មិនខុសពីលោកបណ្ឌិត្យឧកញ៉ា យ៉ន សេងហាន កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០២២ លោក លី សីហនន្ទ ដែលត្រូវបានគេស្គាល់ថា គឺជាអគ្គនាយកក្រុមហ៊ុន NSZ World ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រីមជួយព្យាបាលចរន្តឈាម និង ផលិតផលសុខភាពល្បីឈ្មោះម្នាក់ ក៏ទទួលបានសញ្ញាប័ត្រកិត្តិយស នៅក្នុងព្រឹត្តិការណ៍សម្ព័ន្ធមេត្រីភាពអាស៊ាន ដែលមានអ្នកជំនួញឆ្នើមៗ មកពីតំបន់អាស៊ាន និង ជាកម្មវិធីដែលរៀបចំឡើងនៅប្រទេសថៃនោះដែរ។ សញ្ញាប័ត្រដែលលោកទទួលបាន គឺជាសញ្ញាប័ត្រអាជីវកម្ម និង ជាសញ្ញាប័ត្រដែលបាន បន្ទាប់ពីមានការវាយតម្លៃថា លោកគឺជាអ្នកជំនួញខ្លាំង។
ពិធីនេះ មានការចូលរួមពីអ្នកជំនួញឆ្នើមៗ ជាច្រើនរូបនៅក្នុងតំបន់អាស៊ាន ខណៈដែលការទទួលបានរបស់លោក ក៏ជាមុខមាត់មួយក្នុងនាមជាអ្នកជំនួញកម្ពុជា ហើយក៏កាន់តែធ្វើអោយគេមើលឃើញពីសន្ទុះអាជីវកម្មដ៏ខ្លាំងរបស់លោកផងដែរ បន្ទាប់ពីលោកបានកែប្រែអាជីវកម្មបណ្ដាញរបស់ក្រុមហ៊ុន NSZ World អោយឈានមុខមួយនៅតាមបណ្ដាប្រទេសមួយចំនួន។ លោក លី សីហនន្ទ ឬ លី ស៊ីនន្ទ ទើបតែបានត្រលប់មកកាន់កម្ពុជាវិញកាលពីថ្ងៃទី១៦ តុលា ប៉ុណ្ណោះ ដោយដំណើរមកដល់របស់លោកក៏មានការស្វាគមន៍ ពីក្រុមការងារ និង ពីក្រុមគ្រួសារនៅឯព្រលាន។ មានការលើកឡើងថា នេះគឺជាមោទនភាពមួយដែលលោកអាចធ្វើបាន ហើយក៏ចាត់ទុកថា គឺជាគំរូសម្រាប់អ្នកជំនួញផ្សេងទៀត ក្នុងការបង្ហាញពីភាពរឹងមាំ ដើម្បីបោះជំហានទៅរកស្នាដៃដែលមានការទទួលស្គាល់ដូចគ្នានឹងលោក លី ស៊ីនន្ទនៅក្នុងពេលនេះផងដែរ។ យ៉ាងណាមិញលោកថា ខ្លួនមិនទាន់ក្លាយជាមនុស្សជោគជ័យពេញលេញនៅឡើយទេ គឺនៅតែជាមនុស្សត្រូវការសិក្សារៀនសូត្របន្ថែម និងត្រូវប្រឹងប្រែងបន្តទៀត ដើម្បីក្រុមហ៊ុន និង ដើម្បីបុគ្គលិក ក៏ដូចជាដៃគូសហការរាប់មិនអស់ បើទោះជាមានការទទួលស្គាល់ជាអន្តរជាតិ ពីអ្វីដែលលោកបានសាងនៅក្នុងវិស័យជំនួញនៅក្នុងពេលនេះ។