ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅស្ទីឌីយោទូរទស្សន៍កងយោធពលខេមភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពិស) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឈានដល់សប្ដាហ៍ទី៨ហើយ ដែលក្នុងនោះមានគូពិសេសចំនួន២គូ ខណៈដែលការប្រកួតលក្ខណៈអន្ដរជាតិមានដល់ទៅ៣គូ ហើយអ្វីដែលគូរឲ្យកត់សម្គាល់កីឡាករជម្រើសជាតិកម្ពុជាទាំង៣បានផ្ដួលគូប្រកួតមកពីថៃនិងឡាវឲ្យបោះបង់គូប្រកួតដូចគ្នាក្នុងនោះគឺគូអន្ដរជាតិទី២៖បង្គោលក្រហមកកីឡាករឡៅ សៃណេត មកពីក្លឹមបញ្ជាការដ្ឋានពិសេស សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៥១ គ.ក្រ បានយកឈ្នះនៅទឹកទី៤ទៅលើកីឡាករបង្គោលខៀវជម្រើសជាតិឡាវ FANG KHUNG LEK (Laos) ,គូអន្ដរជាតិទី៣៖បង្គោលក្រហមប៊ន ពន្លក មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៥១.គ.ក្រ បានផ្ដួលបង្គោលខៀវកីឡាករPHET NAKHORN (Thailand) នៅទឹកទី៤ដែរ ខណៈដែលគូអន្ដរជាតិទី៤៖កីឡាករបង្គោលក្រហមខាំ ខ្លានាង មកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់ ៥៤ គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវជម្រើសជាតិឡាវ CHAV FANG KHUNG (Laos) ត្រឹមទឹកទីទី១ប៉ុណ្ណោះ។
សម្រាប់ការប្រកួតសប្ដាហ៍នេះមិនមានគូដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ដូចសប្ដាហ៍មុនៗនោះទេព្រោះកាលពីសប្ដាហ៍ទី៧យើងរកឃើញកីឡាករ៤រូបបានឡើងទៅវគ្គផ្ដាច់ព្រ័តរួចជាស្រេចក្នុងនោះកីឡាករឃីម បូរ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយកីឡាករឈុត សេរីវ៉ាន់ថង ខណៈដែលកីឡាករវ៉ាន់ វឿន នឹងប្រកួតដណ្ដើមយកលេខ៣ជាមួយកីឡាករសូត្រ វាសនា ដែលកម្មវិធីពិសេសនោះនឹងរៀបចំនៅខេត្តសៀមរាប នៅចុងខែវិច្ឆិការឆ្នាំ២០២២ ខាងមុខនេះហើយ ខណៈដែលទស្សនិកជនដែលតែងតែមកទស្សនាណែនពេញស្ទីឌីយោប៉ុស្ដិ៍លេខ៥ នោះកំពុងតែរងចាំមើលថាតើកីឡាកររូបណាទៅដែលនឹងគ្រងខ្សែក្រវាត់ ហើយជាម្ចាស់រង្វាន់ផ្ទះវីឡារតម្លៃជាង១០ម៉ឺនដុល្លារ?
សូមបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទទម្ងន់៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់ដែលនឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះឧបត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។