កាលពីល្ងាចថ្ងៃទី៥ សីហា ឆ្នាំ២០២០ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និង លោកជំទាវ គៀន ស្រីនាង បានធ្វើពិធីសូត្រមន្តឆ្លងអាស្រមថ្មីយ៉ាងអធឹកអធមនៅទីសក្ការៈលោកយាយម៉ៅ បន្ទាប់ពីអ្នកឧកញ៉ា និង លោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការសាងសងអាស្រមមួយនេះ អស់រយៈពេលជាច្រើនសប្ដាហ៍។
លោកជំទាវ គៀន ស្រីនាង ភរិយាអ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព បានថ្លែងបញ្ជាក់ថា ដោយសារតែលោកជំទាវមានស្រុកកំណើតនៅខេត្តព្រះសីហនុ ហើយត្រូវធ្វើដំណើរឆ្លងកាត់ទីសក្ការៈលោកយាយម៉ៅជាប្រចាំ និង តែងដឹងគុណទីសក្ការៈមួយនេះ រាល់ការបន់ស្រន់អោយសុខសប្បាយកន្លងមក ទើបលោកជំទាវ និង ក្រុមគ្រួសារសម្រេចសាងសង់អាស្រមនេះឡើង ដើម្បីអោយបងប្អូនដែលធ្វើដំណើរឆ្លងកាត់ និងពលរដ្ឋ ដែលអាស្រ័យនៅទីសក្ការៈនោះ គោរពបូជា។ ម្យ៉ាងចង់អោយទីសក្ការៈបូជារបស់លោកយាយម៉ៅ មានកន្លែងធ្វើបុណ្យអោយសមរម្យផង ទើបលោកជំទាវយល់ថាគឺជាមានប្រយោជន៍សម្រាប់ការសាងសង់អាស្រមនេះ។ ហេតុផលនៃការជួយសាងអាស្រមនេះ ក៏ដើម្បីអោយទីសក្ការៈលោកយាយម៉ៅ មានកន្លែងធំទូលាយដើម្បីតម្កល់គ្រឿងដង្វាយផ្សេងៗផងដែរ។ យ៉ាងណាមិញលោកជំទាវថា ក្រោយការប្រគល់ជូនប្រជាពលរដ្ឋដែលថែក្សានៅទីសក្ការៈនោះបន្ត មិនដឹងថាតើរូបបដិមាលោកយាយម៉ៅ នឹងត្រូវគេលើកយកមកដាក់ក្នុងអាស្រមថ្មីនេះ ឬ គ្រាន់តែទុកជាអាស្រមសម្រាប់ធ្វើបុណ្យ ឬ សម្រាប់គ្រឿងដាក់ដង្វាយនោះទេ ដោយលោកជំទាវ និង ក្រុមគ្រួសារប្រគល់ជូនពលរដ្ឋដែលមើលថែរក្សាប្រើប្រាស់តាមការគួរ។
ក្នុងពិធីសូត្រមន្តប្រោះព្រំអាស្រមថ្មីនោះ អ្នកឧកញ៉ាបណ្ឌិត្យ និង លោកជំទាវ គឺបានចូលរួមរៀបចំដោយផ្ទាល់ ដោយក្នុងពិធីនោះ ក៏មានថ្វាយភ្លេងពិណ្យពាទ្យ និង រៀបចំដង្វាយយ៉ាងបរិបូរណ៍ថ្វាយដល់លោកយាយម៉ៅផងដែរ។ បើទោះជាក្នុងពិធីនោះមានរំខានដោយភ្លៀង តែពិធីសូត្រប្រោះព្រំអាស្រមថ្វាយដល់លោកយាយម៉ៅ នៅតែប្រព្រឹត្តិទៅយ៉ាងអធឹកអធម ដោយមានពលរដ្ឋជាច្រើនចូលរួម។ អាស្រមនេះ ក៏នឹងធ្វើអោយទីសក្ការៈលោកយាយម៉ៅពេជ្រនិល នឹងកាន់តែមើលទៅធំទូលាយសម្រាប់បងប្អូនខ្មែរធ្វើបុណ្យធ្វើទាន ងាយស្រួលចូលអុជធូបអុជទាន និង សម្រាប់លោកតាលោកយាយដាក់គ្រឿងដង្វាយផងដែរ។