តារាចម្រៀង តន់ ច័ន្ទសីម៉ា កំពុង តែទទួល បាននូវ ប្រជាប្រិយភាព យ៉ាងគាប់ប្រសើរ ក្រោយពេលនាង សម្រេចចិត្ត មកកាន់ ផលិតកម្ម ហ្គាឡាក់សុី។ ក្រោយផ្ទុះ បទចម្រៀង បន្តបន្ទាប់នាង មិនដែលនឹកស្រម៉ៃថា វិថីសិល្បៈនាង មានជំហានល្អ និងស្នាមញញឹមបែបនេះទេ។
តន់ ច័ន្ទសីម៉ា ជាអ្នកខេត្តតាកែវ ដែលចេះច្រៀងតាំងពី នៅរៀនវិទ្យាល័យ។ ជាក្មេងស្រីអណ្តែត ត្រសែត តាមនិស្ស័យស្រឡាញ់សិល្បៈ ចេះតែមកដាក់ពាក្យប្រឡងតាមកម្មវិធីទូរទស្សន៍ នានា។ គេចាំបានដំបូង នាង ប្រឡងកម្មវិធី«សំនៀងចែងចាំង»នៅសុីធីអិន ។ លុះប៉ុន្មានឆ្នាំក្រោយប្រឡង កម្មវិធីឌឹវ៉យ មានភ័ព្ទល្អ ឆ្លងចូលវគ្គឡាយសូ បានប៉ុន្មានសប្តាហ៍អោយគេស្គាល់។ ឆ្លងចូលផលិតកម្មថ្មី សីម៉ា ស្រាប់តែ មហាជនលើកឡើងថា សំឡេងច្រៀងនាង ពិរោះមិនធម្មតា គ្រាន់តែមិនមានអ្នកច្នៃ។ លុះយឹម តាស្រង់ ដឹងពីភាពល្អ ច្នៃមួយប្រាវ សីម៉ាឡើងកប់ប៉ុន្មានខែនេះ។
តន់ ច័ន្ទសីម៉ា លើកបញ្ជាក់ថា វិថីចម្រៀងនេះ មិនដែលគិតថា អាចមានចំនុចនេះឡើយ។ ពីមុនច្រៀងធម្មតានៅតាមហាងរាប់ឆ្នាំ និងបានឡើងឆាកម្តងម្កាល។ ប៉ុន្តែក្រោយថ្នាក់ដឹកនាំ សម្លឹងពីសមត្ថភាព នាង ប្រែប្រួល ការងារណាស់។ នាងមានតែអរគុណ ខាងថ្នាក់ដឹកនាំ ដែល អោយការងារល្អៗ បទចម្រៀងមានអត្ថន័យចាក់ដោត ច្រៀងត្រូវចិត្តមហាជន ធ្វើអោយគេស្គាល់នាងច្រើនពេលនេះ។