ព្រះតេជគុណ កែវ កក្កដា បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គ បានប្រកាសពីការកសាងព្រះពុទ្ធរូបសង់អំពីមាសសុទ្ធ កម្ពស់៩ម៉ែត្រ ព្រះព្នែន៩ម៉ែត្រ និង ព្របល្ល័ងកម្ពស់ 2.7ម៉ែត្រ លេខ៩ទាំងបីទំហំ ដោយសរុបជាមាសសុទ្ធ គឺរហូតដល់ទម្ងន់ ១៨តោន។ ការប្រកាសរបស់ព្រះអង្គ ត្រូវបានគេចាត់ទុកថា គឺជាគម្រោងដ៏អស្ចារ្យ គឺជាគម្រោងមិនធ្លាប់មាន និង មិននឹកស្មានថា ស្ថាបនិកក្នុងគម្រោងសាងសង់វត្តពុទ្ធគីរីកម្ពុជាអង្គនេះ គឺជាអ្នកផ្ដើមគំនិត ក្នុងការកសាងទាល់តែសោះ។ គម្រោងមួយនេះ ប្រសិនបើអាចលេចឡើងជាផ្លូវការ នោះមិនមែនត្រឹមតែអាចធ្វើអោយមានរូបព្រះពុទ្ធសាងសង់ពីមាសសុទ្ធ ទុកអោយមនុស្សទូទាំងពិភពលោកបានគោរពបូជាតែម្យ៉ាងនោះទេ តែក៏ពិតជាបន្សល់នូវមុខមាត់ដល់ជនជាតិខ្មែរ និង ដល់ព្រះសង្ឃខ្មែរ ដែលពិតជាធ្វើអោយពិភពលោកមានការកោតសរសើរ។ ការសរសើរដ៏ច្រើនលើសលប់នេះ ត្រូវបានគេជឿថានឹងបង្ហាញខ្លួនដូចការប្រកាសនោះទេ ដោយសារតែកាលពីប៉ុន្មានឆ្នាំមុន ព្រះអង្គក៏បានប្រកាសពីការកសាងពុទ្ធគីរីកម្ពុជា នៅខេត្តតាកែវ ដែលមានពុទ្ធបដិមានៅជុំវិញភ្នំរហូតដល់ 84000ព្រះអង្គ ហើយក្រោយការប្រកាសតែមួយរយៈប៉ុណ្ណោះ ហើយវត្តពុទ្ធគីរីកម្ពុជាក៏បង្ហាញរូបរៀងពិតប្រាកដមែន ខណៈដែលស្នាដៃសាងសង់ពុទ្ធគីរីកម្ពុជា ដែលមានព្រះពុទ្ធរហូតដល់ជាង 84000អង្គ ក៏ធ្វើអោយពិភពលោកភ្ញាក់ផ្អើលទូទាំងកម្ពុជា និង នៅពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធធ្វើពីមាសសុទ្ធនេះ ត្រូវបានព្រះអង្គថ្វាយព្រះនាមថា ព្រះពុទ្ធសុវណ្ណ ដែលប្រែថា ព្រះពុទ្ធមាស ដោយព្រះអង្គបានអះអាងថា អ្នកមានសំណាងបានចាប់មគ្គផលក្នុងគម្រោងសាងសង់ព្រះធ្វើពីមាសសុទ្ធនេះ គឺនឹងបានកុសលខ្ពស់ណាស់ ព្រោះការរួមចំណែកសាងសង់ព្រះពុទ្ធ គឺនឹងធ្វើអោយអ្នកបានបរិច្ចាគមានពន្លឺ មានប្រាជ្ញា និង បានកុសលខ្ពស់ណាស់ ហើយបើព្រះពុទ្ធដែលសាងសង់នោះគឺសាងសង់ធ្វើពីមាសសុទ្ធទៅទៀត នឹងកាន់តែធ្វើអោយអ្នកបរិច្ចាគចូលរួមបានកុសលដោយនឹងមានរូបឆោមល្អ មានកាយសប្បុរល្អ ដែលពន្លឺក្នុងជីវិត ហើយឈ្នះអស់មា សត្រូវ។
ពាក់ព័ន្ធនឹងចម្ងល់ខាងលើ ព្រះតេជគុណ កែវ កក្កដា ដែលមានស្នាដៃរាប់មិនអស់ក្នុងវិស័យព្រះពុទ្ធសាសនា ក្រៅពីសាងសង់វត្តពុទ្ធគីរីកម្ពុជា ដែលមានព្រះ៨៤០០០អង្គ បានបញ្ជាក់អោយដឹងថា គម្រោងក្នុងការសាងសង់ព្រះពុទ្ធធ្វើពីមាសសុទ្ធនេះ ព្រះអង្គគ្រោងសាងសង់នៅក្នុងវត្តមួយនៅទីក្រុងប៉ារីស ដែលព្រះអង្គកំពុងគង់នៅសព្វថ្ងៃ ដោយសារសម្អាងថា បើដាក់តម្កល់នីទីតាំងនោះ គឺមានសុវត្ថភាព ហើយមិនខ្វល់រឿងអ្នកលួចគាស់។ ប៉ុន្តែមុនពេលចាក់ពុម្ព ព្រះអង្គក៏នឹងមានគម្រោងបង្ហោះបោះឆ្នោត ដើម្បីស្ទង់មតិក្នុងការកំណត់ទីតាំងប្រទេសផងដែរ ដោយអាចវត្តនៅអាមេរិក ដែលព្រះអង្គតែងតែចុះឡើង ឬ អាចនៅកម្ពុជា ប៉ុន្តែភាគរយតម្កល់នៅកម្ពុជា គឺអាចនឹងតិចជាងគេ ដោយសារតែព្រះអង្គលើកឡើងថា ក្រោយការសាងសង់ហើយ គឺអាចនឹងពិបាកដាក់កម្លាំងការពារ ប៉ុន្តែបើនៅស្រុកគេ គឺបញ្ហាគាស់កកាយនេះ គឺមិនៅភ័យនោះទេ ផ្ទុយទៅវិញគឺមានតែជួយថែរក្សា ដោយសារជនជាតិគេគឺស្រលាញ់ស្នាដៃដែលកម្រៗបែបនេះ។ ព្រះអង្គថា ក្នុងពេលបច្ចុប្បន្ន ព្រះអង្គកំពុងដាក់កុងធនាគារ និង អំពាវនាវអោយមនុស្សទូទាំងពិភពលោកចូលរួមជាបច្ច័យ ហើយព្រះអង្គនឹង Update ពីតួលេខនៃបច្ច័យដែលប្រមូលបានជាប្រចាំ ដើម្បីធានាអោយបានតុល្យភាពនៃការរៃអង្គាស។ ជាគម្រោងព្រះអង្គនឹងចាត់ចែងទិញមាសសុទ្ធម្ដងមួយដំណាក់កាលម្ដងមួយដំណាក់កាល ហើយគឺទិញរហូតទាល់តែគ្រប់១៨តោន ទើបយកទៅស្ល ហើយចាក់ចូលក្នុងពុម្ពតែមួយថ្ងៃ ដោយមានការ Live ផ្ទាល់ និង មានកម្លាំងការពារសុវត្ថិភាពតែម្ដង ដើម្បីអោយប្រាកដច្បាស់ថា រូបបដិមាដែលបានសាងសង់ គឺពិតជាធ្វើពីមាសសុទ្ធ១០០ភាគរយ ដោយមិនមែនគ្រាន់តែស្រោបខាងក្រៅ តែខាងក្នុង គឺជាស៊ីម៉ង់ ឬ ស្ពាន់នោះទេ។ ព្រះតេជគុណ កែវ កក្កដា បន្តថា ព្រះបដិមាដែលគ្រោងសាងសង់ ដាច់ខាតត្រូវតែមាសទឹក១០មួយរយភាគរយ ហើយព្រះអង្គនឹងប្ដេជ្ញាសាងសង់បដិមាមួយអង្គនេះ ដោយមាសទឹកដប់ទាំង១៨តោនតែម្ដង ហើយកម្លាំងពីពុទ្ធបរិស័ទនៅគ្រប់ទិសទី និង កម្លាំងមហាជន ដែលព្រះអង្គបានបង្ហោះសេចក្ដីប្រកាសស្ទើរតែគ្រប់ភាសា គឺពិតជាមានអ្នកចង់ចូលរួមបរិច្ចាគច្រើន។ ជាក់ស្ដែងក្រោយការប្រកាសមិនបានប៉ុន្មានផង គឺមានជនជាតិថៃ និង ពុទ្ធបរិស័ទខ្មែរ បានបរិច្ចាគជាបណ្ដើរៗហើយ ខណៈដែលព្រះអង្គមានសង្ឃដីកាថា វត្តមានព្រះសុវណ្ណ នឹងក្លាយជាសមិទ្ធិផលរួមតែមួយ ដែលកើតចេញពីកម្លាំងបរិច្ចាគរបស់មនុស្សទូទាំងពិភពលោក។ សំណង់បដិមានេះ ព្រះអង្គថា បើញាតិញោមខកខានចូលរួម គឺពិតជាគួរអោយស្ដាយណាស់ ព្រោះគម្រោងសាងសង់ព្រះពុទ្ធធ្វើពីមាស ហើយជាបដិមាធំបែបនេះ គឺមិនទាន់មានឡើយនៅលើពិភពលោក។ យ៉ាងណាដោយ ព្រះតេជគុណក៏ទទូចអំពាវនាវ អោយមានការចូលរួមជាបច្ច័យជួយបរិច្ចាគដល់គម្រោងមួយនេះ អោយបានគ្រប់ៗគ្នា តាមរយៈលេខកុងធនាគារទាំង៣ ដើម្បីអោយព្រះអង្គអាចមានលទ្ធភាពសាងសង់ព្រះពុទ្ធធ្វើពីមាស ទុកជាប្រវត្តិសាស្ត្រ៕