ម៉ូលីកា និងស្វាមីនាងលោកហុង មានុណ រួមទាំងប្អូនស្រីនាងបានយកថវិការនិងសម្ភារៈមួយចំនួនទៀតទៅចែកអំណោយដល់លោកតាធាក់ស៊ីក្លូនិងពលរដ្ឋក្រីក្រចំនួនដល់ទៅ៥០០នាក់ ដែលពិធីនោះរៀបចំនៅមុខវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២២ ។គ្រាន់តែចុះពីលើរថយន្ដទំនើបម៉ាក Ferrari-488GTB ព័ណក្រហមដែលមានតម្លៃដល់ទៅ350000ដុល្លារនោះម៉ូលីកា និងស្វាមីនាងត្រូវបានលោកតាស៊ីក្លូ និងពលរដ្ឋដែលក្រីក្ររងចាំដោយស្នាមញញឹម ហើយថៅកែក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះបានដើរជូនស្រោមសំបុត្រទៅលោកតាស៊ីក្លូ និងប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតជីវភាពនោះម្នាក់ម្ដងៗដែលធ្វើឲ្យអ្នកដំណើរតាមផ្លូវសរសើរមិនដាច់ពីមាត់នូវទឹកចិត្តសប្បុរសធ័មរបស់អតីតតារាចម្រៀងរូបស្រស់នេះ។
ម៉ូលីកា បាននិយាយថានាងបានចែកជូននូវថវិការនិងសម្ភារៈមួយចំនួនទៀតដល់លោកតាស៊ីក្លូនិងបងប្អូនជួបការលំបាកជីវភាពសរុបចំនួន៥០០នាក់ ហើយសកម្មភាពបែបនេះមិនមែនជាលើកទី១ឡើយ តែជាញឹកញាប់មកហើយ ខណៈដែលមុនផ្ទុះកូវីដ នាងក៍ធ្លាប់បានយកអំណោយមួយចំនួនជូនដល់លោកតាធាក់ស៊ីក្លូ ដើម្បីសម្រួលដល់ពួកគាត់បានដោះស្រាយបញ្ហាជីវភាពបានរយៈពេលខ្លីដែរ។ម៉ូលីកា ថាពីមុនរូបនាងធ្លាប់ រស់នៅជីវភាពខ្វះខាតលំបាក ហើយអ្នកណាៗក៍ដឹងថានាងផ្ដើមចេញរកស៊ីលក់ជ្រក់ជើងមាន់តាមOnline ត្រឹមតែដើមទុន ៣០០ដុល្លារ រហូតមានជីវភាពធូធារដូចពេលនេះដោយសារបងប្អូនគាំទ្រនូវក្រុមហ៊ុនឬផលិតផលរបស់នាង ហេតុនេះហើយនាងនឹងបន្ដសកម្មភាពសប្បុរសធ័មតទៅមុខទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបានតាមរយៈ”វប្បធ័មចែករំលែក”។
គូររំលឹកថាក្រៅពីចែកទានដល់លោកតាប្រកបរធាក់ស៊ីក្លូនោះម៉ូលីកា ក៍ធ្លាប់ជួយដល់តារាចាស់ជរាមួយចំនួនដែលគ្មានទីពឹង រួមទាំងពលរដ្នក្រីក្រមួយចំនួនទៀតនៅតាមបណ្ដារខេត្តផ្សេងៗផងដែរ។ទឹកចិត្តសប្បុរសធ័មរបស់នាងបែបនេះហើយទើបធ្វើឲ្យម៉ូលីកា ទទួលបានការគាំទ្រពីមហាជនធ្វើឲ្យក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) កាន់តែរីកធំទៅមុខជាលំដាប់ ហើយនាងផ្លាស់ប្ដូរជីវភាពដូចមេឃនិងដីបើប្រៀបធៀបពេលនេះនិងពីមុន។កាលពីពេលថ្មីៗនេះអតីតតារាRock រូបនេះបានទិញរថយន្ដទំនើបដល់ទៅ២គ្រឿងក្នុងពេលកៀកគ្នានោះគឺរថយន្ដទំនើបម៉ាកEscalate ដែលមានតម្លៃជិតកន្លះលានដុល្លារ និងរថយន្ដលំដាប់សេដ្ឋីជិះម៉ាក Ferrari-488GTB តម្លៃ350000ដុល្លារ បន្ថែមពីលើរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។
លោកហុង មានុណ ស្វាមីរបស់ម៉ូលីកា បានថ្លែងថាលោកពិតជាមានអារម្មណ៍រីករាយដែលបានចូលរួមចែកអំណោយជាមួយភរិយាលោកដល់ពលរដ្ឋទាំង៥០០នាក់ ហើយលោកនៅតែបន្ដគាំទ្រនិងនៅពីក្រោយជានិច្ចចំពោះភរិយាលោកដែលធ្វើទាននាពេលខាងមុខតទៅទៀត តាមលទ្ធភាពដែលមាន។លោកមានុណ ក៍បានប្រាប់ដែររឿងម៉ូលីកា ទិញរថយន្ដទំនើបឲ្យលោកជិះនោះដោយលោកថាមិននឹកស្មានថាឧត្តមភរិយាលោកអាចបំពេញក្ដីស្រម៉ៃលោកបានទើបលោករំភើបរហូតស្រក់ទឹកភ្នែក។ តារាសម្ដែងរូបសង្ហាររូបនេះបន្ថែមថាលោកមានតែតាំងចិត្តថានឹងបន្ដចាប់ដៃគ្នាជាមួយភរិយាប្រឹងប្រែងក៍សាងសុភមង្គលនិងរកស៊ីឲ្យកាន់តែរីកចម្រើនថែមទៀត។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាសកម្មភាពសប្បុរសធ័មរបស់ម៉ូលីកា និងស្វាមីនាងជាគំរូល្អមួយទៀតសម្រាប់តារាឬមហាជនដែលមានជីវភាពធូធាហើយចេះចែករំលែកដល់ជនក្រីក្រ ព្រោះពួកគេនឹងទទួលបានការស្រលាញ់ពីជនរួមជាតិនិងសង្គមកាន់តែច្រើនជាក់ជាមិនខាន៕










