ឃើញត្រឹមតែរូបថត គេស្មានថានេះគឺជាពិធីកាន់វេន ហែរកឋិន ឬ ពិធីបុណ្យឯកជនណាមួយជាក់ជាមិនខាន ប៉ុន្តែការពិតនេះគ្រាន់តែជាសកម្មភាពជួបជុំគ្នាទៅវត្ត របស់ម្ចាស់ហាង កាត់ដេរ មុន្នីនិត និង ក្រុមជាងដេរ កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ដែលនេះគ្រាន់តែជាសកម្មភាពទៅវត្តដូចគេដូចឯងប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រី និង ក្រុមការងារ បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែបានស្លៀកឈុតហូលផាមួងប្រពៃណីខ្មែរ អមដោយកន្សែងពានា ហើយថែមទាំងស្លៀកគ្រប់៧ពណ៌តាមថ្ងៃទៀតផង។
អ្នកស្រី យិន រំដួល ហៅមន្នីនិត ម្ចាស់ហាង មុន្នីនិត កាត់ដេរ ដែលជាហាងធំមួយនៅផ្សារស៊ីធីម៉ល ជាប់អាងទឹកអូឡាំពិក បានថ្លែងប្រាប់ថា ជារៀងរាល់រដួវភ្ជុំ អ្នកស្រីតែងតែដឹកនាំជាងដេរ និង ក្រុមការងារប្រចាំហាងទាំងអស់ ទៅវត្តទៅវ៉ាបែបនេះ ប៉ុន្តែអ្វីដែលប្លែកឆ្នាំនេះ គឺក្រុមការងារអ្នកស្រីទាំងអស់ បានស្លៀកឈុតប្រពៃណីខ្មែរស្រុះដៃគ្នា ដោយរាប់ទាំងសមាជិកគ្រួសាររបស់អ្នកស្រី និង ក្រុមជាងៗ ទាំងជាង៤០នាក់ គឺអ្នកទៅវត្តជុំគ្នាដែលបានឃើញនេះ គឺមានចំនួនរហូតដល់ជាង៦០នាក់។ អ្នកទាំងអស់ដែលជាក្រុមជាងៗនេះ គឺអ្នកស្រីបានកាដូឈុតហូលផាមួង ក្នុងម្នាក់មួយកំប្លេទាំងអស់ ដោយគ្រាន់តែបែងចែកពណ៌ ដើម្បីអោយកូនក្រុមរបស់ហាងមុន្នីនិតទាំងអស់ មានឈុតប្រពៃណីថ្មីសន្លាង ដើម្បីស្លៀកទៅវត្តដូចៗគ្នា។ អ្នកស្រីថា ហាងទាំងមូលតែងតែកាដូឈុតថ្មីរាល់ពេលបុណ្យទានបែបនេះ ប៉ុន្តែឆ្នាំនេះ គឺអ្នកស្រីកាដូដូចៗចំរដូវបុណ្យភ្ជុំតែម្ដង ដើម្បីកុំអោយមានអ្នកស្លៀកឈុតមិនស៊ីនឹងគ្នា ក្នុងថ្ងៃទៅវត្ត។ ឈុតទាំងអស់នេះ គឺបានរំលេចពណ៌ផ្សេងៗពីគ្នាតាមថ្ងៃទាំង៧ ហើយអ្នកទាំងនោះក៏នាំយកទេយ្យទាន និង ចង្ហាន់បិណ្ឌបាត្រទៅរៀងៗខ្លួនផងដែរ ទើបធ្វើអោយសកម្មភាពទៅវត្តឆ្នាំនេះ រំលេចឈុតប្រពៃណីស្រស់បំព្រង ដែលមិនខុសពីរួមគ្នាអភិរក្សឈុតប្រពៃណីខ្មែរ ក្នុងរដូវខែភ្ជុំ។