នៅទីបំផុតគូស្នេហ៍ម្ចាស់ប្រេន Miss Sunflower និង ស្វាមី បានសម្រេចចិត្តចូលរោងការហើយកាលពីថ្ងៃទី 12 មីនា ឆ្នាំ 2022 មុននេះនៅទីរួមខេត្តក្រចេះ ដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករប្រមាណជិត 2000 នាក់។ មង្គលការនេះក៏រំលេចនូវសួនផ្កាឈូករ័ត្នដែលបង្កប់ដោយអត្ថន័យរបស់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះផងដែរ។
អ្នកនាង ឡៃ ស៊ូយៀក អគ្គនាយិកា H.Y ClOBAL CO.,Ltd ដែលអ្នកលេបណ្ដាញសង្គមស្គាល់ថាជាម្ចាស់ប្រេន Miss បានលើកឡើងថា មង្គលការដែលបានចំណាយដើមទុនខ្ទង់សែនដុល្លារនេះគឺជាការចំណាយដែលបានពីការប្រឹងប្រែងរបស់នាងនិងគូស្នេហ៍អស់រយៈពេល 5ឆ្នាំក្រោយស្រឡាញ់គ្នា ហើយហេតុផលដែលនាំឱ្យមង្គលការនេះរលេចសុទ្ធសឹងតែផ្កាឈូករ័ត្ន ទាំងបរិយាកាសពិធី រោងពិធី ដោយសូម្បីតែការរចនាក្រចករបស់នាងដែលជាកូនក្រមុំផងបែបនេះ គឺដោយសារតែផ្កាឈូករ័ត្ន ជាដើមកំណើតដែលធ្វើឱ្យនាងនិងគូស្នេហ៍ស្រឡាញ់គ្នា និងជាតំណាងផលិតផលគ្រឿងសម្អាងរបស់នាង ដែលធ្វើឱ្យនាងស្គាល់លុយម៉ឺន លុយសែនដុល្លារទាំងវ័យក្មេង។
ផ្កានេះក៏បង្ហាញពីអត្ថន័យ នៃភាពរុងរឿង និង ភាពរឹងមាំដែលនាងស្រឡាញ់បំផុតតាំងពីធំដឹងក្ដីកន្លងមកផងដែរ។ អ្នកនាងថាមង្គលការនេះគ្រោងធ្វើតែជាង 150តុតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺតំណាងចែកចាយ និងភ្ញៀវកិត្តិយស ចូលរួមរហូតដល់ជាង 200 តុ អ្វីដែលនាងកាន់តែរំភើប គឺនាងនិងគូស្នេហ៍ អាចដឹងដៃគ្នាចូលរោងការយ៉ាងអធឹកអធមបានដូចបំណង។ លោក ឡាយ លីហួរ ដែលជាអ្នកជំនួញដីធ្លី និងជាស្វាមី បានលើកឡើងថា ទម្រាំតែលោក និងភរិយា បានក្លាយជាអ្នកជំនួញជោគជ័យទាំងពីរនាក់ក្នុងវ័យក្មេងនេះ ពួកលោកក៏ទទួលបានការបរាជ័យ និង បាក់ទឹកចិត្ត ជាច្រើនអន្លើរកន្លងមកផងដែរ ។
លោកថា រំភើបចិត្តដែលលោកនិងភរិយា អាចកាន់ដៃគ្នាដើរក្នុងសួនផ្កាឈូករ័ត្នសិប្បនិម្មិត ហើយមានភ្ញៀវកិត្តិយសរាប់រយនាក់អមដំណើរ តាមក្ដីស្រម៉ៃដូចបំណងបើទោះជាមង្គលការនេះគឺចំណាយអស់ច្រើន។ មង្គលការរបស់ម្ចាស់ប្រេន Miss និង ស្វាមីរូបនេះ ក៏ឃើញមានការចាប់អារម្មណ៍មិនអន់ដែរនៅក្នុងបណ្ដាញសង្គម ជាពិសេសគឺផ្នែកដេគ័រពិធីតែម្ដង ដោយសារតែអ្នកទាំងពីរបានចំណាយរៀបដេគ័រផ្កាឈូករ័ត្ន យ៉ាងប្រណីតដែលខុសប្លែកពីមង្គលការទាំងឡាយ។