ខុសពីអ្នកចម្រៀងភាគច្រើន លោក សា ដាណា ដែលជាកូនអ្នកបាត់ដំបង គឺជាអ្នកចម្រៀង ដែលច្រៀងតែបទដែលជាស្នាដៃរបស់ខ្លួន ដោយទាំងប៉ារ៉ូលចម្រៀង ក៏លោកជាអ្នកនិពន្ធដោយផ្ទាល់ ហើយសូម្បីតែបទភ្លេងក៏លោកជាអ្នកបង្កើតមេឡូឌី ហើយទើបអោយក្រុមតន្ត្រីជួយបន្ថែមឱជារស។ មកទល់ពេលនេះ ស្នាដៃជាង៤០បទរបស់លោក កាន់តែទទួលបានការគាំទ្រ ដោយលើយួធូប បទចម្រៀងទាំងនោះ អាចជួយអោយលោកទទួលបានចំណូលគួរសមនោះផង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក សា ដាណា លោកបានបញ្ជាក់ថា ដោយសារតែក្ដីស្រលាញ់ លោកក៏តែងតែស្វែងយល់ពីការនិពន្ធចម្រៀង ហើយបន្តបន្ទាប់មកក៏ឈានដល់ការរៀនភ្លេង និង ផលិតមេរ៉ូឌីលេង ហើយក្រោយការផលិតបានក៏យកមកច្រៀងខ្លួនឯង ព្រោះតែចង់សម្រេចបំណងក្លាយជាអ្នកសិល្បៈ។ បើទោះជាបទចម្រៀងដែលលោកនិពន្ធ និង ច្រៀងដោយផ្ទាល់ កាន់តែមានការគាំទ្រ តែលោកមិនមានបំណងប្រកួតប្រជែងជាមួយអ្នកណានោះទេ ដោយចាត់ទុកថាស្នាដៃដែលបានលេចឡើង នឹងក្លាយជាស្នាដៃក្រោយពេលចាស់ទៅនោះផង។
អ្វីដែលជាលក្ខណៈពិសេសគឺគ្រប់ស្នាដៃប៉ារ៉ូលបទចម្រៀងរបស់លោក គឺសុទ្ធតែមានមនោអារម្មណ៍បែបបទលំនាំមរតកដើម ដោយលោកបញ្ជាក់ថា ស្នាដៃភាគច្រើនរបស់លោក គឺច្រើនបង្កប់ពីការរៀបរាប់រឿងរ៉ាវស្នេហាភ្ជាប់នឹងទីតាំងអមដោយការរំលេចពីទេសភាព ដែលលោកយល់ថា ទំនោរដែលលោកចូលចិត្តនិពន្ធតែប៉ារ៉ូលដែលមានទម្រង់បែបនោះ គឺដោយសារតែលោកដិតដាមដោយបទចម្រៀងក្នុងសម័យលោកតា ស៊ីន ស៊ីសាមុត និង ដោយសារតែលោកចង់បន្សល់ទុកស្នាដៃអោយខុសពីអ្នកនិពន្ធបែបយុវវ័យ ដែលភាគច្រើនចូលចិត្តរំលេចតែខ្លឹមសារបទបែបទម្រង់បែកស្លុយនោះ។ លោកក៏នឹងបង្កើនស្នាដៃនៅក្នុងយូធូប អោយកាន់តែច្រើនផងដែរ ក្រោយពេលបានរួមជាមួយមិត្តភ័ក្ត្រ បង្កើតជាក្រុមតន្ត្រី និង ស្ទីឌីយោ ដើម្បីផលិតបទថ្មីៗ៕