ដូចការគ្រោងទុកនៅទីបំផុតកញ្ញាឯកតំណាងកម្ពុជា ឆន ស្រីណេត បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេសុីហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងបេសកម្មប្រកួតប្រជែងដណ្តើមម្កុដនៃកម្មវិធីបវរកញ្ញាទេសចរណ៍អន្តរជាតិ។
បេក្ខនារីដែលមានដើមកំណើតនៅកម្ពុជាក្រោមរូបនេះបានបង្ហាញនូវភាពជឿជាក់យ៉ាងខ្លាំងសម្រាប់ការចេញប្រកួតជាលក្ខណះអន្តរជាតិនាពេលនេះ ខណះពេលដែលនាងក៏ជាបេក្ខនារីជាប់លំដាប់រងទី១នៃកម្មវិធី Miss Universe Cambodia 2021ផងដែរ។
បើតាមគម្រោងកូនខ្មែរកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត សម្រាប់ការចាកចេញទៅចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាទេសចរណ៍ដែលរៀបចំធ្វើ នៅឯប្រទេសម៉ាឡេស៊ី នាពេលនេះកញ្ញា នឹងនាំយកឈុតអប្សរា និងក្បាច់គុណល្បុកតោ យកទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ ។
យ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាផ្តល់កម្លាំងចិត្ត និងជូនពរអោយ ឆន ស្រីណេត ទទួលបានជោគជ័យ និងនាំមុខមាត់ប្រទេសជាតិបង្ហាញនៅលើឆាកអន្តរជាតិ។
ជាការកត់សម្គាល់កញ្ញា ឆន ស្រីណេត គឺជាបេក្ខនារីដំបូងគេបង្អស់ដែលមកពីទឹកដីកម្ពុជាក្រោម ដែលបានសម្រេចដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជា២០២១ (Miss Universe Cambodia 2021) ខណះពេលការប្រកួតនេះនាងបានជាប់លំដាប់រងទី១។
ឆន ស្រីណេត មានអាយុ២៤ឆ្នាំកើតនៅភូមិមេរង ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ប៉ុន្តែឪពុកម្ដាយរបស់នាងជាជនជាតិខ្មែរ។ បច្ចុប្បន្ននាហជាគ្រូបង្រៀនក្បាច់ហាត់ប្រាណនិងជាអ្នកបង្ហាញម៉ូត(Freelance)នៅរាជធានីភ្នំពេញ។