ផលិតកម្ម Sastra film បានសម្ភោធភាពយន្តប្រភេទ GL របស់ខ្លួនហើយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយបើកសម្ពោធបង្អួតភាពយន្ត យ៉ាងអធឹកអធមក្រោមវត្តមានតារាល្បីៗ និង ហ្វេនៗជាច្រើនមកគាំទ្រ។ ភាពយន្តនេះ ប្រកាសលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី២៧ ខែតុលា តទៅ ប៉ុន្តែគេកត់សម្គាល់បានផ្ទុះការគាំទ្ររួចបាត់ទៅហើយ។ ជាក់ស្ដែងនៅក្នុងពិធីបើកសម្ពោធនោះ មិនត្រឹមតែចូលរួមដោយតារាសម្ដែងក្នុងរឿងតែម្យ៉ាងនោះទេ តែក៏មានវត្តមានតារាល្បីៗ និង ហ្វេនៗចូលរួមផងដែរ។

លោកស្រី ប៊ុន ចាន់និមល ជាផលិតករ និង ជាអគ្គនាយិការផលិតកម្មSastra filmបានបង្ហាញនូវក្ដីរំពឹងខ្ពស់យ៉ាងខ្លាំង បន្ទាប់ពីមើលឃើញពីសន្ទុះចាប់អារម្មណ៍ចំពោះភាពយន្តប្រភេទ GL(ស្រីស្រលាញ់ស្រី) របស់ខ្លួនមួយនេះ។ ការផលិតភាពយន្តនេះឡើង ក៏ដើម្បីចូលរួមលុបបំបាត់នូវការរើសអើង ដែលធ្លាប់កើតឡើងចំពោះមនុស្សស្រីស្រលាញ់ភេទដូចគ្នាផងដែរ។ លោកស្រីថា នេះជាភាពយន្តដែលដាក់បញ្ចាំងត្រូវចំបរិបទ ហើយលោកស្រីមានសង្ឃឹមយ៉ាងមុតមាំថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រខ្លាំង ដោយផ្អែកថា ផលិតកម្មរបស់លោកស្រី ក៏បានផលិតរឿងប្រភេទBL (ប្រុសស្រលាញ់ប្រុស)ទទួលបានកាគាំទ្រខ្លាំងរួចមកហើយដែលដាក់បញ្ចាំងនៅលើ App Sastra Film និងបានផលិតខ្សែភាពយន្តល្អៗជាច្រើនទៀតដើម្បីអោយមហាជនលោកមានទំនុកចិត្ត ស្ទើរតែគ្រប់ស្នាដៃផង។ ភាពយន្តនេះ នឹងត្រូវបានចាត់ទុកថា គឺជាស្នាដៃធំរបស់ផលិតកម្ម Sastra filmដែលនិយាយពីសាច់រឿងរៀបរាប់ពីមនោសញ្ចេតនារវាងតួអង្គស្រីស្អាត២នាក់ ដែលជាការបង្ហាញនូវបរិយាកាសថ្មី បើធៀបនឹងភាពយន្តកន្លងមករបស់ផលិតកម្មផងដែរ។ លោកស្រីកាន់តែរំភើបនៅពេលពិធីសម្ពោធភាពយន្តមួយនេះ មានការចូលរួមយ៉ាងកុះករ ដែលបង្ហាញថា ក្រៅពីហ្វេនៗ គឺតារាសិល្បៈ និង ភ្ញៀវកិត្តិយស ក៏ចាប់អារម្មណ៍ខ្លាំងនូវស្នាដៃមួយនេះ។ ផលិតកម្មក៏នឹងគម្រោងផលិតស្នាដៃ អោយកាន់តែល្អនាពេលបន្តបន្ទាប់ផងដែរ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។ ភាពយន្តនេះ ក៏មានបង្កប់នូវឈុតស្នេហារ៉ូមេទិចជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here