មួយរយៈមកហើយ ដែលតារាចម្រៀងខ្មែររស់នៅអាមេរិក និង ជាអ្នកនិពន្ធផង គឺលោក សៅ រ៉ានីត ត្រូវបានគេកត់សម្គាល់ថា មានបញ្ហាសុខភាព ដោយគេឃើញលោកសម្ងំព្យាបាល នៅក្នុងមន្ទីរពេទ្យមួយនោះផង។ យ៉ាងណាមិញស្ថានភាពសុខភាពរបស់លោកនៅក្នុងពេលនេះបានធូរស្បើយជាងមុនហើយ។

ក្រោយពីត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតិអោយត្រលប់មកផ្ទះ លោក សៅ រ៉ានីត បានថ្លែងបញ្ជាក់ថា សភាពព្យាបាលរបស់លោកនាមួយរយៈមុន មិនមែនជាជម្ងឺលើផ្នែករាងកាយនោះទេ ប៉ុន្តែគឺជាជម្ងឺដែលបណ្ដាលមកពីបញ្ហាផ្លូវចិត្ត ដែលបណ្ដាលមកពីលោកគិតច្រើន ដែលគេហៅថាជម្ងឺស្ត្រេស ឬ បាក់ទឹកចិត្តនោះ។ លោកថាដោយសារស្ថានភាពកូវីត១៩ និង បញ្ហាមួយចំនួន បានបណ្ដាលអោយលោកក្លាយជារវើរវាយ ក្លាយជាមនុស្សគិតច្រើន ហើយដល់ថ្នាក់គ្រប់គ្រងអារម្មណ៍លែងបាន ដោយចង់នៅតែភាពស្ងប់ស្ងាត់ ចង់នៅតែទីកន្លែងងងឹតៗ និង គ្មានមនុស្សរំខាន ហើយចុងក្រោយក៏ក្លាយជាមនុស្សសុខៗនិយាយម្នាក់ឯង សុខៗយំ រហូតអ្នកខ្លះហៅថាឆ្កួត ដែលតម្រូវអោយត្រូវបញ្ជូនទៅព្យាបាល។ លោកថាបើកុំតែបច្ចេកវិទ្យាពេទ្យនៅក្នុងប្រទេសអាមេរិកពូកែ ហើយមានការបញ្ជូនលោកទៅព្យាបាលទាន់ពេលវេលា ប្រហែលជាលោកក្លាយជាមនុស្សឈានដល់វិកលចរឹតទៅហើយ ដោយសារតែស្ថានភាពគិតច្រើននៅក្នុងពេលនោះ គឺដល់ថ្នាក់រវើរវាយ លែងអាចគ្រប់គ្រអារម្មណ៍របស់ខ្លួនបានទៅហើយ។ លោកទើបតែត្រូវបានគ្រូពេទ្យ ដោះសំលៀកបំពាក់អ្នកជម្ងឺចេញ ហើយអោយត្រលប់មកផ្ទះកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ តែលោកយល់ថា ស្ថានភាពផ្លូវចិត្តនៅមិនទាន់ជាសះទាំងស្រុងទេ ដោយពេលខ្លះលោកនៅមានអារម្មណ៍អន់ចិត្ត តូចចិត្ត និង គិតច្រើនម្ដងៗ។ លោកថាជម្ងឺគិតច្រើន ជម្ងឺផ្លូវចិត្ត បានកែប្រែជីវិតលោកក្នុងមួយរយៈមុនយ៉ាងខ្លាំង តែលោកក៏អរគុណដល់ក្រុមគ្រូពេទ្យដែលជួយអោយលោកបានដូចដើម ហើយអាចអោយស្មារតីរបស់លោកត្រលប់មកសភាពជាធម្មតាវិញ ដែលអាចអោយលោកបានបម្រើវិស័យចម្រៀងជាថ្មី។ ជាមួយនឹងសុខភាពផ្លូវចិត្តប្រក្រតីដូចដើមនេះ លោកក៏នឹងត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ និង ត្រៀមទទួលច្រៀងនៅតាមបណ្ដារដ្ឋជាថ្មីផងដែរ បន្ទាប់ពីជម្ងឺបាក់ទឹកចិត្ត បានធ្វើអោយលោកលុបចោលសកម្មភាពច្រៀងមួយចំនួននោះ។ លោកក៏បង្ហាញមហិច្ឆតាចង់ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មមួយនៅកម្ពុជា ហើយអាចនឹងឡើងចុះៗមកស្រុកខ្មែរញឹកញាប់ ដើម្បីបង្ហាញខ្លួនច្រៀងរាំផង ដើម្បីអោយលោកកាន់តែសប្បាយចិត្ត កាន់តែរឹងមាំផ្លូវចិត្ត និង កុំអោយមានជម្ងឺបាក់ទឹកចិត្តមកញាំញីជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here