ក្រុមហ៊ុន អាយ អ៊ី បាយ បានសហការណ៍ជាមួយសមាគមសម្ព័ន្ធយុវជនស្មគ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាញសង្គមផ្សព្វផ្សាយពីឱកាសការងារ និងមុខរបរ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ដែលស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីយល់ដឹងពីដំណើរការបដិវត្តន៍ឩស្សាហ៍កម្ម៤.០ ក្នុងយុគ្គសម័យឌីជីថល ។
លោក ជឿង គឹមជាង ប្រធានសមាគមសម្ព័ន្ធយុវជនស្មគ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា បានបញ្ជាក់ថា ក្រុមសម្ព័ន្ធយុវជនស្ម័គចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា បានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ទី១, កិច្ចការងារសង្គម ទី២, ការបណ្តុះបណ្តាលឱ្យយុវជន សិស្ស និស្សិត មានអាជីពជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការរកការងារធ្វើ ទី៣, មុខរបរ គឺជួយរកមុខរបរឱ្យយុវជនសិស្ស និស្សិត ប្រជាពលរដ្ឋ មានការងារធ្វើបានល្អប្រសើរដោយមិនមានការគិតប្រាក់។ ប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា បានបន្តថា គោលបំណងសិក្ខាសាលាថ្ងៃនេះ គឺដើម្បីជាស្មារតីតែមួយ កម្លាំងតែមួយ ក្នុងន័យបង្កលក្ខណៈកាន់តែងាយស្រួល ក្នុងការរកការងារដល់សមាជិកយុវជនស្ម័គ្រចិត្ត សិស្សនិស្សិត និងប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ ហើយមានលទ្ធផលល្អប្រសើរ និង កាន់តែមានប្រសិទ្ធិភាពខ្ពស់ ហើយក៏ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត និងបង្កើនការងារជួយដល់ប្រជាពលរដ្ឋក្នុងស្រុកឱ្យមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ដោយអាចមានអាជីព ជំនាញវិជ្ជាជីវៈច្បាស់លាស់ពិតប្រាកដមួយ អាចជួយខ្លួនឯងបាន ក្រុមគ្រួសារ និងសង្គមជាតិបានផងដែរ។
ក្នុងឱកាសនោះដែរ លោក ឯម ឬទ្ធី ស្ថាបនិកក្រុមហ៊ុន អាយ អ៊ី បាយ បានលើកឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ជូនដល់ សិស្ស និស្សិត បុគ្គលិកស្ថាប័នរដ្ឋ – ឯកជន និងម្ចាស់អាជីកម្មគ្រប់រូប ដើម្បីយល់ដឹងពីដំណើរការបដិវត្តន៍ឩស្សាហ៍កម្ម៤.០ ក្នុងយុគ្គសម័យឌីជីថល។ សម្រាប់ការប្រើប្រាស់បំពេញឲ្យផលប្រយោជន៍លើការសិក្សាស្រាវជ្រាវស្វែងរកព័ត៌មានជាច្រើននៅលើប្រព័ន្ធអ៊ីនធើណែត តាមរយៈកម្មវិធីច្រើនក្នុងទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់អ៊ីនធើណែតជាច្រើនទៀត ដូចជា Smartphone, Computer និងប្រព័ន្ធអេឡិចត្រូនិកដទៃទៀត ដែលជាជំនួយដល់សិក្សារៀនសូត្រទាំងថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ និងការងារមុខរបរអាជីវកម្មជាច្រើនផ្សេងៗទៀត ស្របតាមសម័យកាលទំនើបនាពេលបបច្ចុប្បន្ន និងអនាគត។ លោក ឯម ឬទី្ធ បានបន្តថា ចំពោះអេប អាយ អ៊ី បាយ គឺជាកម្មវិធីទូរស័ព្ទមួយដ៍ទំនើប និងទាន់សម័យសម្រាប់មនុស្សគ្រប់រូប ដែលមានមុខងារច្រើនយ៉ាងនៅក្នុងអេបតែមួយដូចជា ទី១. NewFeed គឺជាមុខងារបណ្ដាញសង្គមដែលអនុញ្ញាតឲ្យលោកអ្នកអាចធ្វើការបង្ហោះរូបភាព ឬវីដេអូ សរសេCaptions ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដ ក្រុមគ្រួសារ និងជជែកកម្សាន្ត ជាមួយមនុស្សជាទីស្រលាញ់បានយ៉ាងងាយស្រួលបំផុត, ទី២. Fun គឺជាមុខងារមួយដែលអនុញ្ញាតឲ្យឱ្យយើងបង្ហោះរូបភាព ឬវីដេអូខ្លីៗ និង Reaction(រេកសិន) រួមទាំងមានមុខងារកម្សាន្តជាច្រើនទៀតសម្រាប់យុវវ័យផងដែរ និងទី៣. Store គឺជាមុខងារផ្សារទំនើប អនឡាញដ៏ធំដំបូងគេដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់រូបអាចបង្កើតហាងឌីជីថល សំរាប់ដាក់លក់ទំនិញរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវតិ្ថភាពខ្ពស់ ទាំងអ្នកលក់ និងអ្នកទិញ ។ App iEBuy(អ៊ីអាយបាយ) គឺជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ វាជាសមិទ្ធផលថ្មីមួយលើវិស័យបច្ចេកវិទ្យាដែលកូនខ្មែរយើងធ្វើបាន ហើយនេះក៏ជាមោទនៈភាពជាតិខ្មែរមួយ ដែលកន្លងមកយើងធ្លាប់តែប្រើប្រាស់Appរបស់បរទេស តែដល់ពេលនេះ កូនខ្មែរយើងអាចបង្កើតបានដែរ ដូច្នេះយើងគួរតែនាំគ្នាមកជួយគាំទ្រ និងលើកស្ទួយទាំងអស់គ្នានៅសេវាកម្មផលិតផលក្នុងស្រុកតាមរយៈនៃការបង្កើតដោយកូនខ្មែរ ដែលជាម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មផងដែរ ។
គួររំលឹកដែរថា ហេតុអ្វីយើងចាំបាត់ត្រូវគាំទ្រផលិតផលក្នុងស្រុក? ពីព្រោះថាបើប្រជាជនយើងទាំងអស់គ្នាងៀកមកចូលរួមជួយគាំទ្រផលិតផលក្នុងស្រុកនោះ ធ្វើសេដ្ឋកិច្ចជាតិកើនឡើង និងចូលរួមជម្រុញឲ្យពាណិជ្ជករក្នុងស្រុកកាន់តែមានលទ្ធភាព ពង្រីកសង្វាក់ផលិតកម្ម ពង្រឹងគុណភាពល្អជាងមុន ។ ទាំងនេះដែលយើងទាំងអស់គ្នាគួរតែចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផល និងស្នាដៃក្នុងស្រុកទាំងអស់គ្នា ដើម្បីសេដ្ឋកិច្ចកម្ពុជាទាំងមូល៕