សឿ សុធារ៉ាបាន អរគុណសប្បុរសជន ជាច្រើន បានជួយនាងក្នុងគ្រាលំបាក ហើយយល់ទុក្ខមួយនេះ។ នាងអស់ពីខ្លួនហើយ ដោយសល់តែជីវិតព្រោះផ្ទះដែលនៅ គឺលក់អោយគេអស់ហើយ ។ ម្ចាស់ថ្មីគេអាណិតអោយនៅសិនមិនទាន់អោយរើ ព្រោះយល់ថាលំបាក និងយល់ចិត្តយើងទាល់។ អ្នកនាង បានស្នើអោយម្ចាស់ផលិតកម្មនិងអ្នករៀបចំកម្មវិធីផ្សេងៗ ជួយជួលនាងចករៀងផង ដើម្បីបានប្រាក់។
តារាសម្តែងដ៏ល្បីអ្នកនាង សឿ សុធារ៉ា កំពុងតែជួបទុក្ខធំ ដោយម្តាយបង្កើតរបស់នាងបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ ម្តាយរបស់តារារូបនេះកំពុងតម្កល់ធ្វើបុណ្យនៅវត្តវិហារត្រាញ់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងក្តីសោកសង្រែក និងអាឡោះអាល័យយ៉ាងខ្លាំង។
អ្វីដែលធ្វើអោយមហាជនមិនគួរអោយជឿនោះ ក្រោយជួបទុក្ខធំនាពេលនេះអ្នកនាង សឿ សុធារ៉ា ស្ទើតែគ្មានលុយគ្រប់គ្រាន់សម្រាប់រៀបចំពិធីបុណ្យសពជូនម្តាយរបស់ខ្លួននាពេលនេះឡើយ ដោយសារអ្មកនាងកំពុងធ្លាក់ខ្លួនដុនដាបរឿងលុយកាក់នេះ។
បើយោងតាមការបញ្ជាក់ពីលោក សាវីន ហ្វីលីព ដែលបានទៅជួបផ្ទាល់ជាមួយអ្នកនាង សឿ សុធារ៉ា នោះ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា តារាស្រីរូបនេះកំពុងតែជួបទុក្ខផ្ទួនៗ ដោយម្តាយបានទទួលមរណភាព ខណះពេលដែលនាងកំពុងជួបវិបត្តិថវិកាដែលធ្វើអោយនាងធ្លាក់ខ្លួនដុនដាបខ្លាំង។
សឿ សុធារ៉ា បានរស់នៅស្ពាយឈ្មោះមេម៉ាយកូន២ បន្ទាប់ពីអ្នកនាងបានសម្រេចចែកផ្លូវគ្នាជាមួយអតីតស្វាមីគឺលោក សាពូន មីដាដា។ក្រោយការលេងលះគ្នានោះនាងបានខិតខំពុះពារចិញ្ចឹមកូន និងម្តាយចាស់ជរា ខណះពេលដែលនាងក៏កំពុងវណ្ឌកជាមួយបំណុលតុងទីនផងដែរ។ទោះជាយ៉ាងណា ដំណឹងអកុសល្យសម្រាប់មរណភាពម្តាយរបស់នាងនាពេលនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងក្តីរន្ធត់ និងចូលរួមរំលែកទុក្ខដល់រូបនាង និងបានសុំអោយនាងមានភាពរឹងមាំចំពោះរឿងរ៉ាវដែលបានកើតឡើងនាពេលនេះផងដែរ៕