តារាសម្តែង និង បវរកញ្ញាមួយចំនួន ដែលកំពុងល្បីឈ្មោះ កាលពីពេលកន្លងទៅ បានរួមផ្តុំគ្នា បំបែកកម្មវិធិបែបលក្ខណៈសង្គមមួយ រហូតមានការទាក់ទាញ។ តារាស្រីដែលល្បីល្បាញ ជាច្រើនដួងនោះ ត្រូវបានគ្រងឈុតហូលខ្មែរ ច្នៃដោយ ហាងល្បីឈ្មោះ ដាណាម៉ា កាត់ដេរ របស់ ឌួង ហ្សូរីដា។ មួយឈុតៗ ឃើញថា ប្លែកភ្នែកមួយបែបៗម្នាក់ ហើយភ្ញៀវកិត្តយស ដែលបានចូលរួម ចោលនេត្រា គន់មើលមិនដាក់ភ្នែក។
វត្តមាន តារាស្រីទាំងនោះ មាន ៖ សារ៉ាយ សក្ខណា ទឹម រដ្ឋា អុឹង និមល លីលី ទឹម វត្តី លី ម៉ារីណា រ៉េត សារីតា កេសី និងតារាមួយចំនួនទៀត។ បើតាមកញ្ញា រ៉េត សារីតា បានយល់ឃើញថា «អារម្មណ៍ពិបាកបរិយាយថាខ្ញុំស្រឡាញ់សត្វដំរីប៉ុណ្ណា។ នៅថ្ងៃនេះនាងខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមកម្មវិធី របស់ Airavata Elephant Foundation ក្នុងគោលបំណងដើម្បីគាំទ្រដល់សត្វដំរីប្រទេសកម្ពុជា។
នៅរាត្រីនេះនាងខ្ញុំរួមទាំងសិល្បការិនីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមក្នុងការដើរម៉ូដបង្ហាញនូវសូត្រខ្មែរក្នុងការប្រមែប្រមូលថវិកា 50% ដែលលក់បាន ដើម្បីឧបត្ថម្ភផ្គត់ផ្គង់ដល់ដំរីទាំងនោះ»។
មិនខុសគ្នាដែរ សារ៉ាយ សក្ខណា ដែលឆ្លៀតពេលមកចូលរួម ដើម្បីការងារសង្គម សហការជា ហ្សូរីដា បានលើកឡើងថា ពិតជាមោទនភាព ព្រោះមិនត្រឹមបានគ្រងឈុតលក្ខណៈខ្មែរ ពិតៗទេ តែបានរួមគ្នា បំផុសចលនា អភិរក្សសត្វដំរី អោយបន្តមានក្នុងទីតាំងប្រទេសជាតិយើង។ នាងពេញចិត្តជាមួយកម្មវិធីមួយនេះ។
បើតាមដឹងកញ្ញា ហ្សូរីដា ក៍ជាប់ឈ្មោះជា តារាប្រចាំ មួយក្នុងការអភិរក្សសត្វដំរីនៅកម្ពុជា ពិសេសនាតំបន់ភាគឥសាន្ត។ កញ្ញា បានដាក់ចិត្ត ជួយរកមូនិធិ ដើម្បីសត្វដំរី ហើយ រមែងចុះមកមើល សត្វដំរី និងផ្តល់ជំនួយផ្សេងៗ សម្រាប់ថែរក្សា គាំពារដំរី អោយសម្បូរបែប ដើម្បីទាក់ទាញផ្នែកទេសចរណ៍ផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here