បើទោះជាមមាញឹកខ្លាំងក្នុងការនិពន្ធចម្រៀង និង បទភ្លេង ស្ទើររកពេលសម្រាកមិនបាន ក៏លោក អុីម៉ូ នៅតែបញ្ចេញបទចម្រៀងផ្ទាល់ខ្លួន ដើម្បីអោយអ្នកគាំទ្របានឃើញ។ បទចម្រៀងថ្មីសន្លាងរបស់លោក ក៏ចាត់ទុកថាជាការរំលឹកដល់អាជីពចម្រៀង ដែលលោកធ្លាប់បានដកឃ្លាមួយរយៈ ក្រោយពេលជោគជ័យក្នុងអាជីពផលិតបទភ្លេង។
លោក អុីម៉ូ បញ្ជាក់ថា ហេតុផលដែលលោកនៅតែបញ្ចេញបទចម្រៀងផ្ទាល់ខ្លូន មិនមែនក្នុងបំណង ប្រឡូកស៊ប់នឹងអាជីពច្រៀង ហើយចង់រយាលពីការផលិតចម្រៀងនោះទេ ដោយសារតែលោកក៏មមាញឹកខ្លាំង នឹងការផលិតបទថ្មី អោយតារាល្បីៗ និង ផលិតកម្មមួយចំនួន មិនសូវទំនេរដែរ។ លោកថា បទថ្មីដែលបានបង្ហាញនេះ គឺដើម្បីកុំអោយអ្នកគាំទ្រភ្លេចមុខ ហើយប្រសិនបើមានការទំនាក់ទំនងអោយឡើងឆាក ឬ ចូលរួមប្រគំតន្ត្រីណាមួយ ក៏នឹងចូលរួមផងដែរ។ ក្នុងពេលខាងមុខៗ លោកក៏នឹងបញ្ចេញបទផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ ដើម្បីរំលឹកអាជីពចម្រៀងឡើងវិញ និង ដើម្បីកុំអោយមហាជនភកលេចមុខផង។
លោក អុីម៉ូ នាពេលកន្លងមក ក៏ធ្លាប់បានបញ្ចេញបទនិពន្ធផ្ទាល់ខ្លួន និង ច្រៀងដោយផ្ទាល់បែបនេះផងដែរ ដូចជាបទ«លេីលោកនេះ មានមនុស្សស្មោះទេ»
«ខ្ញុំចង់ធ្វើជាមនុស្ស គ្មានបេះដូង» «ស្រលាញ់អូនត្រង់ឆ្នាស់» និង បទ«ខ្ញុំជាប្រុសទេចា» ជាដើម។ លោកក៏ត្រូវគេស្គាល់ច្រើន តាមរយៈផលិតសាច់ភ្លេងល្អៗ អោយតារាល្បីៗមួយចំនួន បានសាងប្រជាប្រិយភាពនៅក្នុងវិស័យចម្រៀងផងដែរ។