នៅក្នុងវីដេអូកិច្ចសម្ភាសន៍ជាមួយផ្ទះតារាកាលពីពេលថ្មីៗ លោកស្រី យុិច ហុងតាំង និង ស្វាមី លោក ស៊ូថេង តាំង បានបង្កអោយមានការចាប់អារម្មណ៍ចំពោះការលះបង់របស់លោកទាំងពីរយ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានចំណាយពេលរហូតដល់ជាង២០ឆ្នាំ ជាមួយសិប្បកម្មជនពិការ ដែលមានឈ្មោះថា សិប្បកម្ម Peacehandicrafts សន្តិភាពវត្ថុអនុស្សាវរីយ៍ដែលផលិតដោយជនពិការ ទាំងដែលអ្នកទាំងពីរត្រូវខំរកលុយពីជំនួញផ្សេងៗ និង ពីចំណូលផ្ទាល់ខ្លួនយកមកទប់។ ជាក់ស្ដែងបើទោះជាសម័យកូវីត១៩បានបង្កកនូវប្រាក់ចំណូល ដែលកាន់តែពិបាក ក៏អ្នកទាំងពីរនៅតែតស៊ូ ព្រោះមិនចង់បិទទ្វារ និង មិនចង់អោយជនពិការ ដែលភាគច្រើនជាជនគរថ្លង់ទាំងនោះ ក្លាយជាជនតែលតោល និង គ្មានប្រាក់ចំណូល។

លោកស្រី យុិច ហុងតាំង ដែលជាអណិកជនខ្មែរ នៅអូស្ត្រាលី និង ជាអតីតគ្រូបង្រៀនផ្នែកឌីហ្សាញនៅក្នុងប្រទេសនោះ បានថ្លែងប្រាប់ថា ដោយសារតែដំណើរចុះមកលេងកម្ពុជា នាពេលកន្លងមក លោកស្រីនឹងស្វាមីបានឃើញពីការលំបាករបស់ស្ត្រីក្រីក្រ និង ជនពិការមួយចំនួន ទើបលោកស្រី និង ស្វាមី សម្រេចចុះមកកម្ពុជា ហើយក៏មកជួយការងារក្នុងសិប្បកម្មជនពិការនេះ ដែលកាលពីមុន គឺការកែច្នៃខ្វះភាពទំនើប និង ពិបាករកចំណូល។ លោកស្រី និង ស្វាមី បានបំពាក់ម៉ាស៊ីនទំនើបជាងមុន និង បង្រៀនពីការកែច្នៃកាន់តែល្អ តែបើទោះជាផលិតផលដែលផលិតបាន មានការគាំទ្រល្អប្រសើរ នាមុនពេលកូវីត១៩ផ្ទុះខ្លាំង ក៏ចំណូលទាំងនោះបានត្រឹមតែចិញ្ចឹមជនពិការ និង ស្ត្រីក្រីក្រ ដែលជាសិប្បករតែប៉ុណ្ណោះ។ ដូច្នេះហើយទើបលោកស្រី និង ស្វាមី ត្រូវបង្ខំចិត្តបែងចែកទីតាំងផ្ទះជួល ដែលប្រើសម្រាប់ធ្វើជាកន្លែងតាំងលក់ផលិតផលសិប្បកម្ម ជា Mart លក់ទំនិញនៅផ្នែកខាងក្រោម ហើយលើកផលិតផលសិប្បកម្មទៅរៀបលក់នៅផ្នែកខាងលើវិញ ដើម្បីតកចំណូលមកផ្ទប់ឈ្នួលផ្ទះ។

លោក ស៊ូថេង តាំង បញ្ជាក់ថា ផលិតផលដែលជនពិការផលិតបានរាល់ថ្ងៃភាគច្រើន គឺការកែច្នៃកាបូបគ្រប់ប្រភេទពី បាវស៊ីម៉ង់ ពីការ៉ុងអង្ករ និង ពីស្បៃមុងជាដើម តែក៏មានផលិតផលច្នៃចេញពីសូត្រ និង ពិវត្ថុផ្សេងៗផងដែរ ដោយគ្រាន់តែផលិតផលពី បាវ ការ៉ុង ដែលជាកាកសំណល់ គឺបានផ្ដោតខ្លាំងព្រោះតែកន្លងមក មានជនបរទេសជួយជាវច្រើន។ លោកថារយៈពេលជាង២០ឆ្នាំ តាំងបន្តការគ្រប់គ្រងសិប្បកម្មមួយនេះ គឺលោក និង ភរិយា ជួបផលវិបាកយ៉ាងខ្លាំង ជាពិសេសគឺថវិកាឈ្នួលផ្ទះ និង ប្រាក់ខែជូនដល់សិប្បករ ប៉ុន្តែលោក និង ភរិយា នៅតែស៊ូមិនបិទទ្វារ ព្រោះបើសម្រេចចិត្តបិទទ្វារ មិនដឹងថាតើជនពិការ ដែលអ្នកខ្លះរស់នៅ និង អ្នកខ្លះកំពុងផលិតអោយសិប្បកម្មតាមផ្ទះ មានប្រាក់ចំណូលមកពីណា។ លោក និង ភរិយា ពឹងតែចំណូលពីខាងក្រៅ និង ពីការបើក Mart យកមកទប់ប៉ុណ្ណោះ បើតាមតែពឹងលើការលក់ផលិតផលដែលជនពិការបានផលិត គឺប្រាកដជាត្រូវម្ចាស់ផ្ទះដកយកផ្ទះយូរមកហើយ។

គួរបញ្ជាក់ផងដែរថា ទីតាំងសិប្បកម្មរបស់លោកទាំងពីរ មានទីតាំងស្ថិតនៅម្ដុំផ្សារទួលទំពូង ស្ថិតនៅ ក្នុង Mart ឈ្មោះ ម៉ាតដឺធ្វិន
នៅខាងត្បូងផ្សារទួលទំពូង (ប្រហែលជា ៥០ម៉ែត្រពីផ្សារ) នៅលើផ្លូវ ១៥៥ ផ្ទះលេខ39C សង្កាត់ទួលទំពូង១​ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ ទំនាក់ទំនងតាមតេលេក្រាម របស់សិប្បកម្មផ្ទាល់ +85512788089។

LEAVE A REPLY

Please enter your comment!
Please enter your name here