កាលពីរសៀលថ្ងៃទី២៣ តុលា ឆ្នាំ២០២២ តារាចម្រៀង លោក Eno ត្រូវបានអគ្គនាយិកាក្រុមហ៊ុនធំមួយ គឺក្រុមហ៊ុន ស្រីពេជ្រ អេឡិចត្រូនិច គឺលោកស្រី ដួង ស្រីពេជ្រ តែងតាំងជាទូតសុឆន្ទៈ ប្រចាំផលិតផលធុងបាស់ម៉ាក New Star ដែលជាផលិតផលប្រេនមកពីប្រទេសថៃ។ នេះជាការប្រកាសតែងតាំងពេញ១ឆ្នាំ ខណៈដែលលោក អ៊ីណូ និង ម្ចាស់ក្រុមហ៊ុនសុទ្ធតែអះអាងពីមូលហេតុដែលនាំអោយឈានដល់ MOU នេះ។
លោកស្រី ដួង ស្រីពេជ្រ អគ្គនាយិកាក្រុមហ៊ុន Srey Pich Electronic ដែលមានទីតាំងតាមបណ្ដោយផ្លូវ ១៦៩ សង្កាត់វាលវង់ ជិតវិទ្យាល័យបាក់ទូក បានអះអាងថា ក្រុមហ៊ុនរបស់លោកស្រីបាននាំចូលគ្រឿងអេឡិចត្រូនិច ដោយរួមមានធុងបាស់ម៉ាក New Star នៅទីផ្សារកម្ពុជាប្រមាណ១២ឆ្នាំមកហើយ ដោយហេតុផលដែលក្រុមហ៊ុនទើបតែសម្រេចជ្រើសរើស BA គឺដោយសារផលិតផល New Star ស៊េរី២០២២ គឺជាបាស់ដែលមានគុណភាពល្អ មានសំលេងច្រៀងពីរោះ ហើយក្រុមហ៊ុនចង់អោយទីផ្សារផលិតផលមួយនេះ កាន់តែមានការចែកចាយទូលំទូលាយ។ លោកស្រី ថា លោក ENO គឺជាអតិថិជន ដែលតែងតែមកជាវផលិតផលធុងបាស់ម៉ាក New Star ទៅរៀបចំកម្មវិធីដាក់ ប៊ូត និង ជប់លៀងតូចៗ និង នាំមិត្តភ័ក្ត្រមកទិញជារឿយៗមកហើយ ហើយគាប់ជួបជាក្រុមហ៊ុនត្រូវការជ្រើសរើស BA ផង ទើបឈានទៅពិភាក្សា ហើយសម្រេចយកលោកតែម្ដង។ ក្នុងរយៈពេលមួយឆ្នាំនេះ លោក Eno នឹងមានទីធ្វើទីផ្សារ និង ថតប្រូម៉ូតជាឃ្លីប និង ជាវីដេអូផ្សេងៗ ដើម្បីអោយផលិតផលធុងបាស់ New Star កាន់តែមានអ្នកស្គាល់។ យ៉ាងណាមិញលោកស្រីថា ក្រុមហ៊ុនទាំងមូល គឺមានផលិតផលអេឡិចត្រូនិចរាប់មិនអស់ច្រើនផ្សេងទៀត តែលោក Eno នឹងធ្វើជា BA តែលើផលិតផលធុងបាស់ម៉ាក New Star មួយសិនប៉ុណ្ណោះ។
លោក Eno បានថ្លែងបញ្ជាក់ថា ដោយសារតែលោកគឺជាអ្នកផលិតចម្រៀង និង ត្រូវការធុងបាស់ រួមទាំង មេក្រូហ្វូនដើម្បីប្រើប្រាស់ ក្នុងស្ទីឌីយោថតជាប្រចាំ ទើបលោកតែងតែមានតម្រូវការលើផលិតផលនេះជាប្រចាំ។ យ៉ាងណាក៏ដោយ ក្រោយពីសាកល្បងប្រើប្រាស់ផលិតផលធុងបាស់ និង មេក្រូហ្វូន រាប់មិនអស់នៅលើទីផ្សារ ក៏ជាប់ចិត្តនឹងម៉ាក New Star ហើយមកជាវជាប្រចាំរហូតអ្នកលក់ស្គាល់មុខ។ លោកថាភ្ញាក់ផ្អើល ដែលលោកស្រី ដួង ស្រីពេជ្រ បានហៅមកជជែកការងារ ហើយកាន់តែសប្បាយចិត្តថែមទៀត នៅពេលលោកស្រី យល់ព្រមកុងត្រាយកលោកអោយធ្វើជាតំណាង។ លោកក៌បង្ហាញអារម្មណ៏រីករាយផងដែរ ដែលលោកត្រូវបានលោកស្រីជ្រើសតាំងក្នុងនាមអ្នកផ្សព្វផ្សាយផលិតផលពាក់ព័ន្ធនឹងជំនាញដែលលោកបានដឹងជាមុនបែបនេះ។ លោកថា ពេញមួយឆ្នាំនេះ តម្លៃខ្លួនខ្ពស់គួរសម តែសុំមិនបង្ហើបនោះទេ ដោយសារតែនេះជាការលាក់បាំងសម្រាប់តារាសិល្បៈ។