កាលពីថ្ងៃទី១៩ មីនា ឆ្នាំ2022 ក្រុម Impulse Phnom Penh ដែលជាបណ្ដាញការងារធ្វើការទៅលើបញ្ហាអេដស៍ ជម្ងឺកាមរោគ និង ក្រុមបុរសស្រលាញ់បុរស បានធ្វើសង្ក្រានរបស់ខ្លួនយ៉ាងកក្រើកដូចការគ្រោងទុក បើទោះជាមានពិធីមង្គលការរបស់តារាល្បីគឺអ្នកនាង ទឹម រដ្ឋា ដែលប្រមូលស្ទើរមួយចំហៀងអ្នកសិល្បៈអោយចូលរួម។ ពិធីជួបជុំរបស់អ្នកសិល្បៈមួយក្រុមនេះ បានធ្វើឡើងនៅបរិវេណកោះពេជ្រដូចគ្នា ដោយមានតារាជាច្រើនចូលរួម ហើយមានសកម្មភាពច្រៀងរាំរហូតដល់ជិតពាក់កណ្ដាលអាធ្រាតុ នៅខាងមុខភោជនីយដ្ឋានផាំឃ្វីន ជាប់មាត់ទន្លេកោះពេជ្រ។ នេះគឺជាសង្ក្រានលើកដំបូងរបស់ក្រុមមួយនេះ តែមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់តារាសិល្បៈចាស់ថ្មី ជាពិសេសមកពីក្រុមគ្រួសារតារាកម្ពុជា។ ជំនួបតារាដែលត្រូវបានហៅថា គឺជាសង្ក្រានរបស់ ក្រុម Impulse Phnom Penh មួយនេះ ក៏ត្រូវបានគេចាត់ទុកថា គឺជាវេទិកាលើកដំបូងអ្នកសិល្បៈច្រើននាក់ ក្នុងយុទ្ធនាការផ្សព្វផ្សាយពីជម្ងឺកាមរោគ ពីអត្ថប្រយោជន៍ស្រោមអនាម័យ និង ពីការលើកកម្ពស់ក្រុមស្រលាញ់ភេទដូចគ្នា ដែលមានអ្នកសិល្បៈច្រើនឡើងចូលរួម ដែលខុសពីគ្រាមុនផងដែរ។
លោក គង់ ប៊ុនថន នាយកប្រតិបត្តិក្រុម Impulse Phnom Penh ដែលជាអ្នកផ្ដើមគំនិតអោយមានសង្ក្រានមួយនេះ និង ជាអ្នកបើកអោយមានជំនួបសិល្បៈចូលរួមយ៉ាងច្រើននៅក្នុងថ្ងៃនោះ បានលើកឡើងថា ហេតុផលនៃការធ្វើសង្ក្រាន ហើយបានគៀងគរ អ្នកសិល្បៈ អោយចូលរួមនេះ គឺទី១ដើម្បីអោយតារាសិល្បៈបានបង្ហាញសមត្ថភាពច្រៀងរាំ និង សម្ដែង ទី២ដើម្បីបង្កើតសកម្មភាពជារួមមួយអបអរដល់បុណ្យចូលឆ្នាំខ្មែរដែលខកខានអស់២ឆ្នាំ និង ទី៣គឺដើម្បីបង្កើតសកម្មភាពផ្សព្វផ្សាយពីយុទ្ធនាការយល់ដឹងពីបញ្ហាស្រោមអនាន័យ ពីជម្ងឺកាមរោគ និង ពីបញ្ឈប់រាល់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីអោយអ្នកសិល្បៈកាន់តែមានការយល់ដឹង និង ជួយផ្សព្វផ្សាយ។ លោកថាសង្ក្រាននេះ ទទួលបានអត្ថប្រយោជន៍ច្រើន ហើយលោកក៏កោតសរសើរចំពោះតារាសិល្បៈដែលបានចូលរួមនៅក្នុងសង្ក្រាននោះផងដែរ ដែលកាន់តែយល់ដឹងពីយុទ្ធនាការរបស់ Impulse Phnom Penh ហើយមិនរើសអើងក្នុងការចូលរួមដូចមុន។នៅក្នុងកម្មវិធី ក៏មានរៀបចំអោយមានការច្រៀងរាំ ការដើរម៉ូដពីស្រោមអនាម័យ និង