ក្នុងខ្សែភាពយន្តភាគរឿង«ភ្លើងស្នេហ៍ភ្លើងគំនុំ» របស់ទូរទស្សន៍បាយ័ន បានធ្វើអោយតារាស្រីរូបនេះលេចធ្លោរមិនធម្មតា។ ស្រីលាភ ត្រូវគេមើលឃើញថា ពូកែដាក់អារម្មណ៍ជាតួអង្គ ទាំងកម្សត់ និងកាច រហូតមានអ្នកសរសើរថា តារាដែលធ្លាប់កំប្លែង ធ្វើអោយគេសើចសប្បាយ អាចប្តូរស្ទីលមកលេងជា តារាភាពយន្តបានល្អបែបនេះ។ យ៉ាងណា ស្រីលាភ ក៏មានអារម្មណ៍ថាពិបាក ពេលធ្វើដំណើរចេញទៅថតភាពយន្តម្តងៗផងដែរ ទើបអ្នកនាងថាលែងចង់ថត។
កំពុង តែត្រូវប៉ាន់ ជាមួយអាជីពជាតារាភាពយន្តផងពេលនេះ អ្នកនាង គង់ ចាន់សុីណា ហៅនាងលាភ បែរជាបានបង្ហាញអារម្មណ៍ ចង់ដោះដៃចេញពីការងារសម្តែងមួយនេះទៅវិញ។ ស្រីលាភដែលខកខានការសម្តែងកំប្លែង ហើយងាកមកថតភាពយន្តនោះ ត្រួវបានគេសរសើរថា មានសមត្ថភាព និងទេពកោសល្យល្អ និងមិននឹកស្មាននោះទេ បន្ទាប់ពីអ្នកនាងស្រាប់តែអាចឆ្មក់បានជាតួភាពយន្ត ហើយសម្ដែងបានលេចធ្លោរ រហូតធ្វើអោយផលិតករទាក់ទាញចង់អោយសម្ដែងបណ្ដាក់គ្នា។
ស្រីលាភ ដែលមានកូនភ្លោះស្រី២រូប ចំណងដៃជាមួយ នាយក្រឹម បាននិយាយថា « ពិបាកតែរឿងងើបពីព្រឹក រត់ចោលកូន ទៅថតរឿងភាគតែម្យ៉ាងប៉ុណ្ណោះ។ បើនិយាយពីរឿងសម្តែង មិនសូវលំបាកសំខាន់ធ្វើទៅតាម អ្នកដឹកប្រាប់គឺរួច។ ២ឬ៣រឿងកន្លងទៅមកដល់ផ្ទះយប់ជ្រៅ ងើបពីព្រឹករត់ទៅថត ទាំងធ្ងន់ក្បាល ។ ម្យ៉ាងជាម្តាយមិនមែនងើបឡើង ធ្វើខ្លួនចាំថតនោះទេ រៀបចំអាហារចំណីប្តី មើលរបស់របរ របស់កូនៗ អោយរៀបរយទើបស្រឡះចិត្ត។ បែបនេះហើយ ទើបគិតថាថតជាចម្រៀងអឹមវី ឬឈុតឆាកខ្លីៗ និងឡើងកម្មវិធីផ្សេងៗស្រួលជាង។ បើថតវិញឆ្ងាយផ្ទះឆ្ងាយសម្បែងណាស់ ទំរាំមានពេលមកជួបមុខកូន។ អ្នកនាងបន្តថា ភាពយន្តអាចនឹងផ្អាកទទួល ដោយសារតែគ្រប់ពេលអ្នកនាងទទួលថតម្ដងៗ គឺអារម្មណ៍នៅតែកូននៅតែផ្ទះ ជាពិសេសនៅពេលការថតរឿងត្រូវដាច់យប់ និងត្រូវដេកផ្លូវម្ដងៗ។