កាលពីល្ងាចថ្ងៃទី៧ សីហា ឆ្នាំ២០២០ សិល្បករសិល្បការិនីមួយចំនួន មកពីគ្រួសារតារាកម្ពុជា បានចូលរួមក្នុងពិធីបង្កើនទំនាក់ទំនង និង ផ្សព្វផ្សាយការយល់ដឹងអំពីរោគរបេង ក្នុងចំណោមអ្នកសារព័ត៍មាន សិល្បករ និង សិល្បការិនី ក្រោមការរៀបចំរបស់អង្គការ ខាន់ណា និងមានការចូលរួមនាយកកម្មវិធីជាតិកំចាត់រោគរបេង។ នេះជាការចូលរួមរបស់សិល្បករសិល្បការិនី ដើម្បីទទួលបានចំណេះដឹងខ្លះៗ និងដើម្បីចូលរួមក្នុងការផ្សព្វផ្សាយគ្រប់រូបភាព ជាពិសេសនៅក្នុងហ្វេសប៊ុករបស់សិល្បករតាមតែអាចធ្វើទៅបាន។

សិល្បករសិល្បការិនីដែលបានចូលរួមនៅក្នុងថ្ងៃនោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក គង់ ប៊ុនថន ពិធីករ និង ជាតារាសម្ដែង, លោក រុន ណាកូ ពិធីករ និង ជាតារាសម្ដែង, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, អ្នកនាង ឈុំ ភួយ ពិធីការិនី និង ជាតារាចម្រៀង, លោក វណ្ណា ឌី តារាសម្ដែង, កញ្ញា ស្រីថូ តារាសម្ដែង, កញ្ញា មុត សុវណ្ណារិទ្ធិ តារាសម្ដែង, លោក រ៉េត បូរ៉ា តារាចម្រៀង, និង សិល្បករមួយចំនួនផ្សេងទៀត។ នៅក្នុងពិធីនោះសិល្បករសិល្បការិនីក៏បានបង្ហាញនូវការចាប់អារម្មណ៍ទៅលើប្រធានបទជម្ងឺរបេង និងបានសន្យាថានឹងចូលរួមក្នុងបំផុស និង ផ្សព្វផ្សាយ ដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ។ ដោយឡែក លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានសន្យាថានឹងដឹកនាំសិល្បករសិល្បការិនីអោយចូលរួមផ្សព្វផ្សាយពីជម្ងឺរបេងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់អង្គការខាន់ណា និងរបស់ស្ថាប័នជាតិប្រយុទ្ធប្រឆាំងជម្ងឺរបេង ប្រសិនបើមានតម្រួវការផងដែរ។

លោក ជួប សុខចំរើន ប្រធានអង្គការខាន់ណា បានចាត់ទុកថា វត្តមានចូលរួមរបស់អ្នកសារព័ត៍មាន និង សិល្បករដើម្បីផ្សព្វផ្សាយពីជម្ងឺរបេង គឺជារឿងដែលមិនអាចខ្វះខាត ដោយសារតែអ្នកសារព័ត័មានគឺប្រព័ន្ធផ្សព្វផ្សាយ ហើយសិល្បករសិល្បការិនីគឺជាមនុស្សមហាជនដែលមានសមត្ថភាពផ្សព្វផ្សាយ និង មានប្រជាប្រិយភាពក្នុងការទាក់ទាញអោយមានការចាប់អារម្មណ៍។ លោកក៏សម្ដែងការសាទរផងដែរ ចំពោះការចូលរួមសហការរបស់តារាសិល្បៈ ដោយលោកចាត់ទុកថា យ៉ាងហោចណាស់បើទោះជាតារាម្នាក់បង្ហោះលើអាក់ខោនផ្ទាល់ខ្លួនពីកម្មវិធីផ្សព្វផ្សាយអំពីជម្ងឺរបេង ក៏ជាការពញាក់អារម្មណ៍មួយផងដែរ មិនទាន់គិតដល់រឿងតារាផ្ញើសារអោយចាប់អារម្មណ៍ពីជម្ងឺរបេងនៅក្នុងកម្មវិធីផ្សេង ឬ ក្នុងវីដេអូណាមួយនោះផង។

លោក វេជ្ជបណ្ឌិត្យ ហួត ចាន់យុដា នាយកកម្មវិធីជាតិកំចាត់រោគរបេង បានថ្លែងថាប្រសិនបើក្នុងកម្មវិធីនាពេលបន្តបន្ទាប់ក្នុងយុទ្ធនាការផ្សព្វផ្សាយពីរបេង មានការចូលរួមពីសំណាក់តារាសិល្បៈ ហើយជាតារាដែលមានឈ្មោះបោះសំលេងខ្លាំងទៀត នោះពិតជាកាន់តែមានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយ។

លោក គង់ ប៊ុនថន ពិធីករ ដែលបានចូលរួមនៅក្នុងពិធីនោះ បញ្ជាក់ថា លោកធ្លាប់បានចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយពីជម្ងឺរបេងខ្លះៗមកហើយ ដោយលោកថានឹងបនហតចូលរួមអោយសកម្ម ខណៈដែលលោកក៏នឹងជួយគៀរគរសិល្បករអោយមានការចូលរួមផ្សព្វផ្សាយអោយបានច្រើនក្នុងឱកាសក្រោយៗ។ ក្នុងនោះលោកក៏ជំរុញអោយអ្នកក្អកលើសពី១៤ថ្ងៃ និង ដឹងថាខ្លួនមានជម្ងឺរបេង ត្រូវទៅទទួលការព្យាបាលដោយឥតគិតថ្លៃផងដែរ ដើម្បូជៀសវាងគ្រោះថ្នាក់ និង ការចម្លងទៅអ្នកដទៃ។

នៅក្នុងពិធីនោះមានការពន្យល់ពីអ្នកជំនាញ មានការសួរឆ្លើយ និង មានការផ្ដល់យោបល់ទៅវិញទៅមកពីអ្នកចូលរួម ក៏មានការពិសារអាហារសាមគ្គីជុំគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here