ការដើរម៉ូដពីទម្រង់សំលៀកបំពាក់តាមសម័យកាលផ្សេងៗ ដើម្បីបង្ហាញពីវប្បធម៍អរិយធម៍ដ៏ផូរផង់របស់ខ្មែរ។ លោកគម្រោងនឹងដឹកនាំសិល្បករអោយចូលរួមក្នុងយុទ្ធនាការច្រើនទៀត របស់ Impulse Phnom Penh ហើយក៏ក៏មានជំនឿចិត្តខ្លាំងផងដែរថា ការបញ្ជ្រៀបសកម្មភាពទាំងនេះ គឺនឹងធ្វើអោយសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា កាន់តែត្រូវបានទទួលស្គាល់ និង មានការយល់ដឹងកាន់តែច្រើនបញ្ហាសុខភាពផ្លូវភេទ ដែលមនុស្សគ្រប់រូបត្រូវតែបញ្ឈប់ការអៀនខ្មាស់ ហើយទទួលយកការព្យាបាល។
តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ដែលបានចូលរួមនៅក្នុងកម្មវិធីនោះជាលើកដំបូង និង បានដើរម៉ូដបង្ហាញពីទម្រង់សិល្បៈខ្មែរក្នុងសម័យអាណានិគមបារាំងផង បានបង្ហាញការចាប់អារម្មណ៍ថា ក្នុងនាមជាអ្នកសិល្បៈមួយរូប លោកមិនចាត់ទុកថាគឺជារឿងអាក្រក់នោះទេ ក្នុងការចូលរួមសកម្មភាពជាមួយបណ្ដាញការងារបុរសស្រលាញ់ភេទដូចគ្នា។ លោកថាការចូលរួមនេះ ក៏ចាត់ទុកគឺជារួមចំណែកយល់ដឹង និង ផ្សព្វផ្សាយពីអត្ថប្រយោជន៍ និង ផលប៉ះពាល់ផ្សេងរបស់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ។ លោកកាន់តែសប្បាយចិត្ត នៅពេលក្រុមនេះ ក៏បានរួមចំណែកផ្សព្វផ្សាយសិល្បៈ និង ផ្ដល់ឱកាសអោយតារាសិល្បៈច្រើនឡើងបានរួមចំណែកជួយផ្សព្វផ្សាយ។ លោកថា ក្រុម Impulse Phnom Penh ក៏ជួយអោយតារាសិល្បៈជាភេទទី៣ ដែលធ្លាប់តែមានការរើសអើង ក្លាយជាអ្នកសិល្បៈ តាមរយៈការផ្ដល់ឱកាសអោយបង្ហាញសមត្ថភាពច្រៀងរាំ និង សម្ដែង។ ជាមួយនឹងការបាត់មុខយូរ ហើយទើបត្រលប់មកកាន់ការងារសិល្បៈជាថ្មី លោក ចាន់ស៊ី បន្តថា លោកនឹងចូលរួមជាមួយសកម្មភាពបែបនេះ អោយបានច្រើន ដើម្បីជាប្រយោជន៍ក្នុងការងារផ្សព្វផ្សាយ ហើយលោកក៏ចាត់ទុកថា ការយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ និង គ្មានការរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នា គឺជាផ្ដល់ឱកាសអោយធនធានទាំងនេះ បានរួមចំណែកជួយដល់សង្គម និង ការងារសិល្បៈផងដែរ។ បន្ថែមពីលើនោះ លោកចាន់ស៊ី បន្តថា ក្រៅពីពេញចិត្តចូលរួមជាមួយក្រុម Impulse Phnom Penh លោកក៏ប្រកាសប្រឡូកសិល្បៈអោយសកម្មជាថ្មីផងដែរ បន្ទាប់ពីលោកក៏សម្រេចចិត្តចាកចេញពីខេត្តបាត់ដំបង ហើយមករស់នៅភ្នំពេញជាអចិន្ត្រៃនៅក្នុងពេលនេះ៕