ក្នុងមង្គលការដ៏ល្បីល្បាញ របស់ត្រកូលអភិជន ដែលកូនកំលោះ គឺជាកូនបង្កើតរបស់ថៅកែជីបម៉ុង ហើយកូនក្រមុំ គឺជាចៅស្រីរបស់ឯកឧត្តម ជា សុផារ៉ា ក៏មានវង់តន្ត្រីរបស់ លោកបណ្ឌិត្យព្យាណូ សូ ស្រណោះ ផងដែរ ខណៈដែលក្នុងពិធីពិសារអាហារពេលល្ងាចដ៏កក្រើកនៃពិធីនោះ វង់តន្ត្រីរបស់លោក ត្រូវបានម្ចាស់ពិធី តម្រូវអោយប្រគំត្រឹមតែ៥បទតែប៉ុណ្ណោះ ដែលជារឿងកម្រឃើញ តែបើសំលឹងទៅមើលតម្លៃសម្រាប់តន្ត្រីមួយវង់នេះវិញ គឺកប់ពពក ដែលមិននឹកស្មានថាម្ចាស់ពិធីហ៊ានចំណាយដល់ម្លឹង ដើម្បីអោយកាន់តែមើលឃើញពីភាពអធឹកអធម។
ចាត់ទុកថាគឺជារឿងដ៏កម្រផងដែរ ដែលពិធីមួយ ហ៊ានចំណាយយកវង់តន្ត្រីធំៗដល់ទៅ២វង់ផ្សេងគ្នា គឺវង់តន្ត្រីរបស់ផលិតកម្មហង្សមាស ដែលត្រូវគេដឹងថាប្រមូលផ្ដុំសុទ្ធតែតារាល្បីៗ និង វង់តន្ត្រីមួយក្រុមធំរបស់លោក សូ ស្រណោះ ដែលជាតន្ត្រីក្លាស៊ិកតាមបែបបស្ចឹមប្រទេស អោយប្រគំសូរសៀងកំដរភ្ញៀវ។ អ្វីដែលកាន់តែធ្វើអោយមហាជនចាប់អារម្មណ៍ទៅទៀត គឺវង់តន្ត្រីរបស់ លោក សូ ស្រណោះ មិនត្រូវបានម្ចាស់ពិធីអនុញ្ញាតិអោយសម្ដែងច្រើនបទអោយសមនឹងតម្លៃរបស់ Band នេះឡើយ តែបែរជាអោយសម្ដែងតែ៥បទ ដែលធ្វើអោយគេគ្រប់គ្នាយល់ថា គឺពិតជាមិនធម្មតា ត្រឹមការសម្ដែងតែ៥បទសោះ ក៏ហ៊ានជ្រើសតន្ត្រីក្លាស៊ិកមួយវង់យ៉ាងធំ យកទៅលម្អពិធី។
លោក សូរ ស្រណោះ អ្នកគ្រប់គ្រងតន្ត្រីបែបបស្ចឹមប្រទេសមួយនេះ បានថ្លែងបញ្ជាក់ថា នេះជាលើកដំបូង ដែលពិធីមង្គលការមួយ ហ៊ានចំណាយអោយលោករៀបចំតន្ត្រីជាទ្រង់ទ្រាយធំ ដោយមានអ្នកលេងឧបករណ៍រហូតដល់ជាង៤០នាក់ ក្រោមការសហការពីគ្រូបង្វឹកវ័យក្មេង លោក ខេលី ដែលគេស្គាល់ថាគឺជាតារាចម្រៀងមួយរូប។ ការសម្ដែងទាំងមូល គឺទម្រាំតែអាចសម្ដែងបាន គឺមានការហ្វឹកហាត់រហូតដល់ជិត៣ខែ ខណៈដែលការសមសម្រេចក៏ប្រើពេលជិតកន្លះខែ។ ក្នុងនោះភាគីកូនកំលោះ ក៌បានទៅហ្វឹកហាត់សមដោយផ្ទាល់ ដើម្បីឡើងច្រៀង Surprise កូនក្រមុំ និង ក្នុងឱកាសឡើងថ្លែងអំណរគុណភ្ញៀវនៅក្នុងពិធីធំនោះផងដែរ ទើបលោកយល់ថា គឺជាកិត្តិយសមួយ ដែលវង់តន្ត្រី យ៉ូតុគូប៊ិ ក្រោមការបង្កើតឡើងរបស់លោក ដោយមានតារាចម្រៀង លោក ខេលី ដែលជាអ្នកជំនាញជួយគ្រប់គ្រង ទទួលបានការគាំទ្រកម្រិតខ្ពស់បែបនេះ។ លោក និង លោក ខេលី ក៏កំពុងពង្រឹងក្រុមសម្ដែង ដើម្បីវាយលុកក្នុងមង្គលការសម្រាប់រដូវកាលក្រោយ អោយកាន់តែមានការគាំទ្រផងដែរ ដើម្បីអោយតន្ត្រីបែបជប៉ុនមួយនេះ មានសន្ទុះខ្លាំងក្លា៕