កាលពីប៉ុន្មានខែមុនតារាសម្ដែងអ្នកនាង ឡោម លក្ខិណា បានទទួលរងនូវការបាត់បង់មួយដ៏គួរឱ្យសង្វេគ ដោយស្វាមីជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍បន្សល់ទុកកូនប្រុសតូចនៅខ្ចីខែដ៏គួរឱ្យស្រឡាញ់ ហើយនាងក៏បានក្លាយ ជាស្ត្រីមេម៉ាយមកទល់សព្វថ្ងៃ។ នាងកំពុងតែរំងាប់ចិត្ត ព្យាយាមខិតខំ បំពេញការងារអោយបាន ណែនដៃឡើងវិញ បន្ទាប់ពីដឹងថាខ្លួនត្រូវដើរតួជាបង្គោលគ្រួសារដ៍ធំមួយសម្រាប់កូនប្រុស ដោយមិនអាចទន់ជ្រាយបាន។ ម្ល៉ោះហើយមានតែពាក្យខំតទៅទៀត ទើបយកឈ្នះបាន។
ការតាំងចិត្តនេះ គឺ ឡោម លក្ខិណាត្រូវបង្ខំចិត្តបង្ហាញនូវស្នាមញញឹមអោយបានច្រើន បង្ហាញនូវភាពរីករាយមកវិញបានច្រើន ជាកម្លាំងចិត្ត និង ដើម្បីភាពរឹងមាំ។ ក្នុងនោះ បើមើលទៅលើរូបរាង ក៏ឃើញថា នាងឡើងសាច់ឡើងឈាម បែកសាច់ធាត់មុខពេញជាមុនផងដែរ បើធៀបនឹងពេលបាត់បង់ស្វាមីភ្លាមៗ កាលពីដើមខែមករា ដើមឆ្នាំ។ មិត្តភក្តិនិយាយថា នាងព្យាយាមកាត់ចិត្ត មិននឹកនាអតីតកាល ដែលនេះគឺជាប្រការដែលអាចដោះស្រាយផ្លូវចិត្តមួយដ៏ប្រសើរ ហើយក៏ជាការងើបឈដើរទៅមុខ មើលថែទាំកូនប្រុសអោយល្អដើម្បីអនាគតកូននោះ ដើម្បីអោយឪពុកគេស្ងប់ចិត្តផងដែរ។ បែបនេះហើយទើបនាងខិតខំ ធ្វើការទាំងចូលសិល្បៈ និងយកពេលវេលាលក់ដូរផលិតផល តាមអនឡាញដែលកំពុងទាក់ទាញ។
ឡោម លក្ខិណា ក៏មិនចង់បើកកកាយនូវការសួរនាំរឿងគូថ្មីអ្វីឡើយ រឿងសំខាន់តែម្យ៉ាងគឺមើលកូនជួយក្រុមគ្រួសារនិង ការងាររកសុី។ នាងថារាល់អ្វីដែលនិយាយដល់មិនអាចខ្វះបាន គឺរឿងមុខរបរ ដោយគិតច្នៃអោយប្រសើរ ជៀងគិតលើស្នេហាដែលនាងនោះអាចជាបញ្ហា ដែលមិនគួរប្រញាប់យកមកវិភាគនៅពេលនេះឡើយ។