រយៈពេលប៉ុន្មានថ្ងៃមកហើយ ដែលតារាចម្រៀង Original Song លោក ទុំ វត្ថិ ដែលបានប្ដូរឈ្មោះពីទុំ សុវត្ថិ បានប្រកាសពីការដូរឈ្មោះ បើទោះជាឈ្មោះ ទុំ សុវត្ថិ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយរួចទៅហើយ នៅក្នុងសិល្បៈ។ លោកចាប់ផ្ដើមឡើងកូដ និង ត្រូវបានគេស្គាល់កាន់តែច្រើន បន្ទាប់ពីត្រូវបានក្រុមហ៊ុន ហួវៃ តែងតាំងជាទូតសុឆន្ទៈ តំណាងជាតារាប្រចាំកម្ពុជា ដោយម៉ាកទូរស័ព្ទដែលលោកកំពុងតំណាងក្នុងនាមជាទូតសុឆន្ទៈ គឺម៉ូដែលម៉ាក Huawei Nova Y90 ។ ជាមួយនឹងឱកាសត្រូវបានក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយនេះ អោយឱកាសនេះហើយ ដែលកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានឈានឡើង ហើយក៏ត្រូវបានក្លាយជាតារាពីកម្ពុជាតែម្នាក់ ដែលតំណាងអោយហួរវៃ ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយនាពេលខាងមុខ ដោយក្នុងព្រឹត្តិការព៍នោះ ត្រូវបានគេដឹងថា តារាដែលជាតំណាងរបស់ផលិតផលហួវៃមកពីប្រទេសមួយចំនួន នឹងជួបជុំគ្នា។
មានការយល់ឃើញថា លោក ទុំ វត្ថិ គ្រាន់តែកាត់ឈ្មោះមួយម៉ាត់ចោលភ្លាម ក៏មានយូអ៊ុនបានជិះយន្តហោះតែម្ដង។ អ្វីដែលគេកាន់តែមានការសរសើរពីសំណាងទៅទៀតនោះ គឺក្រុមហ៊ុនហួរវៃនៅកម្ពុជា ដែលបានអញ្ជើញលោកអោយចូលរួម ក៏បានរៀបចំអោយមានការទៅផ្តិតយកសកម្មភាពរបស់លោកដោយផ្ទាល់នៅក្នុងប្រទេសថៃនោះ ដែលកាន់តែនឹងធ្វើអោយសកម្មភាពរបស់លោកត្រូវបានហ្វេនហ្វេនដឹងឮសុះសាយច្បាស់ណាស់ ដោយសារតែក្រុមអ្នកសារព័ត៌មានផ្ទះតារា គឺជាអ្នកផ្ដិតយកសកម្មភាព និង ភាពលេចធ្លោរបស់លោកដល់ទីនោះដោយផ្ទាល់ ដែលខុសពីតារាខ្លះ ដ្បិតតែត្រូវបានអញ្ជើញអោយចូលរួមព្រឹត្តិការណ៍ក្រៅប្រទេស តែមិនមានការប្រមាញ់អោយឃើញពីសកម្មភាពដោយលម្អិត យកមកផ្សព្វផ្សាយអោយហ្វេនៗឃើញនោះ។ លោក ទុំ វត្ថិ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងក្លាយជាតារាតំណាងអោយប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនហួរវៃ ដោយស្មើមុខស្មើមាត់នឹងតារារបស់ប្រទេសផ្សេងៗ ដែលត្រូវបានក្រុមហ៊ុនទូរស័ព្ទយក្សមួយនេះ តែងតាំងជា B.A ដូចគ្នា។ នៅមិនទាន់ដឹងថា តើលោកនឹងបង្ហាញខ្លួនអមដោយការសម្ដែង ឬ គ្រាន់តែបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសនោះទេ ប៉ុន្តែគឺទោះជាក្នុងលក្ខណ្ឌអ្វីក៏ដោយ គឺតារាចម្រៀងលោក ទុំ វត្ថិ កំពុងក្លាយជាបុគ្គលដែលមានមុខមានមាត់ខ្លាំង ខណៈដែលលោកធ្លាប់តែជាកូនកំព្រា ដែលត្រូវឪពុកម្ដាយបោះបង់ចោលក្រោយចែកផ្លូវ ហើយត្រូវផ្សងព្រេងរស់នៅជាមួយជីដូនចាស់ទាំងក្នុងជីវភាពលំបាកលំបាកអស់ជាង២០ឆ្នាំ។ លោកចាកចេញទៅកាន់ទីក្រុងបាងកកនេះ ក្នុងនាមជាតំណាងផលិតផលទូរស័ព្ទម៉ាក Huawei Nova Y90 ដែលជាស៊េរីចុងក្រោយ និង ទំនើបបំផុត ហើយក៏ជាម៉ូដែលដែលកំពុងប្រកាសលក់ជាផ្លូវការ។
តាមការបញ្ជាក់ គណប្រតិភូរបស់ហួវៃប្រចាំនៅកម្ពុជាទាំងអស់នឹងចាកចេញពីកម្ពុជានៅថ្ងៃទី២៦ កក្កដា ដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីជំនួបយក្សដ៏ធំនេះ នៅល្ងាចថ្ងៃទី២៧ កក្កដា នៅក្នុងការិយាល័យ Huawei APAC Smart Office ដែលនឹងប្រកាសដំណើរការនៅបាងកក។ លោកក៏នឹងគ្រោងតំណាងអោយកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ័ក្រៅប្រទេសធំៗបន្តទៀត ក្រោមការរៀបចំរបស់ក្រុមហ៊ុនហួវៃបន្តបន្ទាប់ ស្របពេលដែលតំណែងជា B.A របស់លោកក៏ត្រូវបានតែងតាំងដោយក្រុមហ៊ុនទូរស័ព្ទយក្ស ដែលមានការិយាល័យ និង ទីផ្សារស្ទើរតែពាសពេញពិភពលោក ដែលតម្រូវអោយបញ្ជូនតារាតំណាងទៅចូលរួម។ តំណាងក្រុមហ៊ុនហួវៃ ក៏បន្តប្រកាសថា នឹងជួយបំពេញក្ដីសុវត្ថិអោយក្មេងប្រុស ដែលហែលឆ្លងនូវជីវិតបាក់បែករូបនេះ អោយលោកបានស្គាល់ពន្លឺផងដែរ ទើបគេមើលឃើញថា ជំហានតែងតាំងលោកជាទូតសុឆន្ទៈ និង អោយតំណាងកម្ពុជាទៅចូលរួមព្រឹត្តិការណ៍នៅថៃលើកនេះ គឺជាការលើកមុខលើកមាត់ដ៏ធំមួយ៕