តាំងពីកញ្ញា ឆន ស្រីណេត ចេញមុខឈឺឆ្អើលចំពោះពាក្យ សំដី មិនអោយតម្លៃខ្មែរក្រោម របស់លោកអុិន សុភិនមក ធ្វើអោយមានការ អាក់អន់ចិត្តពីអ្នកនៅកម្ពុជាក្រោម។ អ្វីដែលអ្នកនៅទីនោះចង់ឃើញ សុំចិត្តគឺខ្មែរក្រោមគឺជាខ្មែរដូចគ្នាហើយ ខំរក្សាតម្លៃជាខ្មែរតាំងពីយូរយារមកហើយដែរ។
ប្រតិកម្មរបស់កញ្ញា ឆន ស្រីណេត បវរកញ្ញាឯករងទី ១ (1st Runner Up) នៃ កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Univeres Cambodia 2021) ចំពោះលោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia និងជាចាងហ្វាងផលិតកម្មមហាហង្ស ជុំវិញការលើកឡើងរបស់លោកថា កញ្ញា ហង្ស សុរិយាន់ កូនកាត់វៀតណាម ជាតំណាងឲ្យខ្មែរក្រោម ដែលធ្វើឲ្យសាធារណជនមានការភាន់ច្រឡំថា ឲ្យតែកូនកាត់មកពីវៀតណាម គឺជាខ្មែរក្រោម ។
ការសម្តែងនូវក្តីបារម្ភរបស់កញ្ញា ឆន ស្រីណេត ធ្វើឡើងនៅក្នុងសារមួយ ដែលនាងបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងន័យដើមថា « ក្នុងនាម ខ្ញុំជាកូនខ្មែរក្រោមម្នាក់ដែរ នាងខ្ញុំសូមសម្តែងការឈឺចាប់ ក៏ដូចជាមិនយល់ស្រប ដែលលោកពូលើកឡើង និយាយក្នុងការសំភាសន៍មួយនេះទេ ហើយខ្មែរក្រោម ក៏មិនមែនរដើនដូចអ្វី ដែលគាត់និយាយដែរ» ។ កញ្ញា ឆន ស្រីណេត សង្កត់ធ្ងន់ក្នុងសារបង្ហោះដដែលនោះថា «ខ្លាចណាស់ គេគិតថា ខ្មែរក្រោម ជាវៀតណាម» ។
គួរជម្រាបជូនថា វេទិការប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យ នៃ កម្ពុជាឆ្នាំ ២០២២ ឬ Miss Grand Cambodia 2022 បានបើកការប្រកួតរដូវកាលថ្មីនេះ មានភាពប្លែកជាងឆ្នាំមុនៗ ដ្បិតព្រឹត្តិការណ៍នេះ អ្នករៀបចំកម្មវិធី មានដាក់បេក្ខភាពតំណាងឲ្យប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងនោះ ក៏មានបេក្ខនារីតំណាងឲ្យខ្មែរ នៅដែនដីកម្ពុជាក្រោម និងខ្មែរ នៅខេត្តសុរិន្ទ ផង ។