បន្ទាប់ពីបានចំណាយពេលផលិតអស់មួយរយៈធំ នៅទីបំផុតភាពយន្តចម្រៀងដែលមានចំណងជើងថា”ជីវិតក្មេងវត្ត” ដែលជាសាច់រឿងដកស្រង់ពីជីវិតរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានបើកសម្ពោធយ៉ាងកក្រើក ដោយមានវត្តមានថ្នាក់ដឹកនាំ គណអធិបតី និង សិល្បករចូលរួមប្រមាណជា២០០០នាក់។ ពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២២ នៅសាលមហោស្របក្រសួងដែនដី និង នគររូបនីយកម្ម ក្រោមវត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង ថ្នាក់ដឹកនាំជាច្រើនទៀត គណអធិបតី។សមិទ្ធិផលដែលចំណាយការផលិតអស់ជាង១សែនដុល្លារ ដោយមិនរាប់បញ្ចូលការជ្រោមជ្រែងផ្សេងៗមួយនេះ គឺជាស្នាដៃក្រោមការផលិតរបស់លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បករស្ម័គ្រចិត្តជួយសង្គម និង លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករកម្ពុជា ក្រោមការដឹកនាំសម្ដែង ដោយផលិតករល្បីឈ្មោះ គឺលោក ហ្វៃ សំអាង។

ក្នុងពិធីបើកសម្ពោធដ៏កក្រើកនោះ គេឃើញស្នាដៃចម្រៀងភាពយន្តរឿង”ជីវិតក្មេងវត្ត” ទទួលបានការសរសើរយ៉ាងខ្លាំង ដោយស្នាដៃនេះត្រូវបានសម្រិតសម្រាំង និង ត្រូវបានគេចាត់ទុកថាគឺជាកម្រងជីវិតតស៊ូដែលពោរពេញដោយរយលានអត្ថន័យ ដើម្បីជាការពញាក់អារម្មណ៍ស្រទាប់មហាជន អោយមើលឃើញពីតម្លៃនៃការតស៊ូ និង កុំបាក់ទឹកចិត្ត។ នៅក្នុងពិធីនោះ គេឃើញវត្តមានសិល្បករសិល្បការិនីចូលរួមស្ទើរតែកក្រើកប្រទេសតែម្ដង ដោយមានទាំងសិល្បករជើងចាស់ជើងថ្មី និង គ្រប់ទម្រង់។ ពិធីនេះ ក៏ត្រូវបានគេចាត់ទុកថា គឺជាផ្សារភ្ជាប់អ្នកសិល្បៈគ្រប់ជំនាន់និងថ្នាក់ដឹកនាំ ដែលមានលក្ខណៈជាទ្រង់ទ្រាយធំប្រចាំឆ្នាំផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់ វត្តមានសិល្បករសិល្បការិនីកម្ពុជា គឺមានការចូលរួមរហូតដល់៥រយនាក់ ដោយក្រៅពីនោះគឺជាវត្តមានថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដែលសរុបចំនួនគឺមានរហូតដល់២០០០នាក់។


លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលជាអ្នកផលិតបានលើកឡើងថា ភាពយន្តចម្រៀងនេះ បានចំណាយការផលិតអស់រហូតដល់ ១២ម៉ឺនដុល្លារ និង ជួបនូវផលវិបាកជាច្រើន ជាពិសេសការស្វែងរកទីតាំង ការស្វែងរកតួអង្គ ឧបសគ្គដោយភ្លៀង និង កក្កតាជាច្រើនទៀត។ ចម្រៀងភាពយន្តនេះ ត្រូវបានថតភាគច្រើន នៅវិទ្យាល័យឥន្ទ្រទេវី និង តំបន់ភ្នំជាច្រើនទៀត ហើយស្នាដៃនេះចំណាយជុត១ឆ្នាំ និង ជាស្នាដៃដែលបានដកស្រង់ និង មានការឆ្លងយោបល់ពីថ្នាក់ដឹកនាំ ពោលគឺពីសម្ដេចតេជោដោយផ្ទាល់ ដើម្បីអោយស្នាដៃនេះកាន់តែល្អ។ លោកជំទាវក៏បានកោតសរសើរចំពោះការលះបង់ដ៏ច្រើនរបស់តួសម្ដែង ដើម្បីធ្វើអោយកម្រងចម្រៀងភាពយន្តនេះ លេចចេញជាលទ្ធផលល្អ០តខ្ចោះដូចដែលបានឃើញនេះ។ លោកជំទាវក៏ប្រកាសថា នឹងបន្តផលិតស្នាដៃចម្រៀងជាច្រើនទៀត របស់សម្ដេចតេជោ ដើម្បីជាការគោរពដល់ពលិកម្មរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here