មានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងសិល្បៈ ជាមួយនឹងមរណភាពរបស់ ម្ដាយតារាសម្ដែង កញ្ញា ទឹម រដ្ឋា បន្ទាប់ពីអ្នកស្រីស្រាប់តែមានដំណឹងថា ទទួលមរណភាពទាំងកណ្ដាលយប់នៅយប់រំលងអាធ្រាតុថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ឈានចូលថ្ងៃទី១ សីហា មុននេះ ដោយសារតែគាំងបេះដូង ខណៈដែលអ្នកស្រីត្រូវគេដឹងថា មានសុខភាពល្អ និង មិនមានជម្ងឺអ្វីគួរអោយបារម្ភមុនដំណឹងដ៏អកុសលនេះទាល់តែសោះ។

អ្នកសិល្បៈជាច្រើនបានបង្ហោះ និងចែកដំណឹងដ៏សែនក្រៀមក្រំនេះ ព្រមជាមួយនឹងសារមិនគួរអោយជឿត្រចៀក ដោយសារតែអ្នកម្ដាយរបស់កញ្ញា ទឹម រដ្ឋា ទើបតែបង្ហាញខ្លួនទៅហាងវីហ្វ្រេនប្ញស្សីកែវយ៉ាងស្រស់ញញឹម កាលពីពីរថ្ងៃមុន។ មរណភាពរបស់អ្នកស្រីសុទ្ធតែធ្វើអោយម្នាក់ៗនិយាយមិនចេញ ជាពិសេសក្នុងរង្វង់អ្នកសិល្បៈដែលមានទំនាក់ទំនងស្គាល់រាប់អានកញ្ញា ទឹម រដ្ឋា និងម្ដាយតែម្ដង ដោយសារតែអ្នកស្រី ឧស្សាហ៍ចូលរួមក្នុងកម្មវិធីផ្សេងៗជាមួយកូនៗ ហើយបើនិយាយពីសម្ដីសម្ដៅ គឺផ្អែមពីរោះពិសារចំពោះអ្នកសិល្បៈទាំងចាស់ទាំងក្មេង។

មរណភាពនេះ គឺបន្ទាប់ពីបងប្អូនត្រកូលអោក និង អ្នកនាង ប៉ែន សុផានី ទើបតែបាត់បង់ម្ដាយដូចគ្នា។ អ្នកសិល្បៈច្រើនរូប ក៏ត្រូវគេរំពឹងថា នឹងចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពនេះដោយផ្ទាល់ភាគច្រើនផងដែរ ដោយសារតែកញ្ញា ទឹម រដ្ឋា និង ប្អូនៗ សុទ្ធតែជាមនុស្សល្អ និង កម្រចោលកម្មវិធីអ្នកណា។

LEAVE A REPLY

Please enter your comment!
Please enter your name here