Miss Grand តំណាងឱ្យកម្ពុជា ចូលប្រកួតក្នុងកម្មវិធី Miss Grand International ច្រើនរូបមកហើយ ចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ ជាមួយបវរកញ្ញាដែលមានទាំងរូបសម្រស់ សមត្ថភាព ចំណេះដឹង និង ភាពជឿជាក់គ្រប់ជំនាន់។ ថ្ងៃនេះ នឹងបង្ហាញមុខបវរកញ្ញាតំណាងកម្ពុជាចំនួន ៦ ជំនាន់ ដែលបានចូលរួមប្រកួតកម្មវិធីអន្តរជាតិដ៏អស្ចារ្យនេះ ហើយបានបង្ហាញសមត្ថភាពលើឆាកបានយ៉ាងល្អ និង ទទួលបានពានត្រឡប់មកមាតុភូមិវិញទៀតផង។
នូ ទឹមស្រីនាថ ជាម្ចាស់ជ័យលាភី Khmer Supermodel ឆ្នាំ ២០១៤ ដែលនាងត្រូវបានជ្រើសតាំងជា Miss Grand តំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss Grand International ២០១៤ នៅប្រទេសថៃ ដែលនាងបានឈ្នះពានបវរកញ្ញាដែលមានប្រជាប្រិយភាពជាងគេតាមរយៈការបោះឆ្នោត គឺពាន «Popular Votes»។
ខ្លឹម ស្រីគា ជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០១៧ ដែលកញ្ញាបានតំណាងកម្ពុជាទៅប្រកួត Miss Grand International ឆ្នាំ ២០១៧ នៅប្រទេសវៀតណាម។ កញ្ញាក៏បានបានឈ្នះពានត្រឡប់មកកម្ពុជាវិញផងដែរ គឺពាន «Grand Pageant’s Choice Award»។
ឌី លីកា ជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០១៨ ដែលបានតំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss Grand International ក្នុងឆ្នាំ ២០១៨ ដែលប្រព្រឹត្តនៅប្រទេសមីយ៉ាន់ម៉ា។ បវរកញ្ញារូបនេះ ក៏បានឈ្នះពាន «Grand Pageant’s Choice Award» ដែលជាពានទទួលបានតាមរយៈការបោះឆ្នោតផងដែរ។
លីវ ជីលី Miss Grand Cambodia ២០២០ បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International ២០២០ នៅប្រទេសថៃ ក្នុងអំឡុង ខែមីនា ឆ្នាំ ២០២១ ដែលនាងបានឈ្នះពានរង្វាន់ចំនួនពីរ គឺពាន «Grand Pageant’s Choice Award» និង ពាន «Country’s Choice of The Year» តាមរយៈការទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោម Miss Grand ទាំង ៦៣ ប្រទេស។ ដោយចំពោះការទទួលបានពានរង្វាន់ «Country’s Choice of The Year » នេះដែរ គឺនាងបានឱកាសឈានជើងចូលដល់ Top ២០ ដោយស្វ័យប្រវត្តិផងដែរ។
ប៉ូគឹមថេង សុតធីតា Miss Grand Cambodia ២០២១ ដែលបានតំណាងកម្ពុជាទៅចូលរួមប្រកួត Miss Grand International ២០២១ នៅប្រទេសថៃ ឆ្នាំ ២០២១ ដោយរូបនាងបានឈ្នះពានរង្វាន់បវរកញ្ញាដែលមានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោមបវរកញ្ញា ៥៩ ប្រទេស គឺពាន «Popular Votes» តាមរយៈការបោះឆ្នោតពីមហាជន។ ដោយពានរង្វាន់នេះ បានធ្វើឱ្យនាងអាចឈានជើងចូលដល់ Top កំពូល ១០ នាក់ចុងក្រោយដោយស្វ័យប្រវត្តិផងដែរ។
Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបតែបញ្ចប់ បេសកកម្មតំណាងប្រទេសចូលរួមប្រកួត Miss Grand International ២០២២ នៅប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះ ដោយកញ្ញាកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរសែនរំភើបចិត្ត និង មានមោទកភាពយ៉ាងខ្លាំងជាមួយនឹងការបង្ហាញការខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពប្រកួតលើឆាកអន្តរជាតិនេះបានយ៉ាងល្អខ្លាំង ដែលអាចឈានជើងចូលដល់ Top ១០ ដោយសមត្ថភាព និង ទទួលបានកមុដជាជ័យលាភីលំដាប់រងទី ៥ នៃកម្មវិធី Miss Grand International ២០២២ ផងដែរ៕
នេះជាគម្រូមួយសម្រាប់ រលកក្រោយដែល ចង់ដើរផ្លូវនេះ ឆ្ពោះដណ្តើម ប្រជាប្រិយភាព ហើយត្រូវពង្រឹងសមត្ថភាព ទាំងភាសា កិរិយាមាយាទផ្សេងៗ ព្រោះយើងរកបានចំនុចប្រសើរលើ ឆាកអន្តរជាតិ ដែលកម្ពុជាឆ្ពោះទៅមុខ លើវិស័យនេះ យ៉ាងលឿនលើវិស័យ បវរកញ្ញា។