ចម្លាក់ថ្មកែវនិងថ្មធម្មជាតិជាច្រើនប្រភេទនៅខេត្តពោធិ៍សាត់ មានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន សិល្បៈចម្លាក់នេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាហិរញ្ញវត្ថុ ដែលបណ្តាលមកពីតម្រូវការទីផ្សារទាប។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានលើកឡើងពីបញ្ហានេះ និងបង្ហាញពីក្តីបារម្ភរបស់ខ្លួន ចំពោះការកែច្នៃខ្លះបានប្រាសចាកពីទម្រង់ដើមដែលជាស្នាដៃបញ្ជាក់ពីអត្តសញ្ញាណប្រចាំខេត្ត ហើយនឹង បញ្ហាធំមួយទៀតនោះ គឺការធ្វើចំណាកស្រុកមកកាន់រាជធានីធ្វើការរោងចក្រ ឬសំណង់ ឬក៏ទៅធ្វើជាងចម្លាក់ នៅប្រទេសថៃក៏មាន ដើម្បីទទួលបានកម្រៃជួយជីវភាពគ្រួសារបានកាន់តែល្អប្រសើរ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងតែងតែរៀបចំសិក្ខាសាលា និងផ្តល់គ្រូបង្រៀនផ្នែកសិល្បៈចម្លាក់ជាប្រចាំ ទៅដល់ម្ចាស់អាជីវកម្ម ក៏ដូចអ្នកដាប់ចម្លាក់ផ្ទាល់ដើម្បីជួយពួកគេយល់ច្បាស់ពីមូលដ្ឋានក្បាច់ចម្លាក់ខ្មែរ។ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិសាត់ បានមានប្រសាសន៍ថា លោកចង់រក្សាអាជីពនេះឱ្យនៅគង់វង្សក្នុងប្រទេសកម្ពុជា ។ មិនមែនត្រឹមតែថៃទេ ដែលជាងចម្លាក់ខ្មែរយើង ទៅស៊ីឈ្នួលដាប់ឆ្លាក់ កន្លងមក អ្នកជំនាញចម្លាក់យើងក៏ធ្លាប់មានទៅធ្វើជាជាងចម្លាក់នៅប្រទេសបារាំងដែរ។ វាមិនជារឿងគួរព្រួយបារម្ភពេកទេថាខ្លាចបាត់បង់ទៅជាស្នាដៃគេ ព្រោះអាជីពមួយនេះខ្មែរអ្នកធ្វើ ក្បាច់ឆ្លាក់ ចម្លាក់ ក៏នៅតែចេញពីបេះដូងខ្មែរវានៅតែគេមើលដឹងថាជារបស់ខ្មែរបើទោះមានវត្តមាននៅស្រុកគេក៏ដោយ។