ថ្វីត្បិតតែពិធីត្រូវបានបញ្ចប់ តែតារាអនឡាញ អ្នកនាង ម៉ូលីកា នៅតែបានបង្ហាញអារម្មណ៍សែនរំភើបចិត្តក្រៃលែង នៅពេលអ្នកនាងនឹកដល់ទិដ្ឋភាព ថ្ងៃពិធី ដែលមាន លោកជំទាវ ហ៊ុន ស៊ីណាត ផ្ដល់កិត្តិយសមកចូលរួម និង មកជូនពរនាងដោយផ្ទាល់ ដោយនាងយល់ថា នេះគឺជាមហាកិត្តិយសដ៏ធំធេងក្នុងជីវិត។
អារម្មណ៍រំភើបនេះ គឺនៅតែងំ ក្រោយបានធ្វើខួបកំណើតឲ្យកូនស្រីសំណព្វចិត្តរបស់នាងនុណ ច័ន្ទម៉ូនីតា គម្រប់២ឆ្នាំនិងឡើងផ្ទះថ្មីកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ ផ្គួបនឹងឡើងវីឡា។ ក្ដីរំភើបនោះ កាន់តែមានសន្ទុះ នៅពេលនឹកដល់វត្តមានដ៍ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ដែលនាងយល់ថា ខ្លួនពិតជាមានសំណាង ដែលទទួលបានការសណ្ដោសពីលោកជំទាវ ដោយលោកជំទាវបានចំណាយពេលវេលាអញ្ជើញចូលរួមហើយលោកជំទាវថែមទាំងចងដៃលើកទឹកចិត្តដល់នាង និង ស្វាមីនោះ។ ម៉ូលីកា ដែលត្រូវបានគេចាត់ទុកថាជាកំពូលអ្នកលក់Online ម្នាក់បានសរសេរនៅលើបណ្ដាញសង្គមថា ”លោកជំទាវម៉ែ គាត់មកចូលរួមកម្មវិធីខ្ញុំ គាត់ចងដៃខ្ញុំទៀត ខ្ញុំពិតជាមានសំណាងណាស់។ តើខ្ញុំធ្វើបុណ្យអ្វីខ្លះពីមុនមក បានថ្ងៃពិសេសរបស់ខ្ញុំ,ខ្ញុំមានសំណាងបានជំទាវម៉ែហ៊ុន ស៊ីណាត មកចូលរួមនិងជូនពរក្នុងថ្ងៃពិសេសនេះ!កូនសូមអរគុណ និងជូនពរជំទាវម៉ែ ឲ្យមានសុខភាពល្អ និងជាម្លប់ដល់កូនចៅ”។
ក្រៅពីមានមោទនភាពនិងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានប្អូនលោកនាយករដ្ឋមន្រ្ដីចូលរួមឲ្យពរជ័យនោះម៉ូលីកា និងស្វាមីនាងលោកហុង មានុណ ក៍បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់មិត្តរួមអាជីព និងបណ្ដារដៃគូអ្នករកស៊ីOnline ជាមួយគ្នា រួមទាំងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់អ្នកទាំងពីរផងដែរ។ ម៉ូលីកា ចាត់ទុកការមកលើកទឹកចិត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូននោះជាសក្ខីភាពមួយបញ្ជាក់ថាទោះជាមានមុខរបររកស៊ីដូចគ្នាមែន តែមិត្តភក្ដិនិងបងប្អូន ទាំងអស់សហការណ៍និងរាប់អានគ្នាខ្លាំងណាស់ហើយពួកគេរីករាយនៅពេលដែលឃើញនាងមានការវិវត្តន៍កម្រិតជីវភាពឆ្លងផុតពីការរស់នៅផ្ទះជួលមកសម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃដូចពេលនេះ។