាំងនោះ ក៏សុទ្ធតែជាតារាល្បី។ តារាទាំងនោះរួមមាន នាយកុយ, នាយក្រឹម, អ្នកនាង ចាន់ តារាទី, អ្នកនាង សុន ស្រីពេជ្រ, នាយចឺម, អ្នកនាង សួន ចន្ថា, អ្នកនាង ប៉េងប៉ោង, អតីត Cambodian Idol The Voice ជាច្រើនរូបដូចជា លោក ម៉ៅ ហាជី, លោក នី រតនា, លោក ប៊ុត សីហា, លោក វង្ស ថាណាន់, លោក ថែល ថៃ លោក សំ សុវណ្ណារ៉ាក់, លោក រាជ ប្រាថ្នា តារាចម្រៀង ផលិតកម្ម ដាវីដ្រា, អ្នកនាង លាភ, អ្នកនាង កាឆយ, លោក សៅ ឧត្តម និង តារាល្បីៗជាច្រើនរូបទៀត គឺថា គ្រាន់តែតារាទាំងនោះ មកកញ្ជ្រោលកម្មវិធី ផ្អើលអស់អ្នកខេត្តកំពង់ស្ពឺតែម្ដង ពិសេសក្នុងពេលភ្ញៀវកិត្តិយសចូលរួម Live លេងនៅលើបណ្ដាញសង្គមរៀងៗខ្លួន៕