ដោយកត់សម្គាល់ឃើញពីមានភាពអសកម្មរបស់លោកគ្រូអ្នកគ្រូបង្រៀនមួយចំនួន ដែលមកបំពេញការងារមិនមានការទទួលខុសត្រូវ ជាពិសេសគឺចាប់តាំងពីករណីកូវីត១៩ បានបណ្ដោយអោយគុណភាពបង្រៀន និង​រៀនរបស់គ្រូ និង​ សិស្ស​ ធ្វើអោយគុណភាពក្នុងការបង្រៀនមានការធ្លាក់ចុះ បើធៀបនឹងអំឡុងមុនកូវីត១៩ផ្ទុះឡើង ពេលនេះ​ថ្នាក់ដឹកនាំសាលាបូរី១០០ខ្នង ក្រោមការដឹកនាំរបស់លោក​ ភោគ​ ផលបុណ ជានាយកវិទ្យាល័យ បានសម្រេចធ្វើកំណែទម្រង់នៅទូទាំងវិទ្យាល័យហើយ​ ដោយក្រៅពីបើកការប្រជុំពង្រឹងស្មារតីសិស្ស និ​ង​ អញ្ជើញអាណាព្យាបាលសិស្សតាមកម្រិតថ្នាក់​ ដើម្បីអោយជួយពង្រឹងសិស្សនៅតាមផ្ទះរៀងៗខ្លួន គណៈគ្រប់គ្រងក៏បានបើកការប្រជុំជាមួយលោកគ្រូអ្នកគ្រូតាមក្រុមនីមួយៗ ដើម្បីកែប្រែនូវរាល់កំហុសឆ្គងក្នុងការបង្រៀន និង​ ដើម្បីពង្រឹងគុណភាពបង្រៀនរបស់គ្រូផងដែរ។

លោក​ ភោគ​ ផលបុណ នាយកវិទ្យាល័យបានលើកឡើងថា ចាប់តាំងពីកូវីត១៩ផ្ទុះឡើង លោកគ្រូអ្នកគ្រួមួយចំនួននៅតែផ្ដេកផ្ដួល ដោយបន្តបង្រៀនតាមរបៀបអនឡាញ ហើយធ្វើអោយគុណភាពបង្រៀនក្នុងថ្នាក់ធ្លាក់ចុះ។ លោកថា លោកគ្រូអ្នកគ្រូមិនអាចដាក់មេរៀនអោយសិស្សកត់ ដោយគ្មានសកម្មភាព ហើយមិនបង្រៀនតាមជំហានៗ ដែលបានកំណត់ដោយក្រសួងអប់រំបានឡើយ។ ក្នុងកិច្ចប្រជុំជាមួយក្រុមបច្ចេកទេសខ្មែរមួយ កាលពីថ្ងៃទី២៥ កក្កដា​ ឆ្នាំ២០០២ លោកនាយកបានលើកឡើងចំៗពីបុគ្គលិកអសកម្ម និងទាមទាមអោយកែដាច់ខាត ដើម្បីបញ្ចៀសនូវការបង្រៀនដែលនាំអោយឆកល្វែងគុណភាព។ លោកនាយកប្រកាសដាច់ខាត​ មិនអោយចូលបង្រៀនយឺតម៉ោង ចេញមុនម៉ោង បង្រៀនគ្មានកិច្ចតែងការ សកម្មភាពលក់មេរៀន និង​សកម្មភាពបង្ខំអោយសិស្សរៀនគួរ ឬ​ បង្រៀនក្នុងម៉ោងដោយមិនយកចិត្តទុកដាក់ ហើយបង្រៀនល្អតែពេលបង្រៀនគួរនោះ។

លោកនាយកបន្តថា សាលាមិនអាចបណ្ដោយអោយគុណភាពសាលាធ្លាក់ចុះគុណភាពព្រោះតែគ្រូអសកម្មមួយចំនួន និង​ទាមទាដាច់ខាត សុំអោយបុគ្គលិកគ្រប់កម្រិត ត្រូវតែពង្រឹងសិស្សខ្សោយ និង​រកវិធីសិស្សបែបណា បង្រៀនសិស្សប្រកបដោយការទទួលខុសត្រូវ។ លោកនាយកក៏នឹងតម្រូវអោយលោកគ្រូអ្នកគ្រូត្រូវតែមានសៀវភៅរដ្ឋបាលច្បាស់លាស់​ មានទម្រង់បង្រៀនត្រឹមត្រូវ​ ដោយមិនមែនមកបង្រៀនតែបង្គ្រប់កិច្ច ហើយក្រោយកំណែទម្រង់នេះ លោកនាយកថា នឹងដាក់អោយគណៈគ្រប់គ្រងសាលាចូលត្រួតពិនិត្យតាមម៉ោង​ ដើម្បីប្រាកដថាម៉ោងបង្រៀន គឺលោកគ្រូអ្នកគ្រូបំពេញការងារបានល្អ។ លោកក៏នឹងមានវិធានការចំពោះលោកគ្រូអ្នកគ្រូដែលបន្ថែមពិន្ទុសម្រាប់សិស្សរៀនគួរ និង​លោកគ្រូអ្នកគ្រូ ដែលយកលេសនេះយកនោះ ហើយសុំបង្រៀនតាមអនឡាញកន្លងមកផងដែរ។

ជាមួយនឹងគោលការណ៍កំណែទម្រង់គុណភាពសិក្សានេះ បានធ្វើអោយអាណាព្យាបាលសិស្សបង្ហាញអារម្មណ៍អបអរសាទរយ៉ាងខ្លាំង ស្របពេលដែលសិស្សវិទ្យាល័យបូរី១០០ខ្នង​ ក៏ជាប់ជាសាលាដែលមានវិន័យល្អ និង​មានតួលេខសិស្សជាប់ច្រើន​ និង​មានគុណភាពប្រចាំរាជធានីជាច្រើនឆ្នាំមកហើយ។ ក្នុងនោះគណៈនាយករងទាំង៣រូប​ រួមមាន​ លោក​ ដុក​ ដារ៉ា​ លោក​ ម៉ី​ សុមន្នី និង​ លោក​ ម៉ៅ​ សុខណា ក៏ដុតដៃដុតជើង ក្នុងកំណែទម្រង់ប្រចាំវិទ្យាល័យនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here