បើទោះជាមានការរីករាលដាលដោយជម្ងឺកូវីត១៩បំឡែងថ្មីមិនទាន់ស្ងាត់ ក៏សមាគមខ្មែរស្រលាញ់ខ្មែរ ហៅកាត់ថា KLK នៅសហរដ្ឋអាមេរិក នៅតែបានបញ្ចប់សកម្មភាពប្រគំតន្ត្រី ដើម្បីអោយបងប្អូនខ្មែរបានរាំលេងយ៉ាងសប្បាយអបអរបុណ្យចូលឆ្នាំខ្មែរ។ កម្មវិធីដែលដឹកនាំដោយសមាគមខ្មែរ ដ៏ធំមួយនេះនៅលើទឹកដីរដ្ឋកាលីហ្វកញ៉ា ក៏ចាត់ទុកថា គឺជាការអភិរក្ស និង ថែរក្សាសកម្មភាពសប្បាយៗមួយ ដែលធ្លាប់ធ្វើឡើងរៀងរាល់រដូវបុណ្យចូលឆ្នាំខ្មែរនោះផងដែរ។
លោកស្រី សូ លីនដា អនុប្រធានសមាគមខ្មែរស្រលាញ់ខ្មែរ KLK បានថ្លែងបញ្ជាក់ថា លោលស្រីសប្បាយចិត្តយ៉ាងខ្លាំង ដែលការប្រគំតន្ត្រីនៅតែបានបញ្ចប់ដោយភាពជោគជ័យ ដោយក្នុងការប្រគំតន្ត្រីកាលពីថ្ងៃចូលឆ្នាំ គឺមួយលើកៗ មានបងប្អូនខ្មែរ និង ជនបរទេសចូលរួមមិនក្រោម៣០០នាក់នោះទេ ទើបលោកស្រីចាត់ទុកថា គឺជាជោគជ័យមួយ។ លោកស្រីថា សមាគមរបស់លោកស្រី គឺជាសមាគមធំមួយប្រចាំរដ្ឋកាលីហ្វកញ៉ា ហើយជារៀងរាល់ឆ្នាំលោកស្រី និង ក្រុមការងារ គឺក្រៅពីធ្វើកម្មវិធីអោយបងប្អូនបានសប្បាយរៀងរាល់ចូលឆ្នាំម្ដងៗ តែក៏បានរៃអង្គាសថវិកាជួយដល់អ្នកខ្សត់ខ្សោយនៅកម្ពុជា និង ធ្វើកម្មវិធីមួមយចំនួន ដើម្បីលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ នៅលើទឹកដីអាមេរិកផងដែរ។ ក្នុងពេលដ៏ខ្លី លោកស្រីក៏មានគម្រោងនឹងធ្វើការប្រគំតន្ត្រី និង ធ្វើសប្បុរសធម៌ធំមួយ ជាមួយតារានៅកម្ពុជា នៅខេត្តក្រចេះផងដែរ៕