រាត្រីនៃការចងចាំ ដែលជាការរៀបចំឡើងដោយអ្នកច្នៃម៉ូដលោក Oliva Kong ក្លាយជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង ដក់ជាប់នៅក្នុងចិត្តរបស់អ្នកដែលបានចូលរួមពិតប្រាកដមែនតាមរយៈការគាស់រំលើងឡើងវិញនូវទិដ្ឋភាព និង សម្លៀកបំពាក់តាមយុគសម័យរបស់ខ្មែរដ៏រុងរឿងពីមួយសម័យកាល ទៅមួយសម័យកាល។ កម្មវិធីនេះត្រូវបានលោករៀបចំឡើងដើម្បីអបអរក្នុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ2022នេះ នៅក្នុងភូមិគ្រឹះបុរាណ អភិមង្គល ដែលជាផ្ទះដែលត្រូវបានសាងសង់ជារចនាបទបែបខ្មែរ សាកសមជាមួយនឹង Concept ដែលលោកបានបង្កើតឡើងគួរឱ្យទាក់ទាញ។
ឆ្លៀតក្នុងឱកាសនេះដែរលោកក៏បានធ្វើពិធីលាងជើងជូនអ្នកមានគុណទាំងពីរស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរដើម្បីបង្ហាញពីភាពកត្តញ្ញូដឹងគុណព្រមទាំងជូនជាកាដូរដ៏មានតម្លៃដល់អ្នកម្ដាយ និង លោកឪពុកក្នុងឱកាសខួបកំណើតរបស់ខ្លួនផងដែរ។ ចាត់ទុកថានេះគឺជាសកម្មភាពលើកស្ទួយនូវទំនៀមទំលាប់ខ្មែរ និង វប្បធម៌ខ្មែរដ៏ល្អផូផង់ ខណៈភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់គឺលោកតម្រូវឱ្យស្លៀកសម្លៀកបំពាក់បុរាណខ្មែរតាមយុគសម័យដ៏រុងរឿងរបស់ខ្មែរនីមួយៗប្រកបដោយភាពថ្លៃថ្នូរចម្រុះគ្នាប្រៀបបាននឹងកំពុងស្ថិតក្នុងសម័យកាលទាំងនោះថែមទៀតផង។
នៅក្នុងកម្មវិធីនេះដែរលោកក៏បានរៀបចំនៅការដើរម៉ូដសម្លៀកបំពាក់គ្រប់ទម្រង់ អមដំណើរជាមួយចម្រៀងយីកេរដ៏ក្រលួចរបស់អ្នកនាង ស៊ូ ដាណេ ជាមួយនឹងឈុតសម្លៀកបំពាក់ដែលមានតាំងពីសម័យនគរភ្នំ,សម័យលង្វែក, សម័យអង្គរ, សម័យសង្គមរាស្ត្រនិយម, សម័យអាណានិគមនិយមបារាំង និង សម្រៀកបំពាក់តាមសម័យកាលជាច្រើនៗផ្សេងៗទៀត ពិសេសសឈុតសម្លៀកបំពាក់នាទស្សវត្សន៍ 60-70 ដែលត្រូវបានបង្ហាញដោយតារាកិត្តិយស និង កូនសិស្សក្រោមការហ្វឹកហាត់របស់លោកផ្ទាល់។ ក្រៅពីនេះលោកក៏បានរៀបចំនូវវង់តន្ត្រីបុរាណដែលជាប្រពៃណីរបស់ខ្មែរ មានទាំងរបាំ ព្រមទាំងមានការជួបជុំរាំលេងនូវចង្វាក់ជាតិយើងពីមួយបទទៅមួយបទហាក់ឆ្លុះបញ្ចាំងឱ្យឃើញពីសម័យកាលនីមួយៗរបស់ខ្មែរក្នុងពេលតែមួយតែម្ដង។