នៅទីបំផុត បានក្លាយជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍មួយ បន្ទាប់ពីម្ចាស់អាជីវកម្មជាលក្ខណៈគ្រួសារ គឺម្ជូរវត្តភ្នំ១៦៨ ស្រាប់តែត្រូវបានអគ្គនាយករងក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប សម្រេចចុះកិច្ចព្រមព្រៀងជាមួយ (MOU) ខណៈដែលពិធីដែលបានធ្វើឡើងនេះ បានបង្ហាញពីការឈានឡើងកាន់តែច្បាស់ពីអាជីវកម្មដែលធ្លាប់តែមានលក្ខណៈបែបសាញ្ញមួយនេះ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ មុននេះ នៅសណ្ឋាគារបៃតងនៅបឹងកេងកង រវាងលោកស្រី លាភ ដាណេ ជាម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ និង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ដែលគេស្គាល់ថាគឺជាអគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប និង ជា President របស់ក្រុមហ៊ុន LFB Trading Co., Ltd ដែលជាក្រុមហ៊ុនឯកទេសលើការកែច្នៃចំណីអាហារ។
លោកស្រី លាភ ដាណេ បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងនេះ គឺបន្ទាប់ពីអ្នកមានឥទ្ធិពលក្នុងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប គឺលោកបណ្ឌិត្យ តាំង មុនីវណ្ណ មើលឃើញពីការវិវត្តន៍ខ្លួនរបស់អាជីវកម្មរបស់លោកស្រី ហើយមានបំណងចង់ជួយជំរុញ មុខជំនួញរបស់ស្ត្រីមួយនេះ អោយក្លាយជាមុខជំនួញឈានមុខ។ លោកស្រីថា ក្រោយ MOU ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ នឹងក្លាយជាដៃគូដ៏សំខាន់ ក្នុងការធ្វើអោយសហគ្រាសម្ជូរវត្តភ្នំ១៦៨ ក្លាយជាក្រុមហ៊ុនស្ដង់ដារធំមួយ ដោយកែប្រែទាំងការវិចខ្ចប់ និង កែប្រែទាំងរបៀបលក់ដូរទាំងឡាយ ដើម្បីអោយក្លាយជាស្ដង់ដារមួយ។
ការចាប់ដៃនេះ មានគោលបំណងតែមួយគត់ គឺធ្វើអោយអាជីវកម្មម្ជូរវត្តភ្នំ១៦៨ អាចនាំចេញបាន និង អាចលក់ Franchise បាន ដើម្បីជួយអោយមុខរបរមួយនេះ ក្លាយជាមុខរបរដែលអាចរកចំណូលបានខ្ពស់ និង ក្លាយជាអាជីវកម្មឈានមុខ។ ក្នងនោះក៏ដើម្បីលើកម្ពស់ដល់ការងារស្ត្រី និង ដើម្បីកែប្រែអាជីវកម្មដែលគេធ្លាប់តែគិតថាសាមញ្ញ អោយក្លាយជាអាជីវកម្មស្ដង់ដារ ដែលអាចនាំចេញបាន តាមរយៈការជ្រោមជ្រែងរបស់ ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ដែលជាអគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដ៏មានឥទ្ធិពលផ្នែកជំនួញនេះផងដែរ។







