កាលពីព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំ ពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានពីប្រ៊ុយណេ មកកម្ពុជា និងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩១ ដែលប្រព្រឹត្តទៅក្រោមអធិតបតីភាព ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងមានការចូលរួមតាមប្រព័ន្ធអនឡាញ និងនៅសភាពាណិជ្ជកម្មកម្ពុជាផ្ទាល់ ពី ឯកឧត្តម សាវីនឌើ ស៊ីញ អគ្គលេខាធិការងអាស៊ាន ឯកឧត្តម ហុក សុភា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រ៊ុយណេ លោក ឃេលវីន អ៊ឹង ធៀង លូង ភារធារីទូតប្រ៊ុយណេប្រចាំកម្ពុជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារួមនិងសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស សមាជិកសមាជិការក្រុមប្រឹក្សាធុរកិច្ចចម្រុះ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលភារៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បន្តវេនពី លោកស្រី យ៉ានទី ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ នៃប្រទេសប្រ៊ុយណេ ដែលត្រូវបានបញ្ចប់អណត្តិ។

ថ្លែងក្នុងឱកាសនៃពិធីផ្ទេរតំណែងនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានមានប្រសាន៍សង្កត់ធ្ងន់ថា ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននាពេលនេះ ស្ថិតក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចអាស៊ាន និងពិភពលោកកំពុងប្រឈមផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្ថានភាពនេះតម្រូវឲ្យរដ្ឋសមាជិកអាស៊ានទាំងអស់ធ្វើការរួមគ្នាជាមួយវិស័យឯកជន ឲ្យកាន់តែជិតស្និទ្ធនិងកាន់តែខ្លាំងក្លាជាងមុន ឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងការកោតសរសើរពីស្នាដៃជាច្រើនរបស់ លោកស្រី យ៉ានទី អតីតប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាប្រធាន ក៏បានគូសបញ្ជាក់ថា ស្របតាមមូលបទរបស់រាជរដ្ឋាភិបាល អាស៊ានរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានកំណត់ចេញនូវទិសដៅអាទិភាព និងកម្មវិធីចម្បងៗរបស់ខ្លួនជាច្រើន ដើម្បីចូលរួមគាំទ្រដល់មូលបទនេះ។

លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មមួយរូប បានចាត់ទុកថា នេះគឺជាឱកាសក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែប្រសើរលើឆាកអន្តរជាតិ។ ផ្អែកតាមសមត្ថភាពប្រកបដោយបទពិសោធន៍របស់អ្នកឧកញ៉ាប្រធាន លោកជឿជាក់ថា បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការរាំងស្ទះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាននឹងត្រូវបានដោះស្រាយ ហើយឱកាសកាន់តំណែងរបស់អ្នកឧកញ៉ា គិត ម៉េង ក៏ពិតជាទាក់ទាញអ្នកវិនិយោគិននៅក្នុងប្រទេសអាស៊ានកាន់តែច្រើនអោយចាប់អារម្មណ៍កម្ពុជា ក្រោយពេលវិបត្តិកូវីត១៩កំពុងតែថមថយបន្តិចម្ដងៗនាពេលនេះផងដែរ។ លោកចាត់ទុកថានេះជាសញ្ញាណដ៏វិជ្ជមានមួយលើឆាកអន្តរជាតិ ដែលកម្ពុជានឹងអាចមានសំលេងបង្ហាញពីសេដ្ឋកិច្ចរបស់ខ្លួន អោយបណ្ដាប្រទេសអាស៊ានបានដឹងកាន់តែច្រើន ពីបរិយាកាសក្នុងការវិនិយោគដ៏ល្អនៅកម្ពុជា ក្នុងរយៈពេលមួយអណ្ណត្តិរបស់អ្នកឧកញ៉ា គិត ម៉េង នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here