ពិធីការិនី ចាស់វស្សា យុគ ចិន្តា បានបន្តទម្លាយរឿងរ៉ាវ ច្រើនទាក់ទង និងអារម្មណ៍ពិតដែល អ្នកនាងហាក់ស្ទើរតែបាត់បង់ សតិអារម្មណ៍ គ្រាបាត់បង់មនុស្សជាទីស្រឡាញ់។ អ្នកនាង មិនដែលគិតថា ជោគវាសនា ប្រែក្លាយទៅជារឿងបែបនេះឡើយ។ ការក្រោកឈមកវិញនេះ ព្រោះមនុស្សពិសេស ដែលជាកម្លាំងចិត្តធំ។
ច្រើនខែមកហើយ យុគ ចិន្តា បន្តយកជីវិតផ្សារភ្ជាប់ជាមួយ ព្រៃភ្នំ ទឹកជ្រោះ ដងស្ទឹងនិងព្រែកធ្វើជា ដៃគូលួងចិត្ត និងអារម្មណ៍ដ៍សោកសៅ បាត់បង់ម្តាយដែលមិនបានត្រៀមចិត្តទុកជាមុន។ អ្នកនាងបានទម្លាយថា ខ្លួនស្ទើរតែលែងចង់ធ្វើការងារ អ្វីទាំងអស់គ្នា អស់ម្តាយ។ អ្នកនាងប្រាប់ថា មានមិត្តភក្តិជាច្រើនលួងលោម អោយរឹងមាំ។ ប៉ុន្តែសំដីទាំងនោះឃើញថា មិនអាចធ្វើបាន ដូចនិយាយជាមួយខ្យល់។ ម្ល៉ោះហើយ អ្នកនាងបានសួរខ្លួនឯងថា បើនៅតែបែបនេះ កូនស្រី និងបុគ្គលិក ការងារផ្សេងៗទៅជាយ៉ាងណា។
មកទល់ពេលនេះ យុគ ចិន្តា បានត្រឡប់មកបំពេញការងារ ឡើងវិញហើយ ក្រោយធ្វើចិត្តបានខ្លះ។ អ្នកនាងបានឡើងធ្វើការងារផ្នែកពិធីការិនី តាមកម្មវិធីជាច្រើន នៅសុីធីអិន។ មហាជនជាច្រើនបាន សម្តែងការគាំទ្រពេលឃើញអ្នកនាង បន្តការងារហើយ រឹងមាំដើម្បីអនាគត។