ថ្មីត្បិតតែមិនមានបទពិសោធន៍ច្រើនឆ្នាំ ដូចគ្នានឹងអ្នក Make up ល្បីៗ តារាអ្នកផាត់មុខវ័យ២៣ឆ្នាំ លោក ចឹក វុទ្ធី ដែលអ្នកក្នុងវិស័យផាត់មុខ និយមហៅថា ធីការ៉េ ៨ ក៏ត្រូវគេថាត់ទុកថា ជាអ្នក Make up កូនក្រមុំដ៏ចំណានម្នាក់ ដែលមិនអាចមើលរំលងពីស្នាដៃនោះដែរ។ លោកកាន់តែមានការចាប់អារម្មណ៏ នៅពេលមានការទម្លាយថា គ្រាន់តែហែលឆ្លងពីជីវិត ដែលមានឪពុកត្រឹមតែជាអ្នករត់ម៉ូតូឌុប មានម្ដាយជាកម្មការិនីរោងចក្រ និង មានជីវិតខ្វះខាតនៅខេត្តកំពង់ធំ ដែលគ្មានលទ្ធភាពអាចអោយលោក ដែលជាកូនច្បងគេបានបន្តការសិក្សាប៉ុណ្ណោះ.។ ប៉ុន្តែ ចឹក វុទ្ធី នៅតែអាចជម្នះនឹងភាពក្របាន ដោយដើរស៊ីឈ្នួលគេយកលុយមករៀនខ្លួនឯង និង ស៊ូទាំងរកការងារ យកលុយមកផ្ទប់ឪពុកម្ដាយបន្ថែមទៀត ដែលបទពិសោធន៏នៃការតស៊ូរបស់លោក គឺជាពន្លឺនាំផ្លូវដ៏ស្វាងភ្នែក សម្រាប់អ្នកអះអាងថា ខ្លួនក្រ និង ខ្វះខាត ផ្សេងទៀត ដើម្បីអោយមើលគំរូ ហើយប្រឹងដើរទៅមុខទៀត។ លោកមិនត្រឹមតែអាចចេញផុតពីជីវិតក្រលំបាក ដែលធ្លាប់រុំព័ទ្ធតែម្យ៉ាងនោះទេ តែក៏កំពុងលើកមុខគ្រួសារ អោយមានកិត្តិយស តាមរយៈឨកាសដែលលោកស្រាប់តែអាចវិវត្តន៍ខ្លួន ក្លាយជាអ្នកផាត់មុខកូនក្រមុំ ដែលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ ដោយលែងពិបាកដូចមុន និង ថែមទាំងអាចធ្វើអោយខ្លួនលោកក្លាយជាទីត្រូវការរបស់តារាល្បីៗ និង កម្មវិធីធំៗ ធ្វើអោយលោកក្លាយជាបុគ្គលដែលមានតម្លៃនៅក្នុងសង្គមនោះ។ ថ្វីត្បិតតែមិនទាន់ជោគជ័យធំដុំ តែអ្វីដែលលោកសម្រេចបាន ត្រូវបានលោកចាត់ទុកថាគឺជាលទ្ធផលល្អ ព្រោះបើក្នុងពេលនេះ លោកមិនអាចងើបផុតពីជីវភាពដូចអតីតកាល មិនដឹងថា គ្រួសាររបស់លោក នឹងជួបនូវផលវិបាកអ្វីខ្លះនោះទេ ស្របពេលដែលម្ដាយឪពុករបស់លោក ក៏រកចំណូលលែងសូវបាន ហើយប្អូនៗរបស់លោក២នាក់ទៀត ក៏សុទ្ធតែនៅតូចៗ ដែលមិនអាចជួយដល់គ្រួសារលោកបាន។ អ្នកជំនាញផាត់មុខកូនក្រមុំដ៏ចំណានរូបនេះ បានលើកឡើងថា នៅខេត្តកំពង់ធំ គ្រួសាររបស់លោកគ្រាន់រស់ទាំងលំបាក ក្នុងពេលលោកនៅស្ទើរតែប៉ុណ្ណោះ ដោយឪពុកប្រឹងរត់ម៉ូតូឌុប ហើយម្ដាយកាត់ដេរ បានត្រឹមតែប្រាក់បង់ធនាគារ និង រស់ទាំងលំបាក ដោយមិនមានលទ្ធភាពអោយលោកអាចទៅសាលាបានស្រួលដូចក្មេងក្នុងភូមិឡើយ។ យ៉ាងណាក៏ដោយលោកមិនបានឈប់រៀន ដូចអ្វីដែលគ្រួសារលោកបានហែលឆ្លងនោះទេ។ ផ្ទុយទៅវិញគឺប្រឹងពុះពារស្វែងរកច្រកចេញ ហើយដោយការព្យាយាម លោកមិនត្រឹមតែអាចរកលុយយកមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួន បានដល់ចប់ដូចក្ដីស្រម៉ៃតែម្យ៉ាងទេ តែក៏អាចរកលុយបណ្ដើរជួយដល់គ្រួសារ តាំងពីកំពុងរៀនវិទ្យាល័យនោះផង។ លោកកាន់តែមានមោទនភាព ដែលមានមនុស្សស្រលាញ់រាប់អានជួយជំរុញ ហើយទីបំផុតក៏អាចក្លាយខ្លួនជាអ្នកផាត់មុខកូនក្រមុំ និង តារាល្បីៗ ដែលអាចរកចំណូលបានមួយរោងៗក្បែរៗពាន់ដុល្លារ ហើយជាការងារ ដែលកូនអ្នកក្រដូចលោកមិនធ្លាប់ស្រម៉ៃ ព្រោះបានចំណូលខ្ពស់ហើយ ថែមទាំងធ្វើការជាមួយបុគ្គលលំដាប់ៗទៀត។ ជាក់ស្ដែង ក្នុងរយៈពេលចុងក្រោយ គឺភាគរយតិចណាស់ ដែលម្ចាស់ពិធី ដែលលោកធ្វើការជាមួយ មិនមែនជាលោកជំទាវ ឬ មិនមែនជាកូនស្រីក្នុងត្រកូលអភិជន ដែលនេះគឺជាអ្វីដែលលោក ក៏នឹកស្មានមិនដល់។ លោកកាន់តែមានមោទនភាព ដែលតារាល្បីៗច្រើនឡើង នៅក្នុងសិល្បៈ ទទួលស្គាល់ស្នាដៃរបស់លោក ជាពិសេសគឺក្រុមបេក្ខនារី Miss Universe ដែលកំពុងប្រកួតប្រជែង និង តារាសម្ដែង កញ្ញា យ៉ែម ស្រីពេជ្រ ជាដើម ដែលនាងកំពុងល្បីក្នុងភាពយន្តថៃ យ៉ាងកក្រើកនោះ។ លោកត្រូវគេស្គាល់ថា បានបោះបង់ការងារធនាគារ ហើយមកស៊ប់នឹងអាជីពផាត់មុខនេះផង ក្រោយស្នាដៃរបស់លោកកាន់តែមានការគាំទ្រ ដល់ថ្នាក់រវល់លែងស្គាល់ខែវស្សា។